ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​បាន​បង្ហាញ​ពី​ជំងឺ​បាក់​ស្បាត​ក្នុង​ចំណោម​បុគ្គលិក​សង្គ្រោះ​បន្ទាន់


រូបឯកសារ៖ សេវាក​ម្ម​ពន្លត់​អគ្គិភ័យ​ជន​បទ​​កំពុង​ព្យាយាម​ពន្លត់​អគ្គិភ័យ​នៅ Medowie ជិតតំបន់ Port Stephens រដ្ឋ​ New South Wales ប្រទេស​អូស្ត្រាលី។

ការ​ស្ទង់​មតិ​នោះ ​បាន​រកឃើញ​ថា អ្នក​ដែល​ស្ថិត​នៅ​ជួរ​មុខ​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ គ្រោះ​ថ្នាក់​ និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខ ភាព​ផ្លូវចិត្ត​ដែល​ទាក់​ទិន​នឹង​ព្រឹត្តិការណ៍​តក់ស្លុត​ក៏​ដូចជា​កន្លែង​ធ្វើ​ការ​មិន​ល្អ។

នៅ​ពេល​ដែល​សេវាកម្ម​គ្រា​មាន​អាសន្ន​តស៊ូ​ដើម្បី​ពន្លត់​ការ​ឆេះព្រៃ​ប្រកប​ដោយ​មហន្តរាយ​នៅ​រដ្ឋ​ Queensland​ ហើយ​និង​បោស​សម្អាត​បន្ទាប់​ពី​ព្យុះ​ស៊ីក្លូន​នៅ​រដ្ឋ​ New South Wales ​ការ​ស្រាវ​ជ្រាវ​លើក​ដំបូង​របស់​ពិភព​លោក​នៅ​ប្រទេសអូស្ត្រា​លី​បាន​បង្ហាញ​ថា​ មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​យ៉ាង​ខ្លាំង​របស់​ពួក​អ្នក​ឆ្លើយ​តប​លើក​ដំបូង។

ការសា្រវ​ជ្រាវ​នោះ​បាន​រក​ឃើញ​កម្រិត​ទុក្ខ​ព្រួយ​ខាង​ផ្លូវចិត្ត​ខ្លាំង​ក្នុង​ចំណោម​មន្រ្តី​ប៉ូលិស ​និង​បុគ្គលិក​ជួយ​សង្រ្គោះ​គ្រា​អាសន្ន​ដទៃ​ទៀត​ ដោយ​មួយ​ភាគ​បួន​នៃ​អ្នក​ឆ្លើយ​តប​ដំបូង​ដែល​បាន​ចូលនិវត្តន៍ បាន​រាយការណ៍​ពី​បទ​ពិសោធន៍​នៃ​ជំងឺ​បាក់​ស្បាត។

យន្តហោះ​ដឹក​អ្នក​ដំណើរ​កែច្នៃ​មួយ​គ្រឿង​ម៉ាក្ស ​Boeing 747 ​បាន​ទម្លាក់​ទឹក​ចំនួន​១ម៉ឺន​៥​ពាន់​លីត្រ​លើ​អគ្គិភ័យ​នៅ​ក្បែរ​ទីក្រុង ​Mackay ​នៃ​រដ្ឋ ​Queensland។

នៅ​ទូទាំង​រដ្ឋ ​ក្រុម​សង្គ្រោះ​បន្ទាន់​បាន​តស៊ូ​ដើម្បី​ពន្លត់​ការ​ឆេះ​ព្រៃ​ជាង​១០០​កន្លែង។

នៅ​ភាគ​ខាង​ត្បូង​ឆ្ងាយ​ ទីក្រុង​ស៊ីដនី​ដែល​ជា​ទីក្រុង​ដ៏ធំ​បង្អស់​របស់​អូស្ត្រាលី​បាន​ជួប​ប្រទះព្យុះកាល​ពី​ថ្ងៃ​ពុធ​ដែល​មាន​ម្តង​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ។ អ្នកស្ម័គ្រ​ចិត្ត​គ្រា​អាសន្ន​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​បោស​សម្អាត​ដ៏​ធំ​មួយ។

លោក ​Greg Murphy ​មក​ពី​សេវាកម្ម​សង្គ្រោះ​បន្ទាន់​នៃរដ្ឋ ​New South Wales​ បាន​ថ្លែង​ថា៖ «ខ្ញុំ​អាច​បញ្ជាក់​ថា មនុស្សម្នាក់​ក្នុង​ចំណោម​សមាជិក​របស់​យើង​គឺ​សមាជិក​ម្នាក់​ ​នៃសេវាកម្ម​សង្គ្រោះ​បន្ទាន់ ​បាន​ដួល​សន្លប់​ ហើយ​ស្លាប់​នៅថ្ងៃ​នេះ​នៅ​ពេល​បំ​ពេញការងារ​ជួយ​សង្រ្គោះ។ សមានចិត្ត​របស់​យើង​ស្ថិត​នៅ​ជា​មួយ​ក្រុម​គ្រួសារ​និង​សហការី​ទាំង​អស់​របស់​យើង​ដែលមាន​អារម្មណ៍​រងការប៉ះ​ពាល់​ពី​ព្រឹត្តិការ​ដ៏​ក្រៀម​ក្រំ​នេះ»។

ការស្រាវ​ជ្រាវ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ពណ៌នា​រូបភាព​លម្អិត​នៃ​សុខ ភាព​ផ្លូវចិត្ត​របស់​មន្ត្រី​ប៉ូលិស​កាល​ពី​អតីត​កាល​ និង​បច្ចុប្បន្ន ​ហើយ​និងបុគ្គលិក​សេវាកម្ម​សង្គ្រោះ​បន្ទាន់​ផ្សេងៗ​ទៀត។ អង្គការ​សប្បុរស​ធម៌​ Beyond Blue ​បាន​ធ្វើ​ការ​ស្ទង់មតិ​មនុស្ស​២ម៉ឺន​១ពាន់​នាក់។

ការ​ស្ទង់​មតិ​នោះ ​បាន​រកឃើញ​ថា អ្នក​ដែល​ស្ថិត​នៅ​ជួរ​មុខ​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ គ្រោះ​ថ្នាក់​ និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខ ភាព​ផ្លូវចិត្ត​ដែល​ទាក់​ទិន​នឹង​ព្រឹត្តិការណ៍​តក់ស្លុត​ក៏​ដូចជា​កន្លែង​ធ្វើ​ការ​មិន​ល្អ។

លោក ​Steve McDowell ​អតីត​អ្នក​ជំនួយការ​គ្រូពេទ្យ​ហើយ​បាន​បង្កើតក្រុម​ជួយមួយ​ដែល​មាន​ឈ្មោះ​ថា ​No More Neglect​ ដើម្បី​ផ្តល់​ឱវាទ​ដល់​អ្នក​ដែល​មាន​ជំងឺ​តាន​តឹង​ក្នុង​ចិត្ត។ លោក ​Steve McDowell​ ថ្លែង​ថា៖ «ខ្ញុំ​មាន​ជំងឺ​បាក់​ស្បាត​មក​ពី​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ ​ហើយ​ដោយសារ​បទ​ពិសោធន៍​នេះ ខ្ញុំ​បាន​បង្កើត​ក្រុម​គាំទ្រ​មួយ​នៅ​ឆ្នាំ ២០១៥។ ក្រុម​នោះ​ជួយ​មនុស្ស​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​ដែល​ជា​អ្នក​ឆ្លើយតប​ដំបូង។បទពិសោធន៍​ជា​ច្រើន​ទាក់ទិន​នឹង​ការ​សម្លុត​ធ្វើ​បាប​នៅ​កន្លែង​ធ្វើការ​ កង្វះ​ការ​គាំទ្រ​នៅ​កន្លែង​ធ្វើការ​និង​ការ​មាន​អារម្មណ៍​ឯកោ»។

ការស្ទង់​មតិ​នោះ​ បាន​រក​ឃើញ​ថា បុគ្គលិក​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​អូស្រ្តាលី​មាន​ប្រហែល​២​ដង​ទំនង​ជា​ទទួល​រង្គ្រោះ ជំងឺ​ផ្លូវ​ចិត្ត​ឬ​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ច្រើន​ជាងមនុស្ស​ធម្មតា។

ការ​ស្រាវជ្រាវ​នេះ នឹង​ត្រូវ​បាន​ប្រើ​ជា​គម្រោង​សម្រាប់​ប៉ូលិស​ក៏​ដូចជា​សេវាកម្ម​រថយន្ត​ពេទ្យ​និង​អគ្គិភ័យ​ដើម្បី​ជួយ​ដល់​បុគ្គលិក​និង​អ្នក​ស្ម័គ្រចិត្ត​ដោះ​ស្រាយ​ឲ្យ​បាន​ប្រសើរ​ឡើង​នូវ​បញ្ហា​ប្រឈម​និង​ការងារ​ដែល​គ្រោះថ្នាក់​បំផុត​នៅ​ក្នុងប្រ​ទេស​អូស្ត្រាលី៕

ប្រែ​សម្រួល​ដោយហេង ​រស្មី

XS
SM
MD
LG