ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​វៀតណាម​២៥​នាក់ ជាប់​នៅ​ទីក្រុង​វូហាន​ដែល​ជា​ទី​កន្លែង​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​ដ៏​ប្រល័យ


រូបឯកសារ៖ ទិដ្ឋភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​និង​ក្បែរ​សាកលវិទ្យាល័យ​វូហាន (Wuhan University) កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ ២០២០។ (រូបថត​ផ្តល់​ឲ្យ)

ពួក​និស្សិតវៀត​ណាម ​បាន​ជាប់​នៅ​ក្នុង​ទីក្រុង​វូហាន​នៃ​ប្រទេស​ចិន ​បន្ទាប់​ពីការ​ផ្ទុះ​ឡើងនូវ​មេរោគ​កូរ៉ូណា ប្រឈម​នឹងការ​ធុញ​ទ្រាន់ ភាព​តាន​តឹង​ក្នុង​ចិត្ត ​និង​ការ​ព្រួយ​បារម្ភ។ នេះ​តាមតំណាង​សមាគម​និស្សិត​វៀតណាម​ក្នុង​ទីក្រុង​វូហាន​ដែល​បាន​ប្រាប់ VOA ផ្សាយ​ជាភាសា​វៀតណាម​កាល​ពី​ថ្ងៃ​សុក្រ។

Khuc Kieu Oanh ជា​និស្សិត​នៅឯសាកល​វិទ្យាល័យ​វូហាន ​ដែល​បាន​ចាក​ចេញ​ពី​ក្រុង​កាល​ពី​ចុង​ខែ​មុន​បាន​និយាយថា ​មាន​និស្សិត​វៀត​ណាម​ប្រហែល​២៣​នាក់បាន​ជាប់​គាំង​នៅ​ក្នុង​ទីក្រុង​នោះ ​រួមមាន​និស្សិត​មាន​ផ្ទៃ​ពោះម្នាក់​ និង​និស្សិត​ដែលមាន​កូន​តូច​ៗ។

និស្សិត Khuc Kieu Oanh និយាយ​ទៀត​ថា៖

«នៅពេល​បច្ចុប្បន្ននេះ ​មាន​និស្សិត​វៀត​ណាម​ប្រហែល​២៣នាក់​ និង​កូនក្មេង ​២ ​ឬ ​៣​ នាក់ ​នៅ​ក្នុង​ទីក្រុង​វូហាន។​ ពួកគេ​ទាំងអស់មាន​សុខភាព​ល្អ»។

Nguyen Thi Vu Hoai ជា​និស្សិត​នៅឯ​សាកល​វិទ្យា​ល័យ Central China Normal ដែល​នៅពេល​បច្ចុប្បន្ន​នេះ កំពុង​រស់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​នៅ​ក្នុង​ទីក្រុង​វូហាន ​បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​វៀត​ណាម​ថា៖

«ខ្ញុំ​ឥឡូវនេះ ​បាន​ជាប់​នៅ​ទី​នេះ​ជា​មួយ​កូន​តូច​ម្នាក់​របស់​ខ្ញុំ ​ហើយ​ខ្ញុំ ​មិនដឹង​ថា​តើ​ធ្វើអ្វី​ឬ​និយាយ​អ្វី​ទេ»។

Cao Hoai Anh ជា​និស្សិត​នៅ​វិទ្យា​ស្ថានអប់រំ​កាយវូហាន ​បាន​ប្រាប់​VOA ផ្សាយ​ជា​ភាសាវៀតណាម​កាល​ពី​ថ្ងៃ​សុក្រថា និស្សិតបរទេស​ភាគ​ច្រើន ​ដែល​ត្រូវបាន​នៅ​ជាប់​ក្នុង​អន្តេវាសិកដ្ឋាននៅ​ក្នុង​ទីក្រុងវូហាន ​បាន​ត្រូវពួកអាជ្ញាធរ​សាលាពិនិត្យ​មើល​សីតុណ្ហភាពក្នុង​ខ្លួន​២ដង​ក្នុង​មួយ​ថ្ងៃ ​ខណៈ​ដែល​សាលារៀន​ទាំងអស់​នៅ​ក្នុង​ទីក្រុង​នោះ​បាន​ត្រូវ​បិទទ្វារ។

Nguyen Van Phi ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​វូហាន​ហើយ​នឹង​ភរិយា​មាន​ឈ្មោះ​ថាNguyen Thi Thanhដែល​មាន​ផ្ទៃ​ពោះ ​មានការ​ព្រួយបារម្ភ​និង​ភ័យខ្លាច​នៅពេល​ដែលក្រុង​វូហាន​បាន​ក្លាយជា​ទីកន្លែង​នៃ​ការផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​ថ្មី​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​ក៏២១៣​នាក់​ដែរស្លាប់។

ទីភ្នាក់​ងារ​ព័ត៌មាន VNExpress បាន​រាយការណ៍​ថា៖

«នៅ​ម៉ោង​៧​ព្រឹក សំឡេង​នាឡិកា រោ Nguyen Van Phi បាន​ភ្ញាក់​ហើយ​បាន​ស្ទាបថ្ងាស​របស់​ប្រពន្ធ​ខ្លួន​និង​ថ្ងាស​របស់​ខ្លួន ហើយ​បាន​និយាយ​ថា ​សំណាង​ណាស់​ដែល​យើង មិន​មាន​ជំងឺ​គ្រុន»។

ទាំង​ Khuc Kieu Oanh និង Cao Hoai Anh ​ដែលនៅពេល​បច្ចុប្បន្ននេះ ​បាន​ឈប់​សម្រាក​នៅ​បុណ្យ​ចូលឆ្នាំ​តាម​ច័ន្ទ​គតិក្នុង​ប្រទេស​វៀតណាម​ ​បាន​និយាយ​ថា ផែនការ​របស់​ពួកគេ​ដើម្បី​វិលត្រឡប់​ទៅកាន់​សាលា​រៀន​វិញ ​បាន​ត្រូវ​ពន្យា​ពេល​ដោយ​គ្មា​ន​ពេល​កំណត់។

Hoan Anh បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​វៀត​ណាម​ ថា៖

«ផែនការ​នៃ​ការ​សិក្សា​នៅ​ពេល​នេះ​សម្រាប់​ឆមាស​ថ្មី ​បាន​ត្រូវ​ពន្យា​ពេល​គ្មាន​ពេល​កំណត់។​សាលា ​នឹងជូន​ដំណឹង​ពី​ព័ត៌​មាន​ថ្មី​ៗ​បន្ថែម​ទៀត»។

Hoan Anh បាននិយាយ​ទៀត​ថា៖

«នៅ​ពេល​បច្ចុប្បន្ននេះ ​គ្រូបង្រៀន ​មិន​ទៅ​សា​លា​រៀន ពួកគេ ​ធ្វើ​ការ​តាមកំព្យូទ័រ។ នៅពេល​ឥឡូវនេះ មិនមាន​មនុស្ស​នៅ​សា​លា​រៀន​ទេ ​មាន​គ្រូបង្រៀន​ខ្លះ ធ្វើ​កិច្ចការ​ប៉ុណ្ណោះ»។

លោក Vo Hai Anh ​ប្រធាន​សមាគម​និស្សិតបរទេសវៀត​ណាម​ក្នុងក្រុងវូហាន ​បាន​ប្រាប់​កាសែត​ឡាវដុងថា ​បណ្តាល​មក​ពីព្រឹត្តិការណ៍​ថ្មី​នៅ​ក្នុង​ស្ថាន​ភាព​ជំងឺកូរ៉ូណា ​សាលារៀនទាំងអស់​នៅ​ក្នុង​ទីក្រុង​វូហាន ​បាន​ប្រកាស​ពី​ផែនការ​នៃ​ការរៀប​ចំ​កាល វិភាគឡើងវិញឬ​បិទ​ជា​បណ្តោះ​អាសន្ន​ដោយ​រង់ចាំ​ចំណាត់ការ​បន្ថែម​ទៀត។

កាសែត Thanh Nien បាន​រាយការណ៍​ថា ​និស្សិត​ភាគ​ច្រើន​ដែល​ឈប់​សម្រាក​នៅ​បុណ្យ​ចូលឆ្នាំ​ថ្មីតាម​ច័ន្ទគតិ​នៅ​ឯស្រុក​កំណើត​ក្នុង​ប្រទេស​វៀត​ណាម ​បាន​ទិញ​សំបុត្រ​យន្តហោះ​ត្រឡប់​មកប្រទេស​ចិនវិញ ​បាន​ពន្យា​ពេល​ការ​ធ្វើ​ដំណើរ​ឬ​លប់​ចោល​ការ​ត្រឡប់​មក​វិញ។

តាម​ស្ថិតិ​របស់​ស្ថាន​ទូត​វៀត​ណាមក្នុង​ប្រទេស​ចិន ​ប្រាប់​ឲ្យ​ដឹងថា ​មាន​និស្សិត​វៀត ណាម​២៤នាក់ ​បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង​វូហាន ​រួមមាន​៤​គ្រួសារ ដែល​មាន​កូន​ក្មេង​៣​នាក់​ផង។

​ស្ថាន​ទូត​វៀត​ណាម ​ក៏បាន​ប្រាប់ឲ្យ​ដឹងទៀត​ថា ​មាន​និស្សិត​វៀត​ណាម​២០៧​នាក់​សិក្សា​នៅ​ប្រទេស​ចិន​បាន​ត្រឡប់​មក​ប្រទេស​វៀត​ណាម​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ចិន​នេះ។

លោក Cao Hoai Anh បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​វៀត​ណាម​អំពី​ផែនការ​ដឹក​ជញ្ជូន​ពួក​និសិ្សត​វៀតណាម​ដែល​ជាប់​នៅ​ក្នុង​ទីក្រុង​វូហាន​នោះ​ត្រឡប់​មក​វៀតណាម​វិញ។

លោក ​បាន​និយាយ​ថា៖

«នៅពេល​បច្ចុប្បន្ននេះ មាន​កម្មវិធីជួយ​ឧបត្ថម្ភ​ពួក​និស្សិត​ដែល​នៅ​ជាប់​ក្នុង​ក្រុង​វូហានដែល​ធ្វើ​ឡើង​ដោយ​ស្ថាន​ទូត​វៀត​ណាម​ដើម្បីជួយ​ពួគគេឲ្យ​វិល​ត្រឡប់​ទៅប្រទេស​វិញ ​ក៏ប៉ុន្តែ មិនមាន​ព័ត៌មាន​ជាក់លាក់ទេ។ព័ត៌​មាន​នៃ​ជើង​ហោះ ហើរ ​ក៏មិនមាន​គ្រប់​គ្រាន់​ដែរ។អ្វី​ៗ​ស្ថិត​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ។ មិនមាន​ការរៀប​ចំ​ជើង​ហោះ​ហើរ​ដើម្បី​នាំ​ពួក​និស្សិត​ទាំង​នោះ​ត្រឡប់​មកកាន់​មាតុ​ភូមិ​វិញទេ»។

កាសែត​ទួយជែ ​បាន​ដក​ស្រង់​សម្តី​តំណាង​អាកាស​ចរណ៍ Vietjet Airlines កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​មករា ​មក​ចុះផ្សាយ​ថា ​ប្រសិនបើ ​ផែនការ​នេះ ត្រូវបាន​អនុញ្ញាត ​ក្រុម​ហ៊ុនអា កាសចរណ៍ Vietjet Airlines នឹង​រៀបចំ​យន្តហោះ​ដើម្បី​ដឹក​ពលរដ្ឋ​វៀតណាម​ត្រឡប់​មក​ប្រទេស​វិញ។

​តាម​បណ្តាញ​ព័ត៌មានវៀត​ណាម ​ប្រាប់​ឲ្យ​ដឹងថា ​និស្សិត​វៀត​ណាម​ជា​ច្រើន​ ​មិន​មែន​តែ​នៅ​ក្នុង​ទី​ក្រុង​វូហាន​ទេ ​ក៏ប៉ុន្តែ ​នៅ​ក្នុង​ខេត្ត​និង​ទីក្រុងផ្សេងៗទៀត​នៅ​ក្នុង​ប្រទេស​ចិន ​ក៏​ប្រាថ្នា​វិលត្រឡប់​ទៅកាន់​វៀត​ណាម​វិញ​នៅ​ពេល​ឆាប់​ៗនេះ៕

ប្រែសម្រួលដោយលោក ជឹង ប៉ូជីន

XS
SM
MD
LG