សភាជាតិអូស្ត្រាលីបានបើកសវនាការកាលពីថ្ងៃទី ២ ខែឧសភាដើម្បីពិចារណាអំពីសំណើច្បាប់ថ្មីមួយដែលថានិមិត្តសញ្ញាណាហ្ស៊ីត្រូវបានគេទទួលស្គាល់ជាសាកលថាជានិមិត្តសញ្ញានៃការសម្លាប់រង្គាលនិងការស្អប់គុំកួន ដែលត្រូវបានពួកស្ដាំនិយមជ្រុលយកមកធ្វើជាអាវុធ។
គណៈកម្មាធិការកិច្ចការច្បាប់និងរដ្ឋធម្មនុញ្ញនៃព្រឹទ្ធសភាអូស្ត្រាលីកំពុងពិចារណាលើសំណើច្បាប់ថ្មីមួយដែលស្នើដោយអ្នកស្រី Michaelia Cash ដែលជាសមាជិកគណបក្សសេរីនិយម ដែលជាគណបក្សប្រឆាំងនៅអូស្ត្រាលី ដែលមានតួនាទីជារដ្ឋមន្ត្រីយុត្តិធម៌របស់គណបក្ស។
សំណើច្បាប់របស់អ្នកស្រីត្រូវបានដាក់ជូនសភាក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីមនុស្សមួយក្រុមនៃអង្គការ Nationalist Socialist Network ដែលជាអង្គការប្រកាន់ទស្សនៈជ្រុលនិយមមួយនៅអូស្ត្រាលី បានលើកដៃបែបនិមិត្តសញ្ញាណាហ្ស៊ីម្ដងហើយម្ដងទៀតនៅលើកាំជណ្តើរនៃវិមានសភារដ្ឋ Victoria កាលពីខែមីនា។
លោក Greg Barton ដែលជាអ្នកជំនាញផ្នែកភេរវកម្មនិងជាសាស្ត្រាចារ្យនយោបាយឥស្លាមសាកលនៃសាកលវិទ្យាល័យ Deakin បាននិយាយថា សំណើច្បាប់ថ្មីនេះគឺដូចទៅនឹងសំណើច្បាប់ដែលបានស្នើឡើងនៅក្នុងប្រទេសផ្សេងទៀតដែរ។
លោកបានប្រាប់ VOA កាលពីថ្ងៃទី ៣ ខែឧសភាថា ការឆ្លើយតបជាអន្តរជាតិចំពោះនិមិត្តសញ្ញានិងកាយវិការស្ដាំនិយមជ្រុលនានាមានលក្ខណៈខុសៗគ្នា។ និមិត្តសញ្ញាណាហ្ស៊ីត្រូវបានហាមឃាត់នៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែមិនត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិកទេ។
«មានឧទាហរណ៍ជាយូរមកហើយដែលបង្ហាញថា អាល្លឺម៉ង់មានលក្ខណៈតឹងតែងខ្លាំងសម្រាប់ហេតុផលដែលអាចយល់បានអំពីនិមិត្តសញ្ញាណាហ្ស៊ីនិងទស្សនៈណាហ្ស៊ីនៅក្នុងការបង្ហាញឡើងជាសាធារណៈ។ នៅទូទាំងទ្វីបអឺរ៉ុប យើងឃើញមានលំនាំចម្រុះ។ រឿងនេះមិនមែនជាបញ្ហាធំទេនៅក្នុងប្រទេសអូស្ត្រាលី។ ដូច្នេះ ច្បាប់ហាក់ដូចជាធ្វើតាមតម្រូវការ នៅពេលដែលវាបង្ហាញកាន់តែច្បាស់ថាមានសកម្មភាពបែបណាហ្ស៊ីនៅពេលឥឡូវនេះ ហើយពួកគេប្រើនិមិត្តសញ្ញាទាំងនេះដោយចេតនាដើម្បីព្យាយាមធ្វើយ៉ាងណាឱ្យបានការឆ្លើយតបពីប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីព្យាយាមទាក់ទាញចំណាប់អារម្មណ៍និងព្យាយាមជ្រើសរើសអ្នកគាំទ្រពួកគេ»។
លោក Barton ក៏បាននិយាយផងដែរថា ការកើនឡើងនៅទូទាំងពិភពលោកនៃទស្សនៈជាតិនិយមជាតិសាសន៍ស្បែកសគឺជាបញ្ហាប្រឈមសម្រាប់អាជ្ញាធរ។
«តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក យើងបានឃើញក្រុមមនុស្សនៅទូទាំងពិភពលោកដែលបានចាប់អារម្មណ៍លើអ្វីដែលពួកគេគិតថាជាគោលគំនិតដ៏មានឥទ្ធិពលនៃទស្សនៈសង្គមនិយមបែបជាតិនិយម និងលើនិមិត្តសញ្ញានិងនិមិត្តរូបនៃទស្សនៈនេះ ដោយសារតែមួយផ្នែកប្រហែលជាវាត្រូវបានគេចាត់ទុកថាជាសកម្មភាពខុសច្បាប់ដែលមានឥទ្ធិពលទាក់ទាញ។ មានប្រវត្តិជាយូរមកហើយនៅក្នុងប្រទេសអូស្ត្រាលី។ វាមិនច្រើនប៉ុន្មានទេប៉ុន្តែកំពុងកើនឡើង។ ករណីនេះបានកើនឡើងយ៉ាងលឿននៅទូទាំងទ្វីបអឺរ៉ុបនិងទ្វីបអាមេរិកខាងជើង ហើយប្រាកដណាស់ ប្រសិនបើយើងក្រឡេកមើលទៅលើភាពជ្រុលនិយមហិង្សា វាគឺជាការជម្រុញទឹកចិត្តចម្បងបំផុតសម្រាប់ការវាយប្រហារ ហើយជាអកុសល ការសម្លាប់នានានៅសហរដ្ឋអាមេរិកក្នុងពេលថ្មីៗកន្លងមកនេះគឺជាទម្រង់ផ្សេងៗនៃភាពស្ដាំនិយមជ្រុល»។
ក្រសួងមហាផ្ទៃអូស្ត្រាលីបានបញ្ជាក់ថា សញ្ញាណគ្រោះថ្នាក់នាពេលបច្ចុប្បន្នពីក្រុមណាហ្ស៊ីបែបថ្មីមានលក្ខណៈ «ស្មុគស្មាញ ពិបាកដោះស្រាយ និងប្រែប្រួល»។
នៅក្រោមច្បាប់ដែលបានស្នើឡើងនេះ ជនណាដែលត្រូវបានរកឃើញថាបានបង្ហាញនិមិត្តសញ្ញាណាហ្ស៊ីនៅក្នុងប្រទេសអូស្ត្រាលីនឹងប្រឈមនឹងការផាកពិន័យរហូតដល់ ១៨.០០០ ដុល្លារ និងការជាប់ពន្ធាគាររហូតដល់ ១២ ខែ។
រដ្ឋនិងដែនដីភាគច្រើនរបស់អូស្ត្រាលីបានហាមឃាត់រួចហើយនូវនិមិត្តសញ្ញាណាហ្ស៊ីនេះ ដែលជានិមិត្តសញ្ញាដែលរបបណាហ្ស៊ីរបស់ Adolf Hitler យកមកប្រើក្នុងប្រទេសអាល្លឺម៉ង់កាលពីទសវត្សរ៍ ១៩២០៕
ប្រែសម្រួលដោយលោក ភី សុភាដា
ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី —