ឧបករណ៍ថ្មីមួយប្រើបច្ចេកវិទ្យា AI នៅពេលដែលឧបករណ៍នោះស្កេនមុខរបស់អ្នកជំងឺដើម្បីរកមើលភាពស៊ីមេទ្រីនឹងគ្នានិងចលនាសាច់ដុំមួយចំនួនដែលគេហៅថាឯកតាសកម្មភាព។
ជារឿយៗ មុខមួយចំហៀងរបស់អ្នកដែលបានរងគ្រោះដោយជំងឺស្ទះសរសៃឈាមខួរក្បាលគឺខុសពីមុខមួយចំហៀងទៀត។
វិស្វករជីវវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ RMIT ក្នុងទីក្រុង Melbourne នៃប្រទេសអូស្ត្រាលីបានថ្លែងថា បច្ចេកវិទ្យាទូរស័ព្ទស្មាតហ្វូននេះអាចចាប់បានភាពស៊ីមេទ្រីនៃមុខរបស់មនុស្ស ដោយអាចចាប់បានពីជំងឺស្ទះសរសៃឈាមខួរក្បាលក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដែលលឿននិងច្បាស់ជាងបច្ចេកវិទ្យាបច្ចុប្បន្ននានាឆ្ងាយណាស់។
ប្រធានក្រុមស្រាវជ្រាវនោះគឺលោកសាស្ត្រាចារ្យ Dinesh Kumar មកពីសាកលវិទ្យាល័យ RMIT។ លោកបានពន្យល់ប្រាប់បណ្ដាញផ្សព្វផ្សាយ ABC អំពីរបៀបដែលឧបករណ៍ដំណើរការដោយបច្ចេកវិទ្យា AI នេះដំណើរការ។
លោកសាស្ត្រាចារ្យ Kumar បានថ្លែងថា៖ «ឧបករណ៍នោះថតវីដេអូមនុស្សដែលកំពុងញញឹម ហើយបច្ចេកវិទ្យានោះអាចបញ្ជាក់ថាតើការញញឹមបែបនេះអាចបង្ហាញថាបុគ្គលនោះមានជំងឺស្ទះសរសៃឈាមខួរក្បាលឬក៏អត់។ ក្រោយមកយើងប្រាប់ទៅក្រុមគ្រូពេទ្យដែលដឹងពីហានិភ័យខ្ពស់ខ្លាំងដែលបុគ្គលនោះអាចមានជំងឺស្ទះសរសៃឈាមខួរក្បាល ដូច្នេះបុគ្គលនោះអាចទទួលបានការព្យាបាលភ្លាមៗ»។
ជំងឺស្ទះសរសៃឈាមខួរក្បាលប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។ ជំងឺនេះកើតឡើងនៅពេលដែលឈាមដែលរត់កាត់ផ្នែកមួយនៃខួរក្បាលត្រូវបានបង្អាក់ឬថយចុះ ដែលបញ្ឈប់ជាលិកាខួរក្បាលមិនឱ្យទទួលបានអុកស៊ីសែនឬជីវជាតិនានា។ អ្នកជំនាញថ្លែងថា ប្រសិនបើការព្យាបាលត្រូវបានពន្យារពេលសូម្បីតែត្រឹមប៉ុន្មាននាទីក៏ដោយ ខួរក្បាលអាចរងការខូចខាតជាអចិន្ត្រៃយ៍។
រោគសញ្ញានៃជំងឺស្ទះសរសៃឈាមខួរក្បាលរួមមានការវង្វេងវង្វាន់ បញ្ហាក្នុងការនិយាយស្តី និងការបង្ហាញទឹកមុខតិចជាងមុន។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ RMIT បានរាយការណ៍ថា ឧបករណ៍ក្នុងទូរស័ព្ទស្មាតហ្វូននេះមានអត្រាត្រឹមត្រូវចំនួន ៨២% ក្នុងការចាប់បាននូវជំងឺស្ទះសរសៃឈាមខួរក្បាលនេះ។
ពួកគេបានសង្កត់ធ្ងន់ថា ឧបករណ៍នេះនឹងមិនអាចជំនួសការធ្វើតេស្តរោគវិនិច្ឆ័យបែបវេជ្ជសាស្ត្រដ៏ទូលំទូលាយសម្រាប់ជំងឺស្ទះសរសៃឈាមខួរក្បាលនេះបានទេ ប៉ុន្តែវាអាចជួយត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមព្យាបាលដំបូងៗដោយក្រុមជួយសង្គ្រោះបន្ទាន់ដែលអាចចាប់បានយ៉ាងលឿនថាអ្នកជំងឺត្រូវការការព្យាបាលបន្ទាន់ឬក៏អត់។
ការសិក្សារបស់អូស្ត្រាលីនេះដែលសហការជាមួយសាកលវិទ្យាល័យ São Paulo State University នៅប្រទេសប្រេស៊ីលត្រូវបានចេញផ្សាយក្នុងទស្សនាវដ្តី Computer Methods and Programs in Biomedicine៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា
វេទិកាបញ្ចេញមតិ