សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌានិងប្រទេសអូស្ត្រាលីបានសម្តែងនូវការព្រួយកង្វល់នៅថ្ងៃសុក្រនេះអំពីការប្រើកម្លាំងយោធា នៅក្នុងផ្ទៃទឹករបស់តំបន់អាស៊ីនៅក្នុងការសំដៅដល់វត្តមានកើនឡើងរបស់ចិន នៅសមុទ្រដែលមានការប្រកួតប្រជែងគ្នា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងអស់លោករដ្ឋមន្ត្រីការបរទេស៣ ផ្សេងទៀតបានជួបប្រជុំគ្នានៅក្នុងរដ្ឋធានីញូវដែលីប្រទេសឥណ្ឌានៅក្នុងក្រុមចតុភាគីឬQuad។
ក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយដោយឥណ្ឌាដែលជាប្រទេសម្ចាស់ផ្ទះ ក្រុមប្រទេសQuadបានអំពាវនាវចំពោះ«ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ» នៅក្នុងសមុទ្រចិនខាងកើតនិងខាងត្បូង ដើម្បី«ធ្វើទៅតាមបញ្ហាប្រឈមដល់សណ្តាប់ធ្លាប់ផ្លូវនាវាចរណ៍ដែលផ្អែកលើច្បាប់»។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា៖ «យើងជំទាស់ប្រឆាំងយ៉ាងខ្លាំងដល់ចំណាត់ការឯកតោភាគីណាមួយ ដែលស្វះស្វែងធ្វើការផ្លាស់ប្តូរនូវភាពដើម ឬបង្កើនការតានតឹងនៅក្នុងតំបន់នោះ»។
សេចក្តីថ្លែងការណ៍នោះបន្ថែមទៀតថា៖ «យើងសម្តែងនូវការព្រួយកង្វល់អំពីការប្រើកម្លាំងយោធានៅផ្ទៃទឹកមានជម្លោះ ការប្រើប្រកបដោយគ្រោះថ្នាក់នូវនាវាឆ្មាំការពារដែនសមុទ្រ និងកងជីវពលសមុទ្រនិងការខំប្រឹងប្រែងដើម្បីបង្អាក់ឆាឆៅសកម្មភាពនានានៃការរុករកប្រភពធនធានក្នុងសមុទ្ររបស់ប្រទេសផ្សេងទៀត។
ចិនបានទាមទារគ្រប់គ្រងសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ដែលជាផ្លូវនាវាចរណ៍ ពាណិជ្ជកម្មមានតម្លៃរាប់លានលានដុល្លារក្នុងមួយឆ្នាំៗ។
ចិនមិនបានអើពើលើការសម្រេចរបស់តុលាការអន្តរជាតិ ដែលថាការទាមទាររបស់ចិនមិនបានផ្អែកលើផ្លូវច្បាប់ ហើយចិនបានស្ថាបនាទីតាំងនៅក្នុងផ្ទៃទឹក ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងប្រទេសផ្សេងៗទៀតនៅអាស៊ីដែលបានទាមទារផ្ទៃទឹកនោះដែរ។
សេចក្តីថ្លែងការណ៍នោះមិនបាននិយាយចំប្រទេសចិន ដែលបានចោទប្រកាន់ម្តងហើយម្តងទៀតដល់សហរដ្ឋអាមេរិក ពីការពង្រីកក្រុមចតុភាគីឬQuadដើម្បីឡោមព័ទ្ធមហាអំណាចអាស៊ីដែលកំពុងងើបឡើងនេះ។
បន្ទាប់ពីជំនួបនោះ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បាននិយាយថាចិនមិនមានហេតុផលអ្វីដើម្បីខ្លាចក្រុមចតុភាគីឬ Quad នោះទេ។
អស់លោករដ្ឋមន្ត្រីបាននិយាយថាពួកគេបានពិភាក្សាពីការខំប្រឹងប្រែងរួមគ្នាដែលរួមមានការស្ថាបនានៃសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ និងធ្វើការរួមគ្នាលើការផ្គត់ផ្គង់វ៉ាក់សាំង៕
រដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា —