ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ម​វិធី​ថ្មី​របស់​ទីភ្នាក់ងារ​ USAID​ ​ មាន​គោលដៅ​ជួយការពារ​ជនរងគ្រោះ​ពី​ការជួញ​ដូរមនុស្ស


លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ (ឆ្វេងទី៥​) ឈរ​ថតរូប​ជាលក្ខណៈ​គ្រួសារ​ក្នុងអំឡុង​ពេលកិច្ច​ប្រជុំ​កំពូល​អាស៊ាន-ស.រ.អា. ក្នុង​មជ្ឈមណ្ឌល​សន្និបាត​ជាតិ​ក្នុងរដ្ឋធានី​ វៀងចន្ទន៍​ ប្រទេសឡាវ​ ថ្ងៃ​ព្រហស្បតិ៍​ ទី០៨​ ខែកញ្ញា​ ឆ្នាំ២០១៦​។
លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ (ឆ្វេងទី៥​) ឈរ​ថតរូប​ជាលក្ខណៈ​គ្រួសារ​ក្នុងអំឡុង​ពេលកិច្ច​ប្រជុំ​កំពូល​អាស៊ាន-ស.រ.អា. ក្នុង​មជ្ឈមណ្ឌល​សន្និបាត​ជាតិ​ក្នុងរដ្ឋធានី​ វៀងចន្ទន៍​ ប្រទេសឡាវ​ ថ្ងៃ​ព្រហស្បតិ៍​ ទី០៨​ ខែកញ្ញា​ ឆ្នាំ២០១៦​។

សហរដ្ឋ​អាមេរិក បាន​ប្តេជ្ញា​ផ្តល់ថវិកា​បន្ថែម​ និងចាប់​អនុវត្ត​ផែនការថ្មី​ក្នុងការ​លុបបំបាត់​ការជួញ​ដូរមនុស្ស​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា។

មន្រ្តី​នៃ​សេតវិមាន​ បាន​បញ្ជាក់​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ដើម្បីគាំ​ទ្រឲ្យ​មានការ​ផ្តោត​យកចិត្ត​ទុកដាក់​បន្ថែម​លើបញ្ហានៃ​ការជួញ​ដូរមនុស្ស​ និងការ​ធ្វើអន្តោប្រវេសន៍​មិនប្រក្រតី​នានា លោក​ប្រធានា​ធិបតី​ អូបាម៉ា​ បានប្រកាស​ដាក់​ផែនការ​សកម្មភាព​រយៈពេល​៥ឆ្នាំដែល​មាន​លក្ខណៈ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ឲ្យ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)»។

ផែនការ​ថ្មីនេះ​ នឹង​ចំណាយ​ថវិកាចំនួន​ ១២លាន​ដុល្លារអាមេរិក​សម្រាប់ឆ្នាំដំបូង​ទៅលើ​ការការពារ​និង​ការជួយ​ទំនុក​បម្រុង​ជនរងគ្រោះ​ ដែលក្រុម​អ្នកជំនាញ​ និងអ្នក​ធ្វើការ​ផ្នែក​នេះបាន​និយាយថា​បញ្ហានេះ​ ត្រូវបាន​គេមើល​រំលង​នៅពេល​ដែល​អាជ្ញាធរ​ផ្តោតតែ​ទៅលើ​ការកាត់​ទោស។

លោក​ Matthew Smith សហ​ស្ថាបនិក​នៃអង្គការ​សិទ្ធិមនុស្ស​មួយឈ្មោះ​ថា​ Fortify Rights បាន​និយាយ​ថា ប្រទេសថៃ​មានភាព​ខ្វះខាត​ផ្នែក​គោលនយោបាយ​ក្នុងការ​ធានា​ការពារ​ជនរង​គ្រោះ។

លោក​បានប្រាប់​ VOA ថា​៖ «ប្រទេសថៃ​នៅតែ​បន្តការ​ឃុំឃាំង​ជនដែល​រួចផុត​ពីគ្រោះថ្នាក់​ ជនភៀសខ្លួន​ បុរស​ ស្រ្តី​ និងកុមារ​ជាច្រើន។ ទាំងអស់​នេះ​ សុទ្ធតែ​ជាបញ្ហា​ ពីព្រោះ​នៅពេល​ដែល​ជនភៀស​ខ្លួនមិន​ទទួល​បាន​ការការពារ​ ហានិភ័យ​នៃការ​ជួញដូរ​មនុស្ស​នឹងកើន​ឡើង​បន្ថែម។ ម្យ៉ាងទៀត​សង្គម​ស៊ីវិល​ ក៏ត្រូវ​បាន​គេដាក់​ទណ្ឌកម្ម​ទៀត​ នេះ​ គឺជាបញ្ហា​ដ៏ធំនៅក្នុង​ប្រទេស​នេះ»។

លោក​ Smith បានបន្ត​ថា គាត់​ជឿជាក់ថា​ការ​បន្ថែម​ធនធាន​ និងហិរញ្ញវត្ថុ​ក្នុងតំបន់​ នឹងជួយ​គាំទ្រ​អង្គការ​នានា​ដែល​អាច​ប្រើប្រាស់​ឥទ្ធិពល​របស់គេ​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​នានា​ក្នុង​តំបន់​នេះ។

លោក​ បាន​បន្ថែម​ថា៖ «ក្នុង​ទំហំ​ធនធាន​កាន់​តែច្រើន​ដែលបាន​ផ្តល់នេះ​ យើង​ជឿជាក់​ថា វា​នឹងផ្តល់​នូវ​ផល​វិជ្ជ​មានលើ​គោល​នយោបាយ​នានា​ក្នុង​ប្រទេសថៃ។ ការណ៍​នេះ ជា​ជំហាន​វិជ្ជមាន​នៃរដ្ឋបាល​លោក​អូបាម៉ា​ ដែលបាន​ប្តេជ្ញា​ផ្តល់​ធនធាន​បន្ថែមទៀត​ក្នុងការ​លុបបំបាត់​ការជួញ​ដូរ​មនុស្ស»៕

ប្រែ​សម្រួលដោយ​ កោះ​ សុគន្ធី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG