ខណៈពេលដែលភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដឹកនាំដោយ អ្នកស្រី Angelina Jolie នឹងចាក់បញ្ចាំងជាផ្លូវការក្នុងបណ្តាញទូរទស្សន៍អ៊ិនធឺណិត Netflixដ៏ពេញនិយមរបស់សហរដ្ឋអាមេរិក នៅចុងឆ្នាំ២០១៧ ខាងមុខ កម្ពុជាយល់ថា វាជាសញ្ញាណល្អ ក្នុងការផ្សព្វផ្សាយអំពីភាសារបស់ខ្លួន ទៅឆាកអន្តរជាតិ។ អ្នកជំនាញភាសាវិទ្យា និងអក្សរសាស្រ្តយល់ថា កម្ពុជាត្រូវធ្វើកិច្ចការជាច្រើនទៀតលើវិស័យភាសា និងអក្សរសាស្រ្តជាតិ ដោយអាចទាញផលប្រយោជន៍ពីភាពយន្តមួយនេះ។
«ប៉ា! ប៉ា! ប៉ា! ប៉ាមកវិញមក...»
នេះជាសម្រែកទួញសោករបស់តួអង្គឯកជាក្មេងស្រី ដែលព្រាត់ឪពុកក្នុងសម័យខ្មែរក្រហម ក្នុងភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដឹកនាំដោយតារាសម្តែងហូលីវូដ អ្នកស្រី Angelina Jolie។
ប្រជាជនខ្មែរជាង ៤.០០០ នាក់អ្នកបានទស្សនាខ្សែភាពយន្តនេះជាលើកដំបូង ដែលសម្ពោធនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងទីក្រុងភ្នំពេញ និងជាច្រើនពាន់អ្នកទៀត នៅឯខេត្តបាត់ដំបង និងសៀមរាប កាលពីចុងខែកុម្ភៈកន្លងទៅ។
ពួកគេបានមើលរឿងរ៉ាវទាក់ទិននឹងប្រវត្តិសាស្រ្តជាតិខ្លួនដោយស្តាប់សំឡេងសន្ទនាក្នុងរឿងដែលផលិតដោយអ្នកដឹកនាំជនជាតិអាមេរិកកាំងជាភាសាជាតិពេលកំពុងទស្សនា។
ក្នុងវីដេអូឆ្លើយឆ្លងទៅកាន់សារព័ត៌មានអន្តរជាតិមួយ លោកស្រី Angelina Jolie បានឲ្យដឹងថាអ្នកស្រីមានមោទនភាពលើការតស៊ូរបស់ប្រជាជនខ្មែរ ដែលឆ្លងកាត់សម័យខ្មែរក្រហម ហើយអ្នកស្រីចង់បង្ហាញទៅសាកលលោកពីអ្វីដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជានៅពេលដ៏ខ្មៅងងឹតនោះ។
លោកស្រីមានប្រសាសន៍ថា៖
«ខ្ញុំចង់ពាំនាំខ្សែភាពយន្ត (មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ) នេះ មកកាន់ប្រទេសកម្ពុជា ហើយបង្ហាញចេញដោយភាសា (ខ្មែរ) របស់ពួកគេ»។
នរណាធ្លាប់គិតថា តារាហូលីវូដដែលជាផលិតករនិងតារាសម្តែងដ៏ល្បីល្បាញនៅលើពិភពលោករូបនេះ ផលិតរឿងខ្នាតធំដែលនឹងត្រូវចាក់ផ្សាយជាអន្តរជាតិនេះជាភាសាខ្មែរ ខណៈដែលយុវជនខ្មែរជាច្រើនប្រើប្រាស់ភាសាអង់គ្លេសដើម្បីធ្វើការទំនាក់ទំនងប្រចាំថ្ងៃនិងមើលខ្សែភាពយន្តជាភាសាបរទេស។
ភាពយន្តថ្មីដែលលាតត្រដាងអំពីសាច់រឿងមួយជ្រុងផ្សេងទៀតនៃប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ តាមការមើលឃើញដោយក្រសែភ្នែកពីកុមារភាពរបស់អ្នកស្រី អ៊ឹង លួង ដែលជាអ្នកនិពន្ធខ្មែរ នឹងត្រូវចាក់ផ្សាយក្នុងឆាកអន្តរជាតិ នៅចុងឆ្នាំ ២០១៧ នេះតាមរយៈ Netflix។ Netflix ជាបណ្តាញទូរទស្សន៍អ៊ិនធឺណិតដ៏ពេញនិយមរបស់សហរដ្ឋអាមេរិក។
នេះជាមោទនភាពមួយរបស់ប្រជាជនខ្មែរ ដែលរឿងរ៉ាវរបស់ពួកគេនឹងបានឮនិងឃើញដោយប្រជាជននៅក្នុងផ្នែកផ្សេងមួយទៀតនៃសាកលលោកដែលមិនសូវឮ និងមិនដែលឮអំពីកម្ពុជា និងភាសាខ្មែរ។
ទោះនេះជាដំណឹងល្អមួយសម្រាប់កម្ពុជាក៏ដោយ អ្នកជំនាញផ្នែកអក្សរសាស្រ្តខ្មែរយល់ឃើញខុសគ្នាក្នុងការងារអភិរក្ស និងអភិវឌ្ឍវិស័យអក្សរសាស្រ្ត និងភាសាខ្មែរ ស្របពេលដែលប្រទេសមួយនេះស្ថិតក្នុងការវិវត្តទៅកាន់សាកលភាវូបនីយកម្ម។
លោក រឹម ទិត្យបញ្ញា ដែលជានិស្សិតអក្សរសាស្រ្តខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំទី ៤ កំពុងអង្គុយក្នុងអគារសិក្សា ពិភាក្សាការងារជាមួយក្រុមរបស់លោក។
លោកប្រាប់ VOA ថា និស្សិតខ្មែរហាក់ដូចជាមិនសូវចាប់អារម្មណ៍លើមុខវិជ្ជាអក្សរសាស្រ្តខ្មែរទេ ព្រោះវាជាភាសាកំណើតស្រាប់។ ម្យ៉ាងទៀតលោកថា ការមិនចាប់អារម្មណ៍នេះប្រហែលមកពីពួកគេយល់ឃើញថា មុខវិជ្ជាភាសាខ្មែនេះ តម្រូវឲ្យអ្នកសិក្សារៀនតែត្រឹមសរសេរអក្សរខ្មែរឲ្យត្រឹមត្រូវតាមក្បួនច្បាប់ប៉ុណ្ណោះ។
និស្សិតអក្សរសាស្ត្រ រឹម ទិត្យបញ្ញា បានប្រាប់ VOA ថា៖
«ភាសាខ្មែរនៅមានបញ្ហាជាច្រើនដែលឲ្យយើងអ្នកសិក្សាត្រូវដោះស្រាយ។ ធំបំផុតគឺថា ជាការរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រោះអីវាងាយស្រួលបាត់បង់ថ្ងៃណាមួយជាមិនខាន បើយើងមិនបានជួយជ្រោមជ្រែង ជួយគាំទ្រលើបញ្ហាអក្សរសាស្រ្តនេះទេ»។
បញ្ញា សំដែងក្តីបារម្ភលើការប្រើប្រាស់អក្សរខ្មែរមិនត្រូវតាមក្បួនខ្នាតតាមបណ្តាញទំនាក់ទំនងសង្គមដែលកំពុងមានប្រជាប្រិយភាពនៅកម្ពុជាដូចជា Facebook។
«គេ (អ្នកប្រើប្រាស់បណ្តាញសង្គម) សរសេរជាអក្សរអង់គ្លេសត្រាប់សូរខ្មែរវិញ។ ដល់ពេលយូរៗទៅវាបាត់អក្ខរក្រមច្បាប់ដើមយូរៗទៅវាល្អៀងសូរ យូរៗទៅវាកើតទៅជារឿងសរសរខុស អត់ស្គាល់ពាក្យអត់ស្គាល់ពីប្រភេទអក្ខរហ្នឹងត្រូវសរសេរយ៉ាងម៉េច តម្រួតជើងឬក៏មិនតម្រួតជើង គឺលែងស្គាល់តែម្តង។ បញ្ហាហ្នឹងទៅថ្ងៃអនាគត យើងលេងប្រើប្រាស់ច្បាប់ដើម។ គឺយើងប្រើប្រាស់ត្រាប់តែសូរធម្មតាៗ»។
លោក សេក ណន ដែលទទួលជ័យលាភីជាគ្រូឆ្នើមប្រចាំឆ្នាំ២០១៦ ពីរាជរដ្ឋាភិបាល លើការបង្រៀនមុខវិជ្ជាភាសាខ្មែរ បានឲ្យដឹងថា សិស្សវិទ្យាល័យភាគច្រើន មានទំនោរទៅរក មុខជំនាញវិទ្យាសាស្រ្តពិត ស្របតាមគោលនយោបាយអប់រំ ផ្តោតទៅលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅថា ស្ទែម (STEM) ជាងមុខវិជ្ជាភាសាខ្មែរ និងវិទ្យាសាស្រ្តសង្គម។
លោក សេក ណន ដែលបង្រៀននៅវិទ្យាល័យហ៊ុន សែនក្រវ៉ា ខេត្តកំពង់ធំ បានឲ្យដឹងដែរថា ការប្រើប្រាស់ភាសាខ្មែរក្នុងការប្រាស្រ័យទាក់ទងគ្នាមិនចោទជាបញ្ហានោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោកថា បញ្ហាចោទនោះគឺការសិក្សាភាសាខ្មែរឲ្យបានច្បាស់តាមក្បួនខ្នាត ហើយមហាជនទូទៅឲ្យតម្លៃទាបទៅលើមុខវិជ្ជាអក្សរសាស្រ្តខ្មែរ ប្រើប្រៀបធៀបនឹងមុខវិជ្ជាដទៃ។
លោកបញ្ជាក់ថា៖
«ការប្រើប្រាស់ភាសាខ្មែរប្រហែលជាមាននិរន្តរភាពរហូត មិនមែនត្រឹមតែ១០ ឬ២០ឆ្នាំនោះទេ។ (ទោះ) រាប់រយឆ្នាំទៀត នៅក្នុងសង្គមខ្មែរ គេនៅតែប្រើប្រាស់ ភាសាខ្មែរ និងអក្សរសាស្រ្តខ្មែរហ្នឹងឯង។ គ្រាន់តែការចាប់អារម្មណ៍ និងការឲ្យតម្លៃមុខវិជ្ជាអក្សរសាស្រ្តខ្មែរហ្នឹងនៅមានកម្រិត»។
ភាសាខ្មែរមានព្យញ្ជនៈច្រើនជាងគេបង្អស់បើប្រៀបទៅនឹងភាសាផ្សេងទៀត។ ភាសានេះមានចំនួនព្យញ្ជនៈរហូតដល់ទៅ ៧៤ ហើយជាភាសាមួយក្នុងតំបន់អូស្រ្តូអាស៊ី ដែលមានប្រជាជនប្រើប្រាស់ចំនួន ២០លាននាក់ទូទាំងសាកលលោក។
លោក សុខ សូត្រ អ្នកជំនាញផ្នែកភាសាវិទ្យា បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ Victoria នៃប្រទេសអូស្រ្តាលី មើលឃើញពីភាពវិជ្ជមានរបស់ភាសាខ្មែរនៅពេលអនាគត។
លោកថា អ្នកស្រាវជ្រាវផ្នែកភាសាវិទ្យាកាន់តែច្រើនចាប់អារម្មណ៍និង ងាកមកសិក្សាស្រាវជ្រាវភាសាខ្មែរបន្ថែម។
«ហើយនៅក្នុងការសរសេរកាសែតផ្សេងៗហ្នឹងក៏មានការយកចិត្តទុកដាក់លើការប្រើប្រាស់អក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវ។ ហើយនៅក្នុងចំណោមអ្នកសិក្សា នៅក្នុងចំណោមអ្នកស្រាវជ្រាវក៏ចឹងដែរ គឺឃើញថា មានការផុសផុលងាកមកប្រើភាសាជាតិ យកចិត្តទុកដាក់ ទោះបីជាមិនទាន់បានចេញជាលទ្ធផលច្រើនក៏ដោយ ក៏ក្នុងចំណោមការគិតគូរ»។
លោក សុខ សូត្រ មិនបារម្ភនឹងពីការប៉ះពាល់ភាសារខ្មែរដោយសារការវិវត្តនៃបច្ចេកវិទ្យាខ្លាំងនោះទេ។ លោកថា បច្ចេកវិទ្យាបច្ចុប្បន្នមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកវិសាលភាពនៃការប្រើប្រាស់ ការផ្សព្វផ្សាយ ការវិវត្ត និងការថែរក្សាអក្សរសាស្រ្តខ្មែរ ដែលភាសាជាតិ។
លោកថា ការលើកទឹកចិត្តឲ្យស្រលាញ់អក្សរសាស្រ្ត កាន់តែខ្លាំងគឺជាការចាំបាច់។
លោកពន្យល់ថា៖
«ការប្រកួតប្រជែង Creative Writing ការសរសេរប្រលោមលោក ការសរសេរកំណាព្យអីហ្នឹងក៏គួរតែវិលមកវិញ ដើម្បី ពីព្រោះកាលណាប្រលោមលោកនិងកំណាព្យត្រូវបានគេយកមកច្នៃឡើងវិញ អាការរីករាលនៃពាក្យប្រើក៏ដោយ គឹនឹងមានសន្ទុះងើបឡើងឡើងវិញច្រើនដូចគ្នា»។
លោក ចាន់ សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់ VOA ថា ភាសាខ្មែរនៅតែស្ថិតក្នុងស្ថានភាពល្អប្រសើរ បើទោះជាកន្លងមកមានការជជែកពិភាក្សាជាច្រើនអំពីការធ្លាក់ចុះនៃភាសាជាតិក៏ដោយ។
លោកបញ្ជាក់ដែរថា បើទោះជា ប្រជាជនទូទៅប្រើប្រាស់ភាសាខ្មែរដោយឆ្គាំឆ្គងជារឿយៗ វាមិនមែនជាបញ្ហាចម្បងនោះទេ។ លោកថា ប្រទេសដទៃទៀតលើពិភពលោកសុទ្ធតែជួបប្រទះបញ្ហានេះដូចគ្នា។ លោកថា នៅពេលដែលកំហុសឆ្គងនៃការប្រើប្រាស់ភាសាខ្មែរកើតឡើងក្នុងឯកសារផ្លូវការនោះ ទើបជាបញ្ហាធ្ងន់ធ្ងរ។
លោកបានថ្លែងថា រដ្ឋាភិបាលគ្រោងនឹងធ្វើបច្ចុប្បន្នភាពវចនានុក្រមជាតិមួយ ដើម្បីជាប្រយោជន៍ដល់សុខមាលភាពនៃភាសាជាតិ ព្រមទាំងបង្កើតក្រុមការងារថ្មីដើម្បីរៀបរៀងសៀវភៅវេយ្យាករណ៍ និងសំណង់ប្រយោគខ្មែរផងដែរ។ លោកថា ក្រុមការងារទាំងនោះ នឹងផ្ទៀងផ្ទាត់ឡើងវិញនូវរាល់ឯកសារផ្លូវការ ដើម្បីកាត់បន្ថយអក្ខរាវិរុទ្ធ និងប្រយោគដែលខុសជាដើម។
បើតាម លោក ចាន់ សំណព្វ ការធ្វើបច្ចុប្បន្នភាពវចនានុក្រមជាតិថ្មីនេះ គឺផ្អែកលើវចនានុក្រមរបស់សម្តេចសង្ឃ ជួន ណាត ហើយក្រុមការងារលើរឿងនេះនឹងដាក់បន្ថែមនូវពាក្យថ្មីៗ។
លោកមានប្រសាសន៍ថា៖
«ចឹងពីពេលហ្នុង! បានន័យថាភាសាយើងកាន់តែរុងរឿងហើយ។ ផ្នែកអក្ខរាវិរុទ្ធ យើងនឹងអាចដោះស្រាយបាន។ សំណេរទាំងឡាយយើងនឹងមានឯកភាពនៅក្នុងបញ្ជីជាតិយើងទាំងមូល។ នៅពេលហ្នឹងខ្ញុំថា នៅពេលដែលយើងមានឯកសារជាគោលក្នុងការអនុវត្ត ខ្ញុំជឿជាក់ថា គ្រាន់តែយើងចាប់ផ្ដើមឲ្យអនុវត្តនូវអ្វីដែលយើងមាន ខ្ញុំថាអាហ្នឹងឯកភាពជាតិមានមួយរយភាគរយហើយ»។
លោក ចាន់ សំណព្វ យល់ថា ខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលត្រូវបានផលិតជាភាសាខ្មែរនេះ ជួយលើកតម្កើងភាសាខ្មែរនៅលើឆាកអន្តរជាតិ ហើយភាសាខ្មែរអាចនឹងត្រូវបានគេប្រើនៅក្នុងខ្សែភាពយន្តហូលីវូដដទៃទៀតនាពេលខាងមុខផងដែរ។
សាស្រ្តាចារ្យ Teri Yamada ប្រធានដេប៉ាតឺម៉ង់សិក្សាអាស៊ីនៃសាកលវិទ្យាល័យឡុងប៊ិច (Long Beach) សហរដ្ឋអាមេរិក ដែលធ្លាប់ចុះកម្មសិក្សា ស្រាវជ្រាវអំពីអក្សរសាស្រ្ត និងអក្សរសិល្ប៍ខ្មែរក្នុងអំឡុងឆ្នាំ២០០២ បានប្រាប់ VOA ថា កម្ពុជានៅខ្វះការឲ្យតម្លៃចំពោះការសរសេរបែបច្នៃប្រឌិត ដែលជួយជំរុញឲ្យអ្នកនិពន្ធកាន់តែបែកគំនិតក្នុងការសរសេរឲ្យកាន់តែប្រសើរឡើង។
លោកសាស្រ្តាចារ្យបានពន្យល់ថា៖
«នៅតាមសាលារដ្ឋ ការសរសេរភាសាខ្មែរឲ្យត្រឹមត្រូវ ដែលគិតទាំងសរសេរពាក្យឲ្យបានច្បាស់ ឃ្លាប្រយោគល្អ និងការពិណ៌នាសាច់រឿងឲ្យមានឃ្លាឃ្លោងទាក់ទាញ នៅមិនមែនជាអាទិភាពក្នុងការសិក្សានៅឡើយទេក្រៅអំពីការរៀនត្រឹមតែប្រឡងជាប់»។
អ្នកស្រី Teri Yamada ធ្លាប់បានរៀបចំសមាគមអក្សរសិល្ប៍នូ ហាច ថ្លែងប្រាប់ VOA តាមរយៈសារអេឡិចត្រូនិចថា ការគាំទ្រអ្នកនិពន្ធវ័យក្មេង ក្នុងការបោះពុម្ពស្នាដៃរបស់ពួកគេ ក៏ជាយន្តការសំខាន់មួយដើម្បីលើកកម្ពស់ភាសាជាតិនេះផងដែរ។
អ្នកស្រីនិយាយថា៖
«បើសិនជារដ្ឋាភិបាល ពិតជាចង់គាំទ្រភាសា និងអក្សរសាស្ត្រខ្មែរមែននោះ ពួកគេគួរតែបង្កើតនូវការគាំទ្រការបោះពុម្ពផ្សាយដល់អ្នកនិពន្ធវ័យក្មេង»។
អ្នកស្រី លើកឡើងថា ការចាក់បញ្ចាំងខ្សែភាពយន្ត «មុនដំបូងគេសម្លាប់ប៉ារបស់ខ្ញុំ» តែមួយមុខនោះ មិនទាន់គ្រប់គ្រាន់ក្នុងការលើកកម្ពស់ភាសា និងអក្សរសាស្ត្រខ្មែរនោះទេ។
អ្នកស្រី សរសេរក្នុងសារអេឡិចត្រូនិចថាទៀតថា «ខ្សែភាពយន្តនោះ មិនមែនជាសៀវភៅដែលអាចឲ្យគេអង្គុយអានដោយផ្ចិតផ្ចង់នោះទេ»៕