ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​បិទ​កសិដ្ឋាន​មួយ​ចំនួន​នៅពេល​ជំងឺ​ផ្ដាសាយ​បក្សី​រីក​រាលដាល


រូបឯកសារ៖ តេស្តបង្ហាញថាវិជ្ជមានជំងឺផ្តាសាយបក្សី ពងមាន់ និងទង់ជាតិអូស្ត្រាលី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ (Reuters)
រូបឯកសារ៖ តេស្តបង្ហាញថាវិជ្ជមានជំងឺផ្តាសាយបក្សី ពងមាន់ និងទង់ជាតិអូស្ត្រាលី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ (Reuters)

មេរោគ​ផ្តាសាយ​បក្សី​ប្រភេទH7N3 ត្រូវបាន​គេ​រកឃើញ​នៅក្នុង​កសិដ្ឋាន​ចំនួន ៤ ខណៈ​មេរោគ​មួយ​ប្រភេទ​ទៀត H7N9 ត្រូវបាន​គេ​រកឃើញ​នៅ​កសិដ្ឋាន​មួយ​កន្លែង​ទៀត​ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​ចុងក្រោយ​នេះ​នៅក្នុង​រដ្ឋ Victoria នៃ​ប្រទេស​អូស្ត្រាលី។

កសិដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​មួយ​ចំនួន​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ។ សត្វស្លាប​យ៉ាងតិច ៥៨០.០០០ ក្បាល​ត្រូវបាន​សម្លាប់​ចោល ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ជីវសុវត្ថិភាព។

ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​បាន​ហាមឃាត់​ជា​បណ្ដោះអាសន្ន​មិនឱ្យ​មាន​ការ​នាំចូល​សត្វបក្សី​ពី​រដ្ឋ Victoria ដើម្បី​ជា​ការប្រុងប្រយ័ត្ន។

នៅ​ប្រទេស​អូស្ត្រាលី ផ្សារទំនើប​មួយ​ចំនួន​កំពុង​ដាក់​កំហិត​លើ​ចំនួន​ស៊ុត​ដែល​អតិថិជន​អាច​ទិញ​បាន ដោយសារតែ​មាន​ការ​បង្អាក់​ចំពោះ​សង្វាក់​ផ្គត់ផ្គង់​ស៊ុត។

មេរោគ​ផ្តាសាយ​បក្សី​គឺ​ជា​មេរោគ​ដែល​គេ​រក​ឃើញ​នៅ​ទូទាំង​ពិភពលោក។ មេរោគ​នេះ​រីករាលដាល​នៅក្នុង​ចំណោម​សត្វស្លាប ឬ​នៅ​ពេល​ដែល​ចំណី​សត្វ​ដែល​មាន​មេរោគ​និង​ឧបករណ៍​ដែល​ត្រូវបាន​ប្រើប្រាស់​ជាមួយ​សត្វស្លាប​ទាំងនោះ​ត្រូវបាន​ផ្ទេរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។

អ្នកស្រី Danyel Cucinotta ដែល​ជា​អនុប្រធាន​សហព័ន្ធ​កសិករ​រដ្ឋ Victoria បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន Australian Broadcasting Corp កាលពី​ថ្ងៃ​ទី ១១ ខែ​មិថុនា​កន្លង​ទៅ​នេះ​ថា មេរោគ​នេះ​អាច​រីក​រាលដាល​បាន​យ៉ាង​ឆាប់​រហ័ស។

អ្នកស្រី​ថ្លែង​ថា៖ «‍មាន​កិច្ចការ​តិចតួច​ណាស់​ដែល​យើង​អាច​ធ្វើ​បាន ហើយ​មិន​ថា​អ្នក​ព្យាយាម​រក្សា​ជីវសុវត្ថិភាព​របស់​អ្នក​ឱ្យ​ល្អ​ប៉ុណ្ណា​នោះ​ទេ គឺ​អ្នក​មិន​អាច​រារាំង​ហ្វូង​សត្វព្រៃ​ដែល​ចូល​មក​បាន​ឡើយ។ នេះ​គឺជា​ផ្លូវ​ហោះហើរ​សម្រាប់​សត្វស្លាប​ដែល​ធ្វើ​ចំណាក​ស្រុក។ មាន​ការដាក់​បញ្ជា​នៅ​ពេល​នេះ ដែល​មាន​ន័យ​ថា​សត្វស្លាប​ទាំងអស់​ត្រូវបាន​ដាក់​នៅ​កន្លែង​បិទ​ជិត​មិន​អាច​ចេញក្រៅ​បាន។ ការធ្វើ​ដូចនេះ​គឺ​ដើម្បី​ការពារ​សត្វស្លាប​របស់​យើង​និង​ការពារ​សង្វាក់​ផ្គត់ផ្គង់​អាហារ»។

ប្រភេទ​ជំងឺ​ផ្ដាសាយ​បក្សី​ដែល​គេ​បាន​កំណត់​អត្តសញ្ញាណ​ឃើញ​នៅក្នុង​រដ្ឋ Victoria និង​រដ្ឋ Western Australia អាច​ឆ្លង​ទៅ​មនុស្ស​បាន ក៏ប៉ុន្តែ​អ្នកជំនាញ​អះអាង​ថា ករណី​នោះ​គឺ​កម្រ​កើត​មាន​ណាស់។

មេរោគ​នៃ​ជំងឺ​ផ្តាសាយ​បក្សី​នេះ​ក៏​អាច​ឆ្លង​ទៅ​សត្វគោ​បាន​ដែរ។ ក្រសួង​កសិកម្ម​របស់​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ជំងឺ​ផ្ដាសាយ​បក្សី​បាន​ឆ្លង​ទៅ​សត្វគោ​ដែល​គេ​ចិញ្ចឹម​យក​ទឹកដោះ​ប្រមាណ​ជាង ៨០ ហ្វូង​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​តាំងពី​ចុង​ខែ​មីនា​មក។

កម្មករ​យ៉ាងតិច ៣ នាក់ ដែល​ធ្វើការ​នៅ​កសិដ្ឋាន​ចិញ្ចឹមគោ​យក​ទឹកដោះ​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​តេស្ត​ហើយ​ទទួល​លទ្ធផល​វិជ្ជមាន​ថា​មាន​ជំងឺ​ផ្ដាសាយ​បក្សី​បន្ទាប់ពី​បាន​ប៉ះពាល់​សត្វគោ​ដែល​មាន​មេរោគ។ អ្នក​ទាំង ៣ នាក់​នោះ​បាន​ធូរស្បើយ​ពី​ជំងឺ​នេះ​ជា​បណ្ដើរៗ​ហើយ។

មជ្ឈមណ្ឌល​បង្ការ​និង​ទប់ស្កាត់​ជំងឺ​របស់​សហរដ្ឋ​អាមេរិក (CDC) បាន​បញ្ជាក់​ថា ការ​ឆ្លង​នេះ​មិន​បាន​ផ្លាស់ប្តូរ​ការ​វាយតម្លៃ​របស់ខ្លួន​ដែល​ថា​ជំងឺ​ផ្ដាសាយ​បក្សី​មាន​ហានិភ័យ​ទាប​សម្រាប់​សហគមន៍​ទូទៅ​នោះទេ និង​ថា​ខ្លួន​មិន​ឃើញ​មាន​ភ័ស្តុតាង​នៃ​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ឡើយ។

កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ អាជ្ញាធរ​ផ្នែក​សុខាភិបាល​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​បាន​បញ្ជាក់​ពី​ករណី​មនុស្ស​ស្លាប់​ដោយសារ​ការ​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​នៅ​ក្នុង​សត្វបក្សី៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG