ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​ផ្ដល់​ថវិកា​៧​លាន​ដុល្លារ​ក្នុង​គម្រោង​ធារាសាស្ត្រ​នៅ​ខេត្ត​ព្រៃវែង


រូបឯកសារ៖ ប្រឡាយ​ដែល​សង់​ដោយ​ក្រុមហ៊ុន​ចិន នៅក្នុង​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ប្រឡាយ​ដែល​សង់​ដោយ​ក្រុមហ៊ុន​ចិន នៅក្នុង​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ (ស៊ុន ណារិន/VOA)

រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ បាន​ប្រកាស​ប្រគល់​គម្រោង​ស្រោច​ស្រព​ទឹក​ចំនួន៤​​ដល់​សហគមន៍​នានា​ក្នុង​ខេត្ត​ព្រៃវែង​ ដើម្បី​ឲ្យ​កសិករ​ក្នុង​ខេត្ត​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ប្រទេស​កម្ពុជា​ ​មាន​លទ្ធភាព​ទទួល​បាន​ទឹក​ធ្វើ​ស្រែ​ពី​២​ទៅ​៣​ដង​ក្នុង​មួយ​ឆ្នាំ។

រដ្ឋាភិបាល​អូស្ត្រាលី​នៅ​សប្ដាហ៍​នេះ​ បាន​ប្រកាស​ផ្ដល់​ជំនួយ​ឥត​សំណង​ចំនួន​៧លាន​ដុល្លារ​ ដើម្បី​អភិវឌ្ឍន៍​គម្រោង​ធារាសាស្ត្រ​ចំនួន​៤​នៅខេត្ត​ព្រៃ​វែង​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ត​នេះមាន​លទ្ធភាព​ទទួល​បាន​ទឹក​ប្រើប្រាស់​សម្រាប់​ការ​ដាំ​ដំណាំ​ស្រូវ​ពី២​ទៅ​៣​ដង​ក្នុង​មួយ​ឆ្នាំ។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​មួយ​របស់ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ ​ដែល​ VOA​បាន​ទទួល។

អ្នក​តាម​ដាន​ការ​អភិវឌ្ឍ​សង្គម​ខ្មែរ​ លើក​ឡើង​ថា​ រដ្ឋាភិបាល​ខ្មែរ​ ត្រូវ​បង្កើន​យន្តការដោះ​ស្រាយ​បញ្ហា​ប្រឈម​ ​គ្រា​មាន​ការ​ខ្វះ​ទឹក​ប្រើ​ប្រាស់​សម្រាប់​កិច្ចការ​កសិកម្ម​ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ បន្ថែម​លើ​ការផ្ដល់​ជំនួយ​ពី​ប្រទេស​ដៃគូ​អភិវឌ្ឍន៍។

សេចក្ដី​ប្រកាស​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​គម្រោង​ធារាសាស្ត្រ​ចំនួន៤​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​ ត្រូវ​បាន​ផ្ដល់​ជូន​សហគមន៍​ជា​ច្រើន​ក្នុង​ខេត្ត​ព្រៃ​វែង។​

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យដឹង​ថា ​គម្រោង​ទាំង៤​ដែល​ស្ថិត​ក្នុង​ស្រុក​ព្រះស្ដេច​ ពាមជរ កំពង់​ត្របែក​ និង​ពាមរក៍​ ​នឹង​ផ្ដល់​ឲ្យ​គ្រួសារ​កសិករ​ជាង​១.៥០០​គ្រួសារ​ ទទួល​បានទឹក​ស្រោច​ស្រពវិល​ជុំ​រាល់​ឆ្នាំ ដែល​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ដាំ​ដំណាំ​ស្រូវ​ពី២ ​ទៅ​៣​ដង​ក្នុង​មួយ​ឆ្នាំៗ។​

អ្នកស្រី​ Angela Corcoran ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ ត្រូវ​បាន​ស្រង់​សម្ដី​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ក្នុង​ន័យ​ដើម​ថា៖​

«នេះ​ជា​គឺ​ជា​ឧទាហរណ៍​មួយ​ផ្សេង​ទៀត​នៃ​របៀប​ដែល​កម្មវិធី​សហប្រតិបត្តិការ​អភិវឌ្ឍ​របស់​អូស្ត្រាលី​នៅ​កម្ពុជា​ កំពុង​ផ្ដល់​ផលប្រយោជន៍ដែល​មាន​ចិរភាព​ប្រកប​ដោយ​គុណភាព​ខ្ពស់​ដល់​កសិករ​ខ្មែរ»។​

អ្នកស្រី​បាន​ថ្លែង​បន្ថែម​ថា៖​

«ខ្ញុំ​មាន​មោទនភាព​ចំពោះ​កិច្ច​ការ​របស់​អូស្ត្រាលី​ ដើម្បី​ជួយ​គ្រួសារ​ជាច្រើន​ និង​សហគមន៍​នា​នា​នៅ​តាម​តំបន់​ជនបទ​របស់​កម្ពុជា​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ និង​រៀបចំ​ត្រៀម​ដោះស្រាយ​បញ្ហា​ប្រឈម​រយៈពេល​វែង​ជាច្រើន​ ដូច​ជា​កង្វះ​ពលកម្ម​ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ»។​

លោក​បណ្ឌិត​ មាស នី​ ​អ្នកវិភាគ​ស្ថាន​ការណ៍​នយោបាយ​ខ្មែរ​ និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ មានប្រសាសន៍​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​ថា​ ប្រទេស​កម្ពុជា​នៅ​ខ្វះខាត​យុទ្ធសាស្ត្រ​ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ក្នុង​ប្រទេស​ ហើយ​ក៏​មិន​ទាន់​មាន​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ទុក​ជាមុន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បាតុភូត​ខ្វះ​ទឹក​ដែល​ធ្លាប់​បាន​កើត​ឡើង​នា​ពេល​កន្លងមក។​

លោក​បាន​កត់​សម្គាល់​ថា​ មន្ត្រី​ខ្មែរ​ច្រើន​ចូលចិត្ត​ដោះស្រាយ​បញ្ហា​ ដោយ​យោង​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​ ដើម្បី​កេង​ប្រយោជន៍​នយោបាយ​ ជាជាង​រក​ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធ​ភាព​ជូន​ពលរដ្ឋ​ខ្លួន​ក្នុង​រយៈពេល​យូរ។​

​លោក​មាន​ប្រសាសន៍​ថា៖​

«យើង​ដឹង​ហើយ​ថា​អា​ការ​ចែក​ទឹក​សម្រាប់​មនុស្ស​ផឹក​នេះ​ វា​មិនមែន​ជា​រឿង​មួយ​ដែល​យើង​ដឹក​ទៅ​ ​មនុស្ស​អាច​យក​ទឹក​ហ្នឹង​ទៅ​ប្រើ​បាន​២ ឬ​៣​ខែ​ ដូច​ដែល​យើង​ដឹក​អង្ករ​យក​ទៅ​ចែក​ទេ​បាទ»។​

លោក​បាន​បន្ថែម​ថា៖​

«ទឹក​ប្រើ​ដឹក​ហ្នឹង​លឿន​ណាស់​បាន​តែ​ប្រើ​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​រដ្ឋាភិបាល​គឺ​មិន​អាច​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ដឹកជញ្ជូន​ទឹក​យក​ទៅ​ឲ្យ​ពលរដ្ឋ​ហ្នឹង​ ​បាន​គ្រប់​ទីកន្លែង​ជា​រៀងរាល់​ថ្ងៃ​រហូត​ទៅ​ដល់​ពេលរដូវ​ភ្លៀង​ធ្លាក់​ទេ​បាទ។​ សំខាន់​គឺ​ការ​រក​ដំណោះស្រាយ​ សម្រាប់​រយៈពេល​វែង​ ការ​ជីក​ស្រះ​ ឬ​ជីក​ ឬក៏​ការ​ទប់​ទំនប់​ធំៗ​ ដើម្បី​រក្សា​ទឹក​ហ្នឹង​យក​មក​សម្រាប់​ចែក​ចាយ​ជូន​ទៅ​ដល់​ពលរដ្ឋ​ប្រើ​ក្នុង​រយៈ​ពេល​វែង។ ​អានេះ​ វា​ជា​ដំណោះស្រាយ​ត្រឹមត្រូវ​សម្រាប់​អនាគត​បាទ»។ ​

លោក ​អ៊ុយ សាគុណ​ ​នាយក​រដ្ឋបាល​សាលា​ខេត្ត​ព្រៃវែង​ មិន​ទាន់​បាន​ទទួល​ដំណឹង​អំពី​ការ​ផ្ដល់​ជំនួយ​របស់​អូស្ត្រាលី​ ​សម្រាប់​អនុវត្តន៍​គម្រោង​ធារាសាស្ត្រ​ចំនួន​៤​ក្នុង​ខេត្ត​របស់​លោក​នោះ​ទេ។​

លោក​ក៏​សុំ​មិន​ផ្ដល់​អធិប្បាយ​លម្អិត​អំពី​ស្ថានភាព​ធនធាន​ទឹក​ក្នុង​ខេត្ត​របស់​លោក​ ដែរ​ ដោយសារ​តែ​លោក​មិនមែន​ជា​មន្ត្រី​ជំនាញ។ ​តែ​លោក​ថា​ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រៃវែង​ពិត​ជា​មាន​តម្រូវ​ការ​ប្រព័ន្ធ​ស្រោច​ស្រព​ទឹក​បន្ថែម​ទៀត។​

«ការ​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​មាន។ ព្រៃវែង​នេះ​ ត្រូវការ​ប្រព័ន្ធ​ធារាសាស្ត្រ​ហ្នឹង​ច្រើន​ជាង​គេ។ បើ​បាន ​ល្អ»។​

កាល​ពី​ឆ្នាំ​២០១៦​ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ប្រឈម​ការ​ខ្វះ​ទឹក​ប្រើ​ប្រាស់ ដោយ​សារ​ការ​រាំង​ស្ងួត។​

ជាក់​ស្ដែង​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ជា​រៀងរាល់​ថ្ងៃ​ អាជ្ញាធរ​ដឹក​ជញ្ជូន​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ពី​ទី​រួម​ខេត្ត​ទៅ​ចែក​ចាយ​តាម​ភូមិ។ ​សកម្មភាព​ចែកចាយ​ទឹក​នេះ​ធ្វើ​ទៅ​តាម​បទ​បញ្ជា​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បន្ទាប់​ពី​លោក​ប្រកាស​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ ប្រាប់ឲ្យ​អាជ្ញាធរ​ដឹក​ចែកចាយ​ទឹក​ដល់​ប្រជា​ពលរដ្ឋ។

លោក​មាស នី​ យល់​ថា​ សកម្មភាព​បែប​នេះ​ មិន​គួរ​កើត​មាន​តទៅទៀត​ទេ​ ហើយ​រដ្ឋាភិបាល​ត្រូវ​មាន​ផែនការ​ត្រៀម​ទុក​ជាមុន​ ក្នុង​ការ​គ្រប់​គ្រង​ធនធាន​ទឹក​ដើម្បី​ផ្ដល់​ជូន​ពលរដ្ឋតាម​ប្រព័ន្ធ​ចែកចាយ​ទឹក​សមស្រប​មួយ​ ​ក្នុង​ពេល​មាន​អាសន្ន​ ឬ​ក៏​គ្រោះ​រាំង​ស្ងួត​ណាមួយ​នោះ​ ជាជាង​ក្រុម​មន្ត្រី​លើក​គ្នា​ចែក​ចាយ​ទឹក​ដល់​ពលរដ្ឋ​ រួច​ផ្សាយ​តាម​ទូរទស្សន៍​ដើម្បី​ប្រយោជន៍​នយោបាយ​របស់​ពួកគេ៕

XS
SM
MD
LG