ពលរដ្ឋអូស្រា្តលីដើមកំណើតរុស្ស៊ីពីរនាក់ត្រូវបានចោទប្រកាន់ពីការធ្វើចារកម្មឱ្យរុស្ស៊ី។ ប៉ូលិសសហព័ន្ធអូស្រ្តាលីបានចាប់ខ្លួនប្តីប្រពន្ធពីរនាក់នៅគេហដ្ឋានរបស់ពួកគេនៅក្រុង Brisbane កាលពីថ្ងៃព្រហស្បតិ៍ ទី ១១ ខែកក្កដា ដោយចោទប្រកាន់ពួកគេពីការចូលយកឯកសារពាក់ព័ន្ធនឹងវិស័យការពារជាតិ។
អ្នកស្រី Kira Korolev ពលទោ វ័យ ៤០ ឆ្នាំ នៅក្នុងជួរកងទ័ពអូស្រ្តាលី និងស្វាមីវ័យ ៦២ ឆ្នាំ លោក Igor Korolev បានបង្ហាញខ្លួននៅតុលាការ កាលពីថ្ងៃសុក្រ ទី ១២ ខែកក្កដា។
ពួកគេទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីការរៀបចំផែនការប្រព្រឹត្តចារកម្ម ដែលមានស្ថានទម្ងន់ទោសជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។
នេះគឺជាលើកដំបូងដែលការចោទប្រកាន់ដូចនេះត្រូវបានធ្វើឡើង ចាប់តាំងច្បាប់ស្តីពីការលូកលាន់ពីបរទេសត្រូវបានអនុម័តនៅអូស្រ្តាលីកាលពីឆ្នាំ ២០១៨។
ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា អ្នកស្រី Kira ដែលជាអ្នកជំនាញបច្ចេកទេសប្រព័ន្ធព័ត៌មានយោធា បានធ្វើដំណើរទៅរុស្ស៊ី និងថា អំឡុងពេលនៅទីនោះ អ្នកស្រីបានបង្រៀនស្វាមីពីរបៀបចូលយកឯកសារពីគណនីការងារផ្លូវការរបស់អ្នកស្រីក្នុងគោលបំណងផ្តល់ទៅឱ្យមន្រ្តីស៊ើបការណ៍សម្ងាត់រុស្ស៊ី។
លោក Mike Burgess គឺជា ប្រធានអង្គភាពស៊ើបការណ៍សម្ងាត់សន្តិសុខអូស្រ្តាលី (ASIO) ដែលជាទីភ្នាក់ងារសន្តិសុខជាតិ។
លោកបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រុង Canberra កាលពីថ្ងៃទី ១២ ខែកក្កដាថា ចារកម្មគឺជា បទឧក្រិដ្ឋធ្ងន់ធ្ងរមួយ។
លោកបានថ្លែងថា៖ «ចារកម្មមិនមែនជារឿងតែពីសម័យសង្រ្គាមត្រជាក់ប៉ុណ្ណោះទេ។ ចារកម្មបានបង្កការប៉ះពាល់ដល់សេដ្ឋកិច្ចនិងការចំណេញផ្នែកយុទ្ធសាស្ត្ររបស់យើង។ វាមានផលវិបាកដែលបង្កជាមហន្តរាយយ៉ាងពិតប្រាកដ។ សេវាកម្មចារកម្មបរទេសមានសមត្ថភាព ការប្តេជ្ញា និងការអត់ធ្មត់។ ពួកគេលេងល្បែងក្នុងរយៈពេលវែង។ ប៉ុន្តែបញ្ហាសម្រាប់ពួកគេគឺថា អង្គភាពស៊ើបការណ៍សម្ងាត់សន្តិសុខអូស្រ្តាលីក៏ធ្វើដូច្នេះដែរ»។
គេមិនច្បាស់ថា តើចុងចោទទាំងពីរបានផ្តល់ឯកសារណាមួយទៅឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី ឬនរណាម្នាក់ ឬព័ត៌មានអ្វីដែលពួកគេត្រូវបានចោទប្រកាន់ពីការព្យាយាមផ្តល់ឱ្យនោះទេ។ ប៉ូលិសអូស្រ្តាលីបាននិយាយថា «មិនមានការប៉ះពាល់ធ្ងន់ធ្ងរ» ណាមួយមកលើការសម្ងាត់យោធាត្រូវបានកំណត់ឡើងនោះទេ។
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រុង Canberra កាលពីថ្ងៃទី ១២ ខែកក្កដាថា ពួកចារជននឹងត្រូវបង្រ្កាប។
លោកបានថ្លែងថា៖ «ទីភ្នាក់ងារសន្តិសុខអូស្រ្តាលីកំពុងធ្វើការងាររបស់ពួកគេ ហើយពួកគេកំពុងធ្វើការងារបានយ៉ាងល្អ។ អ្នកដែលលូកលាន់ផលប្រយោជន៍ជាតិរបស់យើងនឹងត្រូវយកមកទទួលខុសត្រូវ ហើយនេះជាអ្វីដែលការចាប់ខ្លួននេះតំណាងឱ្យយ៉ាងជាក់ច្បាស់»។
អាជ្ញាធរនិយាយថា អ្នកស្រី Kira Korolev បានបម្រើការក្នុងជួរយោធាអស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយទទួលបានកម្រិតការអនុញ្ញាតទទួលបានព័ត៌មានសម្ងាត់កម្រិតខ្ពស់នៅក្នុងនៅក្នុងជួរយោធា។ អ្នកស្រីបានក្លាយជាពលរដ្ឋអូស្រ្តាលីនៅឆ្នាំ ២០១៦។
អ្នកស្រីនិងស្វាមីមិនបានដាក់ពាក្យសុំនៅក្រៅឃុំនោះទេ ហើយបន្តស្ថិតក្រោមការឃុំខ្លួន។ តុលាការនៅរដ្ឋ Queensland បានពន្យារពេលលើសំណុំរឿងនេះរហូតដល់ថ្ងៃ២០ ខែកញ្ញា។
ប៉ូលិសសហព័ន្ធអូស្រ្តាលី ដែលដឹកនាំការស៊ើបអង្កេតនេះ បាននិយាយថា ដៃគូសម្ពន្ធភាពសន្តិសុខចក្ខុទាំងប្រាំរបស់អូស្រ្តាលី ឬហៅថាក្រុមប្រទេស Five Eyes រួមមាន សហរដ្ឋអាមេរិក អង់គ្លេស នូវែលសេឡង់ និងកាណាដា មានការជឿទុកចិត្តថា អូស្រ្តាលីនឹង «បន្តកំណត់យកនិងបង្អាក់សកម្មភាពចារកម្មក៏ដូចជាការលូកលាន់ពីបរទេស»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
វេទិកាបញ្ចេញមតិ