ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូស្រ្តាលី​ជួយ​សហរដ្ឋ​អាមេរិក​ពិនិត្យ​មើល​ការ​ពង្រីក​ដែន​សមុទ្រ​របស់​ចិន


មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​អាមេរិក​​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​លោក Harry Harris (ឆ្វេង) និង​មេបញ្ជាការ​រង​កង​ទ័ព​ជើង​ទឹក​អូស្ត្រាលី​លោក David Johnston ក្នុង​ពេល​សមយុទ្ធ​យោធា​រួម​មួយ​ឈ្មោះ​ថា Talisman Saber 2017។

ប្រទេស​អូស្រ្តាលី​ដែល​មាន​ការ​ព្រួយ​កង្វល់​អំពី​បណ្តាញ​ពាណិជ្ជ​ដ៏​ធំធេង​នៅ​ក្នុង​តំបន់​នឹង​ចូលរួម​ជាមួយ​ប្រទេស​ជប៉ុន ឥណ្ឌា​និង​សហរដ្ឋ​អាមេរិកក្នុងការ​ត​ទល់​ការ​វាទី​របស់​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ដ៏​ធំបំផុត​នៅ​ក្នុង​តំបន់​អាស៊ី។

​នាវា​ចំបាំង​អូស្រ្តាលី​ចំនួន៦​គ្រឿង​បានបើក​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​សប្តាហ៍​នេះ ​ដោយ​មិន​មានការ​ប្រាប់​ឲ្យ​ដឹង​ពី​ទិស​ដៅ​សម្រាប់​សមយុទ្ធ​យោធា។បណ្តាញ​ផ្សាយ​ព័ត៌មាន​អូស្រ្តាលី​បាន​ហៅ​បេសកកម្ម​នេះ​ថា​ធំបង្អស់​របស់​ខ្លួនក្នុង​រយៈ​ពេល​៣០​ឆ្នាំ។

លោក ​Jeffrey Wilson ​ជា​សាស្រ្តាចារ្យ​នៅ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​អាស៊ី​នៅ​ឯ​សា​កល​វិទ្យា​ល័យ ​Murdoch University​ ក្នុង​ទីក្រុង​ Perth​ បាន​និយាយ​ថា «មាន​ទស្សនៈ​ប្រាកដ​ប្រជា​ក្នុង​ផ្នែក​ខ្លះ​ក្នុង​ប្រទេស​អូស្រ្តាលី​ថា ​នេះ​ជា​ការ​រួមវិភាគ​ទាន​មួយ​របស់​អូស្រ្តាលី​ដល់​កិច្ចការ​ខាង​ការ​ទូត​និង​អន្តរជាតិ​នៅ​ក្នុង​តំបន់​អាស៊ីជា​អ្នក​ដើរ​តួនាទី​ខាង​សន្តិសុខ‍​មួយ។ យើង​មាន​កម្លាំង​ការពារ​តូច​បំផុត ​ក៏ប៉ុន្តែ ​មាន​បច្ចេកវិទ្យា​និង​សមត្ថភាព​ខ្ពស់‍»។

ពួក​អ្នក​វិភាគ​និយាយ​ថា ពួក​មេដឹកនាំ​របស់​ប្រទេស​អូស្រ្តាលី​ចង់ឲ្យ​អ្នកបោះ​ឆ្នោត​របស់​ខ្លួន​និង​ប្រទេស​ជិត​ខាង​នៅ​អាស៊ី​មើល​ឃើញ​ថា រដ្ឋាភិបាល​ Canberra ​ជា​អ្នក​ការ​ពារ​នីតិរដ្ឋ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​ប្រកាន់​ខ្ជាប់​តួនាទី​របស់​ខ្លួន​ចាប់​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​មក។

ក្រសួងការ​ពារ​ប្រទេស​អូស្រ្តាលី​បាន​ប្រាប់​ឲ្យ​ដឹងថា ​នៅកំណត់​ឆ្នាំ២០២១ ​ខ្លួន​នឹង​បង្កើន​ថវិកា​ខាង​វិស័យយោធា​ទៅ​ដល់​២​ភាគរយ​នៃផលិតផល​សរុប​ក្នុងស្រុក GDP ​ដែល​ជាការ​កើន​ឡើង​ខ្លាំង​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​ ថវិកា សម្រាប់​វិស័យការពារ​ប្រទេស​សម្រាប់​ឆ្នាំ​២០១៧​និង​២០១៨មាន​ចំនួន​២៧.៤ពាន់​លាន​ដុល្លារ៕

XS
SM
MD
LG