ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​គូសបញ្ជាក់​ពី​ចក្ខុវិស័យ​សម្រាប់​សន្តិភាព​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​លោកស្រី Penny Wong ថ្លែងសុន្ទរកថា​ក្នុង​សម័យ​ប្រជុំ​លើក​ទី ៧៧ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង New York កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​លោកស្រី Penny Wong ថ្លែងសុន្ទរកថា​ក្នុង​សម័យ​ប្រជុំ​លើក​ទី ៧៧ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង New York កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី​ Penny Wong ​បាន​និយាយ​កាលពី​ថ្ងៃចន្ទ​ទី១៧​ ខែមេសា​ថា ​អូស្ត្រាលី​មិនចង់​ឱ្យ​ការប្រកួត​ប្រជែង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​ «ក្លាយទៅ​ជា​ជម្លោះ​ទេ»។

លោកស្រី​ Wong ​បាន​ព្រមាន​ថា ចិន​បន្ត​«ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន​ក្នុង​ល្បឿន​មួយ​ និង​ទំហំ​ដែល​មិន​ធ្លាប់​ឃើញ​នៅលើ​ពិភពលោក​អស់​រយៈពេល​ជិត​មួយ​សតវត្សរ៍​មក​ហើយ​ ដោយ​មាន​តម្លាភាព ​ឬ​ការធានា​តិចតួច​អំពី​ចេតនា​យុទ្ធសាស្ត្រ​របស់​ខ្លួន»។

លោកស្រីរដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ក៏​បាន​រៀបរាប់​លម្អិត​អំពី​ផលវិបាក​នៃ​អស្ថិរភាព​នៃ​«វិធានការ​ពាណិជ្ជកម្ម​ដោយ​បង្ខិតបង្ខំ ​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ»​ និង​ការរៀបចំ​ឡើង​វិញ​នូវ​«ច្បាប់​អន្តរជាតិ​»ផងដែរ។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ លោកស្រី​មិនបាន​លើកឡើង​ជាក់លាក់​ណាមួយ​អំពី​ចិន​នៅក្នុងសុន្ទរកថា​ ឬ​ការរឹត​បន្តឹង​ពាណិជ្ជកម្ម​ដែល​ទីក្រុង​ប៉េកាំង​បាន​ដាក់​លើ​ទំនិញ​នាំចេញ​ផ្សេងៗ​របស់​អូស្ត្រាលីនោះ​ទេ ​ដោយសារតែ​ភាព​តានតឹង​ផ្នែកការទូត​ដែល​មានតាំង​ពី​ឆ្នាំ២០១៧។

លោកស្រី Wong ​បាន​ប្រាប់​ក្រុម​អ្នកស្តាប់នៅ​ទីក្រុង​ កង់បេរ៉ា​ អំពី​ការព្រួយ​បារម្ភ​ចំពោះ​ដែនកោះ​តៃវ៉ាន់ ​ដែល​ចិន​ចាត់ទុក​ថា​ជា​ខេត្ត​ដ៏​រឹងរូស​មួយ​ ដែល​អាច​នឹង​ត្រូវ​ដណ្តើម​មក​វិញ​ដោយ​កម្លាំង។

«ថ្ងៃ​នេះ​ខ្ញុំ​ចង់​និយាយ​ជាមួយ​អស់លោក ​លោកស្រីទាំងអស់​គ្នា​អំពី​របៀប​ដែល​យើង​បញ្ចៀស​សង្រ្គាម​ និង​រក្សា​សន្តិភាព​ ហើយ​លើស​ពីនេះ​ទៅ​ទៀត​ របៀប​ដែល​យើង​រៀបចំ​តំបន់​ដែល​ឆ្លុះ​បញ្ចាំង​ពី​ផល​ប្រយោជន៍​ជាតិ​របស់​យើង​ និង​ផល​ប្រយោជន៍​ក្នុង​តំបន់​រួម​របស់​យើង។ ផលប្រយោជន៍​ទាំងនោះ​ស្ថិតនៅ​ក្នុង​តំបន់​ដែល​ដំណើរការ​ដោយ​ច្បាប់ ​ស្តង់ដារ ​និង​បទដ្ឋាន​ដែល​ប្រទេស​ធំ​មិន​កំណត់​ជោគវាសនា​របស់​ប្រទេស​តូច​ជាង​»​។

លោក​ស្រី Wong ​បាន​និយាយ​ថា ​រដ្ឋាភិបាល​ទីក្រុង​កង់បេរ៉ា​ត្រូវតែ​«បន្ថយ​កំដៅ​លើ​ជម្លោះ​ដែល​អាច​កើត​មាន​ណាមួយ​ ខណៈពេល​ដែល​បង្កើន​សម្ពាធ​លើ​អ្នកដទៃ​ឱ្យ​ធ្វើ​ដូចគ្នា»។

«សង្រ្គាម​ដោយសារ​តែ​បញ្ហា​តៃវ៉ាន់​នឹង​ក្លាយ​ជា​មហន្តរាយ​សម្រាប់​ទាំងអស់គ្នា។ យើង​ដឹង​ថា​នឹង​គ្មាន​អ្នកឈ្នះ​ពិត​ប្រាកដ​នោះ​ទេ​ ហើយ​យើង​ដឹង​ថា​ការរក្សា​បាន​នូវ​ស្ថានភាព​ដើម​គឺ​ល្អ​ឥតខ្ចោះ​ជាង​ជម្រើស​ណា​ផ្សេង»។

រហូត​មក​ទល់​ពេល​នេះ នៅ​ទីក្រុង​ប៉េកាំង​មិន​មាន​ប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​របស់​លោកស្រី​ Wong ​ទេ។

ទំនាក់​ទំនង​រវាង​ប្រទេស​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំងពីរ​បាន​ចាប់ផ្តើម​កាន់តែ​យ៉ាប់យ៉ឺន​នៅក្នុង​ឆ្នាំ​២០១៧ ជុំវិញ​ការព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​ការជ្រៀត​ជ្រែក​របស់​ចិន​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​អូស្ត្រាលី។

បន្ទាប់​មក​មាន​ការខ្វែង​គំនិត​គ្នា​បន្ថែម​ទៀត​អំពី​កោះ​តៃវ៉ាន់​ សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ការប្រកួត​ប្រជែង​គ្នា​ និង​ប្រភព​ដើម​នៃ​ជំងឺ​ COVID-19​ ដែល​ត្រូវ​បាន​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​ចិន។

ទោះជា​យ៉ាងណា​ក៏ដោយ​ រដ្ឋាភិបាល​ឆ្វេង​និយម​របស់​អូស្ត្រាលី​ ដែល​ជាប់ឆ្នោត​ជិត​មួយ​ឆ្នាំ​មុន​ បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ ដើម្បី​បន្ធូរ​បន្ថយ​ភាពតានតឹង​ជាមួយ​ចិន​ ​ដែល​ជាដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អូស្ត្រាលី។

កាលពី​ដើម​ខែមេសា រដ្ឋាភិបាលក្រុង​កង់បេរ៉ា​បាន​យល់ព្រម​ផ្អាក​ការអំពាវនាវ​របស់​ខ្លួន​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ប្រឆាំង​នឹង​ពន្ធ​ដាក់​ទណ្ឌកម្ម​របស់​ចិន​លើ​ស្រូវ​អង្ករ​បាលី​អូស្ត្រាលី​ ដែល​ទីក្រុង​ប៉េកាំង​បាន​យល់ព្រម​ពិនិត្យ។

មន្ត្រី​អូស្ត្រាលី​បាន​និយាយ​ថា​ ពួកគេ​មាន​ទំនុក​ចិត្ត​ថា​ចិន​នឹង​លុបចោលពន្ធ​នេះ​ ដោយ​បង្កើន​ក្តីសង្ឃឹម​ថា​ការរឹតបន្តឹង​លើ​ការនាំចេញ​ផ្សេង​ទៀត​ រួមទាំង​ស្រា​ក៏​នឹង​បញ្ចប់​ផងដែរ៕

ប្រែសម្រួល​ដោយ​លោក មែន គឹមសេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG