ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដោយសារ​​​​ខ្វះទាហាន ​អូស្ត្រាលី​​បើក​​ឱ្យ​​ក្រុម​ជន​មិនមែន​ជា​ពលរដ្ឋ​​​ចូល​បម្រើការ​ក្នុង​​ក្រុមយោធា


រូបឯកសារ៖ ទាហាន​គោរព​ក្នុងពិធី Anzac Day នៅ​ឆ្នេរ Coogee ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២៤។ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​អនុញ្ញាត​ឲ្យ​ជន​មិន​មែន​ជា​ពលរដ្ឋ​ចូល​រួម​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន។
រូបឯកសារ៖ ទាហាន​គោរព​ក្នុងពិធី Anzac Day នៅ​ឆ្នេរ Coogee ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២៤។ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​អនុញ្ញាត​ឲ្យ​ជន​មិន​មែន​ជា​ពលរដ្ឋ​ចូល​រួម​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន។

រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​បាន​និយាយ​កាលពីថ្ងៃ​អង្គារទី​៤​ខែ​មិថុនាថា​នឹង​អនុញ្ញាតឱ្យ​ក្រុមជនមិនមែន​ជា​ពលរដ្ឋចូលរួមក្នុង​កងយោធពល​ខ្លួន​ នៅ​ពេល​ប្រទេសជាតិ​នេះ​ដែល​មាន​ប្រជាពលរដ្ឋតិច​ប្រឹងប្រែង​ឱ្យ​បានសម្រេច​គោលដៅនៃការជ្រើសរើស​ទាហាន។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី​លោក​ Richard Marles​ បាន​និយាយថាចាប់ពី​ខែកក្កដាទៅ នឹង​មាន​លក្ខណៈ​វិនិច្ឆ័យ​ធូរ​រលុង​ជាង​មុន​សម្រាប់​ការជ្រើសរើសទាហាន​ដោយ​អនុញ្ញាត​ឱ្យ«​អ្នករស់នៅអចិន្ត្រៃយ៍ដែល​បាន​រស់​នៅអូស្ត្រាលី​១២ខែ»​អាច​បម្រើការក្នុងកង​យោធា​បាន។

លោក​បានបន្ថែម​ថាក្រុមពលរដ្ឋមក​ពីចក្រភព​អង់គ្លេស​ កាណាដា​ នូវ៉ែលហ្សេឡង់​និងសហរដ្ឋ​អាមេរិកគឺ​ជា​ក្រុម​ដែល​រដ្ឋាភិបាល​ចង់បាន។​

ប្រទេសអូស្ត្រាលីមាន​ឆ្នេរ​សមុទ្រវែង ​តែ​មាន​ប្រជាជន​តែ​២៦​លាន​នាក់​ប៉ុណ្ណោះ។​

រដ្ឋាភិបាល​ក្រុងកង់បេរ៉ា​បានបង្កើនចំណាយខាង​ការពារ​ជាតិ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​បានទិញកង​នាវាមុជទឹក ​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​និង​យានយន្ត​ប្រយុទ្ធ​ជា​ច្រើន​គ្រឿងដើម្បីបំពេញ​សេចក្តី​ត្រូវការ​នៅ​ពេល​មាន​ការកើនឡើងនៃ​ភាពតានតឹងក្នុង​តំបន់។

តែ​ប្រទេសនេះ​ប្រឹងប្រែង​ឱ្យ​មាន​អ្នកបើក​យន្តហោះ ​ទាហានជើងទឹក​និង​ក្រុម​ទាហានជើងគោក​ឱ្យ​បាន​គ្រប់គ្រាន់សម្រាប់​ធ្វើ​ប្រតិបត្តិការ​និង​ជួសជុលយុទ្ធោករណ៍​ទាំងនេះ។

ពួកអ្នកជំនាញ​ព្រមាន​ថា​មាន​ជនជាតិ​អូស្ត្រាលី​តែ​បន្តិចបន្តួច​ចូលធ្វើ​ទាហានដើម្បី​តម្រូវ​តាមការតម្រូវបច្ចុប្បន្ន គឺមិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​កង​យោធា​ខ្លាំងសម្រាប់​ពេល​អនាគត​ទេ។

បើតាម​វិទ្យាស្ថាន​គោលនយោបាយ​យុទ្ធសាស្ត្រអូស្ត្រាលី​ថា​កងកម្លាំង​ការពារ​ជាតិ​អូស្ត្រាលីមានទាហាន​តែ​ប្រមាណ​៩​ម៉ឺន​នាក់​ប៉ុណ្ណោះ ​ដោយរួមទាំង​ក្រុម​ទាហាន​បម្រុងផង​ដែរ។

ផ្ទុយពី​នេះ ​ចិន​មាន​យោធា​ប្រមាណពីរ​លាន​នាក់។ លោក Marles បានថ្លែងថា​ការបង្កើន​កង​កម្លាំង​ការពារ​អូស្ត្រាលី​ជា​ការ«ចាំបាច់​ដើម្បីបំពេញសេចក្តី​ត្រូវការ​ទប់ទល់​នឹង​ឧបសគ្គខាង​សន្តិសុខ​ជាតិ​នៅ​ក្នុង​ទសវត្សរ៍​ខាង​មុន​និងហួសពីពេល​នោះ​ទៅ​ទៀត»៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG