ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយករដ្ឋមន្ត្រី​​​អូស្ត្រាលី​​រិះគន់​ខ្លាំង​​ដល់​​​​​កិច្ចព្រមព្រៀង​​​រវាង​ប្រទេស​បី​អំពី​នាវា​មុជ​ទឹក​​​​​នុយក្លេអ៊ែរ


អតី​ត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​​​លោក​ Paul Keating ថ្លែង​នៅ​ក្លឹប​សារព័ត៌មាន​ជាតិ​ក្នុង​ទីក្រុងកង់បេរ៉ា​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០២៣។
អតី​ត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​​​លោក​ Paul Keating ថ្លែង​នៅ​ក្លឹប​សារព័ត៌មាន​ជាតិ​ក្នុង​ទីក្រុងកង់បេរ៉ា​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០២៣។

អតី​ត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ Paul Keating និយាយថា​កិច្ចព្រម​ព្រៀង​របស់​ប្រទេស​ដើម្បី​ទិញ​និង​អភិវឌ្ឍន៍កង​នាវា​មុជ​ទឹក​នុយក្លេអ៊ែរ​ដោយ​ធ្វើកិច្ច​សហ​ប្រតិបត្តិការជាមួយ​ចក្រភព​អង់គ្លេស​និងស.រ.អ.ជា​«កិច្ច​ព្រមព្រៀង​អាក្រក់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ‍»។

លោក​ Keating​ ​បានវាយប្រហារកិច្ច​ព្រមព្រៀង​រវាងប្រទេស​អូស្ត្រាលី​ ចក្រភព​អង់គ្លេស​និង​ស.រ.អ.​នៅ​ថ្ងៃ​ពុធ​នេះនៅ​ក្នុងសុន្ទរកថាមួយ​ដែល​លោក​បានថ្លែង​នៅ​ក្នុង​ក្លិបអ្នកកាសែត​ជាតិក្នុង​ក្រុង Sydney។​

កិច្ចព្រមព្រៀង​ច្រើន​ទសវត្សរ៍​នេះ​ ដែល​អាច​ឱ្យ​អូស្ត្រាលីបង់សោហ៊ុយ២៤៥​ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​ប្រកាស​កាលពីថ្ងៃ​ចន្ទ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ Anthony Albanese សមភាគី​អង់គ្លេស ​លោក Rishi Sunak ​និងប្រធានាធិបតី​ស.រ.អ.​លោក Joe Biden នៅ​ក្រុង​ San Diego ​តាម​រយៈភាព​ដៃគូការពារត្រីភាគី​ដែល​គេស្គាល់​តាម​អក្សរកាត់​ថា AUKUS ​ដែលមាន​ប្រទេស​បី​ចូលរួម​គឺ​អូស្ត្រាលី ​ចក្រភព​អង់គ្លេស​និង​ស.រ.អ.។

តាម​រយៈកិច្ច​ព្រមព្រៀង​នេះ​ គេ​នឹង​ឃើញ​កងនាវាមុជទឹក​នុយក្លេអ៊ែរអាមេរិកាំង​និង​អង់គ្លេស​ធ្វើ​បេសកកម្មដាក់វេនក្នុង​ដែន​សមុទ្រ​អូស្ត្រាលីចាប់ផ្តើម​ពី​ឆ្នាំ២០២៧។ នៅ​ដើមទសវត្សរ៍​ឆ្នាំ២០៣០ ​អូស្ត្រាលីនឹងទិញនាវា​មុជទឹក​យ៉ាង​តិច​ណាស់​បី​គ្រឿង​ឬ​រហូត​ដល់​ប្រាំ​គ្រឿង​ពី​ស.រ.អ.។ នាវាមុជទឹក​ទាំង​នេះ​ដែល​ស្ថាបនា​ដោយ​ស.រ.អ.​ដើរ​ដោយ​កម្លាំង​នុយក្លេអ៊ែរនិង​មាន​ផ្ទុកអាវុធធម្មតា​ត្រូវ​បានរចនា​ឡើង​ដើម្បី​តាម​ប្រមាញ់​និង​វាយប្រហារ​នាវា​មុជទឹក​ឯទៀតៗ។ ​ហើយ​ប្រទេស​ទាំង​បី​នេះនឹង​ធ្វើការ​ជា​មួយ​គ្នា​ដើម្បី​អភិវឌ្ឍ​នាវា​មុជទឹក​នុយក្លេអ៊ែរសម្រាប់​វាយប្រហារ​ថ្មី​មួយ​ដែល​ជា​គម្រោងការ​មួយ​អាច​ចំណាយ​ពេល​ពីរ​ទសវត្សរ៍។​

លោក​ Keating បានបដិសេធ​គំនិត​ដែល​ថា​ប្រទេស​ចិន​ជា​ការ​គំរាម​កំហែង​ដល់​ប្រទេស​អូស្ត្រាលី ​ហើយលោក​បាននិយាយថាជា«ការ​និយាយ​ឥត​បានការ‍»ដែល​ថា​កង​នាវា​មុជទឹកនុយក្លេអ៊ែរ​មួយកងតូចមួយអាច​ការពារប្រទេស​បានពី​កង​នាវា​ចម្បាំង​ចិន​។ លោក​បានថ្លែង​ថា​អូស្ត្រាលី​អាច​បាញ់​ពន្លិច​កង​នាវា​ចម្បាំង​ចិន​«​ដោយ​ប្រើ​កង​យន្តហោះ​ចម្បាំង​និង​មីស៊ីល‍»។

អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​រូប​នេះ​ ដែល​បាន​កាន់​តំណែងពី​ឆ្នាំ១៩៩១ដល់​ឆ្នាំ​១៩៩៦ ​បាននិយាយ​ថា​កិច្ច​ព្រមព្រៀង​អំពី​នាវា​មុជទឹក​នុយក្លេអ៊ែរជា​សេចក្តី​សម្រេច​ចិត្តអន្តរជាតិអាក្រក់​បំផុត​ដោយ​រដ្ឋាភិបាល​ខាង​គណបក្ស​ពលករ​តាំង​ពី​សង្គ្រាមលោក​លើកទី​មួយ​មក ​ដែល​នៅពេ​ល​នោះ​រដ្ឋាភិបាល​របស់​គណបក្ស​នេះគ្មាន​ជោគជ័យ​ក្នុងការដាក់​កំហិត​ស្តី​ពី​ការ​ធ្វើ​ទាហាន​ជា​ចាំបាច់។​

បន្ថែមលើកង​នាវា​មុជទឹក​ថ្មី ​ភាពដៃគូ AUKUS ​នឹង​អនុញ្ញាត​ប្រទេស​ទាំង​បី​ឱ្យ​ចែកចាយព័ត៌មាន​និង​ភាពជំនាញបានងាយ​ស្រួលជាង​មុន​ក្នុង​ផ្នែក​បច្ចេកវិទ្យា​សំខាន់ៗ​ដូចជា​បញ្ញា​និមិត្ត ​បច្ចេកវិទ្យា​ internet ​បច្ចេកវិទ្យា ​quantum​ ប្រព័ន្ធក្រោម​ទឹក​និង​សមត្ថភាព​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ៕

XS
SM
MD
LG