ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​អូស្រ្តាលី​បង្ហាញ​ពី​គុណ​វិបត្តិ​ដែល​នៅ​តែ​មាន​សម្រាប់​ជនជាតិ​ដើម​អូស្ត្រាលី


ហ្វូង​មនុស្ស​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​មក​មើល​នាយក​រដ្ឋ​មន្រ្តី​ Kevin Rudd សុំ​ទោស​ជនជាតិ​ដើម​អូស្រ្តាលី​នៅ​ខាងក្រៅ​សភា​ក្នុង​ទីក្រុង​ Canberra កាលពី​ថ្ងៃទី១៣ កុម្ភៈ ២០០៨។
ហ្វូង​មនុស្ស​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​មក​មើល​នាយក​រដ្ឋ​មន្រ្តី​ Kevin Rudd សុំ​ទោស​ជនជាតិ​ដើម​អូស្រ្តាលី​នៅ​ខាងក្រៅ​សភា​ក្នុង​ទីក្រុង​ Canberra កាលពី​ថ្ងៃទី១៣ កុម្ភៈ ២០០៨។

ប្រទេស​អូស្រ្តាលី​មាន​ការ​វិវឌ្ឍ​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាជន​ជនជាតិ​ភាគ​តិច​​ប្រសើរ​ជាង​មុន​ នេះ​បើយោង​តាម​​របាយការណ៍​​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​អូស្រ្តាលី។ របាយការណ៍​របស់​រដ្ឋាភិបាល​​អូស្រ្តាលី​ដែលមានឈ្មោះថា «Closing The Gap» ឬ​ដែល​មាន​ន័យ​ថា «លុប​បំបាត់​គម្លាត» តាម​ដាន​ការ​ប្រឹងប្រែង​កាត់បន្ថយ​វិសមភាព​រវាង​​ពលរដ្ឋ​ជនជាតិ​ដើម​និង​ពលរដ្ឋ​មិន​មែន​ជន​ជាតិ​ដើម​អូស្រ្តាលី។

រដ្ឋាភិបាល​អូស្រ្តាលី​បាន​ឲ្យ​ដឹង​ថា​ ការតាម​ដាន​សុខភាព​និង​សុខុមាលភាព​របស់​ពលរដ្ឋ​ជនជាតិ​ដើម របស់​ខ្លួន​បាន​បង្ហាញ​ពី​លទ្ធផល​ជោគជ័យ​ប្រសើរ​បំផុត​តាំង​ពី​ឆ្នាំ​២០១១ បើ​ទោះ​បី​ជា​ភាព​ល្អ​ប្រសើរ​ជាង​មុន​សម្រេច​លើ​គោល​ដៅ​ចំនួន​តែ​បីក្នុង​ចំណោម​គោល​ដៅ​ទាំង​ប្រាំពីរ​ក៏​ដោយ​ក្តី។​

កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការកាត់​បន្ថយ​អត្រា​មរណ​របស់​កុមារ ក៏​ដូច​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​សម្រេច​បាន​នូវ​បទដ្ឋាន​អប់រំ​ពីរ​ក្នុង​ចំណោមបទដ្ឋាន​អប់រំ​បួន​ បាន​ទទួល​ជោគជ័យ​តាម​ការ​កំណត់។ ប៉ុន្តែ​បញ្ហា​វិសមភាព​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​សម្រាប់​ពលរដ្ឋ​ជនជាតិដើម​អូស្រ្តាលី​នៅ​តែ​កើត​មាន​ឡើង ដែល​អត្រា​ទទួល​បាន​ការងារ​ធ្វើ​របស់​ពួកគេ​មាន​ត្រឹម​តែ​៤៦​ភាគ​រយ​ប៉ុណ្ណោះ​ បើធៀប​នឹង​ពលរដ្ឋ​មិន​មែន​ជនជាតិ​ដើម​អូស្រ្តាលី​នា​ពេល​បច្ចុប្បន្ន។ អាយុ​រស់នៅ​មធ្យមរបស់​ជនជាតិ​ដើម​អូស្ត្រាលី​គឺ​១០​ឆ្នាំ​តិច​ជាង​ពលរដ្ឋ​មិន​មែន​ជនជាតិ​ដើម។

ពលរដ្ឋ​ជនជាតិ​ដើម​អូស្រ្តាលី​នៅ​តែ​ជា​ក្រុម​ប្រជាជន​មួយ​ដែល​ជួប​ការលំបាក​ខ្លាំង​ជាងគេ។ អត្រា​ដែល​ពួកគេ​ត្រូវ​បាន​ជាប់ឃុំ​ឃាំង មាន​ជំងឺ​និង​ក្រលំបាក​ គឺ​នៅ​ខ្ពស់​ខ្លាំង​នៅឡើយ​។

កាលពី១០​ឆ្នាំ​មុន ជនជាតិ​ដើម​អូស្រ្តាលី​ទទួល​បាន​ការ​សុំទោស​ជា​ប្រវត្តិសាស្រ្ត​មួយ​ពី​រដ្ឋាភិបាល​ចំពោះ​ភាព​អយុត្តិធម៌​កាលពី​ពេលមុនៗ​ ដែល​រួម​មាន​ដូចជា​ ការ​បំបែក​ក្មេង​រាប់សិប​ម៉ឺន​នាក់​ចេញ​ពី​គ្រួសារ​របស់​ពួកគេ។​ ហើយ​ក្មេង​ទាំង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «ជំនាន់​ដែល​ត្រូវ​គេ​ឆក់​យក»​ឬ «Stolen Generations» ក្រោម​គោល​នយោបាយ​នៃ​ការ​ដាក់​ឲ្យ​រស់​នៅ​លាយ​ឡំ​ជាមួយ​នឹង​គ្នា ដែល​ត្រូវ​បាន​បញ្ចប់​នៅ​ចុង​ទសវត្សរ៍​១៩៦០។​ ពលរដ្ឋ​ជនជាតិ​ដើម​អូស្ត្រាលី​ជាច្រើន ​បាន​ទទួលការ​សុំ​ទោស​ជា​ផ្លូវការ​នេះ ប៉ុន្តែ​ពលរដ្ឋ​ជនជាតិ​ដើម​អូស្ត្រាលី​ជាច្រើន​ទៀត​នៅ​តែ​បន្ត​ទាមទារ​សំណង​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​រងគ្រោះ។​

លោកស្រី​ Muriel Bamblett មក​ពី​ទីភ្នាក់ងារ​ថែ​ទាំ​កុមារ​ជនជាតិ​ដើម​ប្រចាំ​រដ្ឋ Victoriaដែល​ជា​ ទីភ្នាក់ងារ​មួយបង្កើត​ឡើង​ដោយ​ក្រុម​ជនជាតិ​ដើម​អូស្ត្រាលី​ ក្នុង​រដ្ឋ Victoria កាលពី​ទសវត្សរ៍១៩៧០។​

លោកស្រី​បាន​ថ្លែង​ថា៖

«​មនុស្ស​ទាំង​នេះ​កំពុង​តែ​ស្លាប់​បណ្តើរៗ​ហើយ។ ពួកគេ​ភាគ​ច្រើន​ស្ថិត​ក្នុង​វ័យ​៧០​និង​៨០​ឆ្នាំ ហើយ​ពួក​គេ​មួយ​ចំនួន​បាន​ស្លាប់​ដោយ​មិន​ទទួល​បាន​សំណង​អ្វី​ទាំង​អស់។ អ្វី​ដែល​សំខាន់​ជាង​នេះ​សម្រាប់​ពួកគេ​គឺ ​ការ​ទទួល​បាន​នូវការ​ទទួល​ស្គាល់​ថា អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ពួកគេ​គឺជា​អំពើ​មួយ​មិន​ត្រឹម​ត្រូវ។ យើង​ទទួល​បាន​ការ​សុំ​ទោស​មែន​ប៉ុន្តែ​គ្មាន​អ្វី​ទៀត​ទេ​ក្រៅ​ពី​នោះ»។

ការ​សុំ​ខមា​ទោស​ទៅកាន់ «ជំនាន់​ដែល​ត្រូវ​គេ​ឆក់​យក»​ឬ «Stolen Generations» កាលពី​ខែ​កុម្ភៈ​ ឆ្នាំ២០០៨ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​នាយក​រដ្ឋ​មន្រ្តី​នាពេល​នោះ​គឺ​លោក Kevin Rudd។

លោក​ជឿ​ថាសុខុមាលភាព​និង​ឱកាសរបស់​ក្រុម​ជនជាតិ​ដើម​ មាន​ភាព​ប្រសើរ​ជាង​មុន​ច្រើន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នេះ។

លោក​បាន​ថ្លែង​ថា៖

«ខ្ញុំសូម​ជំទាស់​ចំពោះ​ការ​អះអាង​ដែល​ថា​ វា​មាន​ការ​វិវឌ្ឍ​តិច។ ​ដប់​ឆ្នាំ​ទៀត​អ្នក​នឹង​ឃើញ​ថា ទារក​របស់​ជនជាតិ​ដើម​ជាច្រើន​នឹង​មិន​ស្លាប់​នៅ​ពេល​ទើប​កើត​ទៀត​នោះ​ទេ។​ មាន​កុមារ​ជនជាតិ​ដើម​រាប់សិប​ម៉ឺន​នាក់អាយុ​បួន​ឆ្នាំ​ច្រើន​ជាង​មុន​បាន​ចូល​រៀន​នៅ​សាលា​មតេ្តយ្យ។ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ថា​អ្នក​រាល់​គ្នា​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត ពួកគេ​គួរ​តែ​ដឹង​ថា​មាន​រឿង​ជាច្រើន​ទៀត​ដែល​យើង​ត្រូវ​ធ្វើ»។

ពលរដ្ឋ​ជនជាតិ​ដើម​អូស្រ្តាលី​មាន​ចំនួន​ប្រហែល​បី​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​អូស្រ្តាលី​សរុប។ ហើយ​បើតាម​ការ​ប៉ាន់ស្មាន​ ពួកគេ​មកដល់​ទ្វីប​អូស្រ្តាលីប្រហែល​តាំងពី​៦០.០០០​ឆ្នាំ​មុន៕

ប្រែសម្រួល​ដោយ​ ទុំ ម្លិះ

XS
SM
MD
LG