ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក កើន​ឡើង


អ្នក​ពន្លត់​អគ្គិភ័យ​រុករក​សាកសព​ បន្ទាប់​ពី​មាន​ភ្លើង​ឆេះ​ព្រៃ Camp Fire ក្នុង​ក្រុង Paradise រដ្ឋ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ អាជ្ញាធរ​នៅ​ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក អាច​បញ្ជាក់​បាន​ថា មនុស្ស​ជិត ៣ រយ​នាក់​ទៀត​មាន​សុវត្ថិភាព បន្ទាប់ពី​មាន​ភ្លើង​ឆេះ​ព្រៃ​ដ៏​ប្រល័យ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ​នេះ​បាន​កើត​ឡើង​មក។

ប៉ុន្តែ ជាង​មួយ​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​ភ្លើង​ឆេះ​ព្រៃ Camp Fire បាន​ចាប់ផ្ដើម​នៅ​ក្នុង​ក្រុង Paradise មនុស្ស​ជិត ១ ពាន់​នាក់​នៅតែ​បាត់​ខ្លួន​នៅ​ឡើយ ស្រប​ពេល​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅតែ​ព្យាយាម​រុករក​អ្នក​ដែល​បាត់​ខ្លួន​តាម​កម្ទេច​ផ្ទះ​ផ្សេងៗ​ដែល​ត្រូវ​បាន​ឆេះ​បំផ្លាញ។

ចំនួន​អ្នក​ស្លាប់​ផ្លូវការ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​កើន​ដល់ ៧៧ នាក់​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ កន្លង​មក ការិយាល័យ​ប៉ូលិស​ស្រុក Butte បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​កំណត់​អត្តសញ្ញាណ​អ្នក​ស្លាប់​បាន ៦៧ នាក់​ហើយ​ក្នុង​ចំណោម​នោះ។

អ្នក​ពន្លត់​អគ្គិភ័យ​បាន​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នេះ​បាន ៦៥ ភាគរយ​ហើយ។

អភិបាល​រដ្ឋ California លោក Jerry Brown បាន​បង្ហាញ​សុទិដ្ឋិនិយម​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា លោក​ប្រធានាធិបតី Donald Trump នឹង​ផ្ដល់​ថវិកា​សហព័ន្ធ​ជួយ​ដល់​រដ្ឋ California។

លោក Jerry Brown និយាយ​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Trump មិន​ត្រឹមតែ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​សម្រេច​ប្រកាស​ប្រធានាធិបតី​ផ្ដល់​ថវិកា​ជួយ​ដល់​រដ្ឋ California ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ថែម​ទាំង​បាន​និយាយ និង​សន្យា​ជា​ពិសេស​ថា​នឹង​បន្ត​ជួយ​រដ្ឋ California»។

កាល​ពី​ថ្ងៃ​សៅរ៍ លោក Trump បាន​ទៅ​ពិនិត្យ​មើល​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នេះ៕

XS
SM
MD
LG