ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ពន្លត់​អគ្គីភ័យ​ស្នើ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ខណៈ​អគ្គីភ័យ​កើត​ឡើង​ញឹកញាប់


លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ​​ប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលការងាររបស់កងកម្លាំងនគរបាលជាតិ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ​​ប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលការងាររបស់កងកម្លាំងនគរបាលជាតិ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រធាន​នាយក​ដ្ឋាន​នគរបាល​បង្ការ​ និង​ពន្លត់​អគ្គីភ័យ​​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​​កុំ​ឲ្យ​មាន​ករណី​អគ្គីភ័យ​កើត​ឡើង​ ខណៈ​ដែល​ក្នុង​​ឆ្នាំ​​២០១៨​ ​អគ្គីភ័យ​កើត​ឡើង​ចំនួន​៥៣៤​លើក​នៅ​ទូទាំង​ប្រទេស។

មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អគ្គីភ័យ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​ប្រុង​ប្រយ័ត្នឲ្យ​បាន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គីភ័យ​ បន្ទាប់​ពី​ករណី​អគ្គីភ័យ​ក្នុង​ឆ្នាំ​២០១៨​កើន​ឡើង​រហូត​ដល់​ជាង​៥៣០​លើក​ ដែល​ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​ត​ចរន្ត​អគ្គិសនី​ខុស​បច្ចេកទេស។​

ក្នុង​សន្និបាត​បូក​សរុប​សភាព​ការណ៍​និង​លទ្ធផល​ការងារ​របស់​កង​កម្លាំង​នគរបាល​ជាតិ​ឆ្នាំ​២០១៨​ នា​ព្រឹក​ថ្ងៃទី​២១​ខែ​កុម្ភៈ​នេះ​ ​លោក​ នេត វន្ថា​ ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គីភ័យ​និង​សង្រ្គោះ​នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​នៃ​ឆ្នាំ​២០១៨ ​អគ្គីភ័យ​បាន​កើត​ឡើង​ចំនួន​៥៣៤​លើក​គឺ​កើន​ឡើង​ចំនួន​២០​លើក​ ​បើធៀប​នឹង​ឆ្នាំ​២០១៧។ ​

លោក​បន្ត​ថា​ ​អគ្គីភ័យ​ទាំង​ជាង​៥០០​លើក​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៧​នាក់ ​របួស​ចំនួន​៥២​នាក់​ ​ឆេះ​ផ្ទះ​អស់​ចំនួន​៥៥៣​ខ្នង ​និង​ឆេះ​តូប​អស់​ចំនួន​៣៩៦​តូប ​នៅ​ទូទាំង​ប្រទេស។​

លោក ​នេត វន្ថា ​បន្ថែមថា​ មូលហេតុ​នាំ​ឲ្យ​កើត​មាន​អគ្គីភ័យ​ភាគ​ច្រើនបណ្តាល​មក​ពី​ការ​ត​ចរន្ត​អគ្គិសនី​ខុស​បច្ចេកទេស ​និង​ការ​ធ្វេស​ប្រហែស​ភ្លើង​ចង្ក្រាន ​ភ្លើង​ទៀន​ និង​ធូប។​

លោក​មាន​ប្រសាសន៍​ថា៖​

«ត្រូវ​ពង្រឹង​ផ្អែក​ទៅ​លើ​ការ​ចូលរួម​ពីវិស័យ​អ្នក​វិនិយោគ ​ឬ​ក៏ប្រជា​ពលរដ្ឋ​ ឬ​ម្ចាស់​សំណង់​អគារ។ល។​ ត្រូវ​តែ​មាន​ការ​ចូលរួម​ឲ្យបាន​កាន់​តែ​ខ្លាំង​ ស្រុះ​គ្នា។​ កុំ​គិត​ថា​ជំនាញ​អគ្គីភ័យ​ កើត​ឡើង​អគ្គីភ័យ ​ទុក​ភារកិច្ចឲ្យ​ក្រុម​ពន្លត់​អគ្គីភ័យ។ ​វាជា​ភារកិច្ច​រួម​ទាំងអស់​គ្នា ​ជាពិសេស​គឺ​ប្រជា​ពល​រដ្ឋ​នេះ​ឯង ជា​អ្នក​ប្រើប្រាស់​ភ្លើង ​បង្កើត​ភ្លើង ហើយ​បើ​សិន​គាត់​ចេះ​វិធានការ​ពន្លត់បឋមគឺភ្លើង​មិន​អាច​ធំ​បាន​ទេ»។​

លោក​ នេត វន្ថា​ ក៏​បាន​ព្រមានថា​ ម្ចាស់​ផ្ទះ​ ឬ​ជន​ដែល​បង្ក​ឲ្យ​កើត​មាន​អគ្គីភ័យ​ ដោយ​ចេតនា​ក្តី​ ដោយ​អចេតនា​ក្តីនឹង​ត្រូវ​ទទួល​រង​នូវ​ការ​ពិន័យ​និង​ប្រឈម​ផ្លូវ​ច្បាប់​ជា​ធរមាន។​

មាត្រា​៤១៣​នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា​ អំពើប្រព្រឹត្ត​ដោយ​ចេតនា​ដើម្បី​បំផ្លិច​បំផ្លាញ ​ធ្វើ​ឲ្យ​ទ្រុឌ​ទ្រោម​ ឬ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ដែល​ជា​កម្ម​សិទ្ធិ​របស់​អ្នក​ដទៃ​ដោយ​អានុភាព​នៃ​គ្រឿង​ផ្ទុះ​ នៃ​អគ្គីភ័យ ​ឬ​គ្រប់​វិធី​ដទៃ​ទៀត​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​បុគ្គល​ ​ជនបង្ករ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ពីរ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់ពី​បួន​លាន​រៀល​ទៅដប់​លាន​រៀល។

ចំណែក​មាត្រា​៤១៩​នៃ​ក្រម​ព្រហ្មទណ្ឌ​នេះ​បាន​ចែង​អំពី​ការ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​ឬ​មិន​គោរព​បទ​បញ្ជា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ដោយ​អគ្គីភ័យ​ ឬ​គ្រឿង​ផ្ទុះ​ ដែល​ជនបង្ករ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​ពី​មួយ​ខែទៅ​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀល​ទៅ​២​លាន​រៀល។​

កន្លង​មក​ប្រជា​ពលរដ្ឋ​តែងតែ​ត្អូញ​ត្អែរ​អំពី​ការ​អនុវត្ត​ការងារ​របស់​មន្រ្តី​ពន្លត់​អគ្គភ័យ​មួយ​ចំនួន​ ដោយ​លើក​ឡើង​ថា ខ្វះ​ការ​ទទួល​ខុស​ត្រូវនិង​មិន​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​បាញ់​ពន្លត់​អគ្គីភ័យ​ជាដើម។​

លោក ​នេត វន្ថា ​ធ្លាប់​បានបញ្ជាក់​ថា ​ការ​បាញ់​ពន្លត់​អគ្គីភ័យ​មិន​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​បង់​ប្រាក់​នោះ​ទេ​ ហើយ​លោក​ថា ​ប្រសិន​ជា​មាន​ករណី​មន្រ្តី​អគ្គីភ័យ​រូបណា​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​បាញ់​ពន្លត់​អគ្គីភ័យ​នោះ​ ​ប្រជា​ពល​រដ្ឋ​ត្រូវ​រាយ​ការណ៍ឬ​ប្តឹង​ទៅ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ដើម្បី​ចាត់​វិធាន​ការ។​

​មាត្រា​២៧​នៃ​ច្បាប់​ស្តីពី​ការ​បង្ការនិង​ការ​ពន្លត់​អគ្គីភ័យ​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​២០១៣ចែង​ថា ​មន្រ្តី​សមត្ថកិច្ច​អគ្គីភ័យ​ដែល​ខ្វះ​ការ​ទទួល​ខុសត្រូវ​ ​មិន​បំពេញ​ភារ​កិច្ច ​ឬបំពេញ​ភារកិច្ច​ដោយ​មិន​ត្រឹមត្រូវ​ក្នុង​ការ​ពន្លត់​អគ្គីភ័យ​ បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ទ្រព្យ​សម្បត្តិ ​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ដទៃ​ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦ខែទៅ​២​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀលទៅ​៤​លាន​រៀល។

លោក​ សន ជ័យ​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​ប្រាប់ ​VOA ​ថា ​បច្ចុប្បន្ន​បញ្ហា​អគ្គីភ័យ​តែង​កើត​មាន​ដោយសារ​អាកប្ប​កិរិយា​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស់​ភ្លើង និង​ចរន្ត​អគ្គិសនី​មាន​ភាព​ធ្វេស​ប្រហែស ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​នៅ​ខ្វះ​ខាត​ធនធាន​ ទាំង​សម្ភារៈ​និង​មនុស្ស​ក្នុង​ការ​ទប់ស្កាត់​និង​ពន្លត់​អគ្គីភ័យ។​

លោក​បញ្ជាក់​ថា៖​

«ត្រូវ​មាន​ការ​អប់រំ​ផ្នែក​ចំណេះ​ដឹង​ដល់​ប្រជា​ពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគេ​មាន​វិធានការ​ច្បាស់​លាស់​នៅក្នុង​ការ​បង្ការ​និង​គ្រប់គ្រង​អគ្គីភ័យ។ ​ក្រៅ​ពី​នោះ​ ត្រូវ​មានវិធាន​ការ​សាធារណៈ​ ដូចជា​ការ​ត្រៀម​បង្ការ​ជានិច្ច ​ហើយ​នឹង​ការ​រក​មធ្យោបាយ​សម្រាប់​អន្តរាគមន៍​ភ្លាមៗទៅ​លើ​គ្រោះ​អគ្គីភ័យ​ ប្រសិន​បើ​វា​កើត​ឡើង​ ដូចជា​ការ​ត្រៀម​បង្ការនូវរថយន្ត​ពន្លត់​អគ្គីភ័យ​ ហើយ​នឹង​ជំនាញ​នៅ​ក្នុង​ការ​ទប់ស្កាត់​ ឬក៏​ជំនាញ​ពន្លត់​អគ្គីភ័យ​តាម​បែប​ប្រពៃណី ​ឬ​ក៏​តាម​បែប​បុរាណ»។​

ដោយ​ឡែក​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ លោក ​វេង សាខុន ​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ស្តីពី​វិធាន​ការ​ការពារ​ ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក ​និង​ព្រៃ​កោងកាង ​និង​កិច្ច​អន្តរាគមន៍​សង្គ្រោះ​ត្រីក្នុង​រដូវ​ប្រាំង ​ឆ្នាំ​២០១៩។​

សេចក្តី​ណែនាំ​នោះ​បានបញ្ជាក់​ឲ្យ​ដឹងថា ​កម្ពុជា​នឹង​ទទួល​រង​នូវ​បាតុភូត​អែល​នីណូ ​(El Nino)​ដែល​នឹង​បង្ក​ឱ្យ​អាកាស​ធាតុ​នា​រដូវ​ប្រាំង​នេះ​មាន​សភាព​ក្តៅ​ហួតហែង​សីតុណ្ហ​ភាព​អតិបរមា​អាច​ហក់​ឡើង​ដល់​៤០-៤២​°C​ ដែល​ងាយ​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក ​និង​ព្រៃ​កោង​កាង។

​ដើម្បី​បញ្ជៀសនូ​វបញ្ហា​នេះ​ ក្រសួង​កសិកម្ម​ក៏​បាន​ណែនាំ​ឲ្យស្ថាប័ន​ពាក់ព័ន្ធ​ទប់ស្កាត់​ការដុត​ព្រៃលិច​ទឹក​ដើម្បី​ចាប់​សត្វ​ និងត្រូវទប់ស្កាត់​និង​បង្ការ​ការ​កាប់ឆ្ការ​ដុត​រាន​ព្រៃលិចទឹក ​ដើម្បី​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម ​ការ​ធ្វើ​កសិកម្ម​ពនេចរ​ និង​ការ​តាំង​ទី​លំនៅ​ថ្មី ​ដោយ​វាត​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​មិន​ស្រប​ច្បាប់​ជាដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG