លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសភូមា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃពុធនេះ ដែលមានគោលបំណងជំរុញចំណងទាក់ទងខាងការទូត ដែលត្រូវបានសាកល្បងដោយសារលទ្ធផលនៃកំណែទម្រង់តាមបែបលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសលោកស្រី។
គណបក្សកុំម្មុយនិស្តចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អតីតក្រុមប្រឹក្សាកាន់អំណាចយោធានៃប្រទេសភូមា កំពុងរៀបចំទទួលជនគំរូប្រជាធិបតេយ្យរបស់ភូមា ដែលកំពុងធ្វើដំណើរជាមួយគណប្រតិភូមកពីគណបក្សសម្ព័ន្ធភាពដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី។
ក្រុមមន្រ្តីគណបក្សសម្ព័ន្ធភាពដើម្បីលទ្ធិប្រជាធិបតេយ្យរំពឹងថា លោកស្រី អ៊ុង សានស៊ូជី នឹងជួបជាមួយមេដឹកនាំចិនកំពូលៗ រួមមានប្រធានាធិបតី ស៊ី ជីងពីង និងនាយករដ្ឋមន្រ្តី Li Keqiang ក្នុងអំឡុងនៃដំណើរបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់លោកស្រីនោះ។
លោក Hong Lei អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់នៅសប្តាហ៍នេះថា ម្ចាស់ជ័យលាភីណូបែលសន្តិភាពនឹងជួបជាមួយមេដឹកនាំរដ្ឋនិងបក្ស។
លោក Hong Lei និយាយថា «ចិននឹងរក្សាចំណងទាក់ទងមិត្តភាពយូរអង្វែងជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេសភូមា។ យើងជឿជាក់ថា ដំណើរបំពេញទស្សនកិច្ចនេះ អាចបង្កើនការយល់យោគនិងការទុកចិត្តគ្នារវាងភាគីទាំង២ ដើម្បីបន្តជំរុញមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងភូមា»។
ទំនាក់ទំនងរវាងភូមានិងចិន បានជួបប្រទះបញ្ហាចាប់តាំងពីក្រុមយោធានៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលមានតែឈ្មោះនៅឆ្នាំ២០១០ ហើយបានចាប់ផ្តើមធ្វើកំណែទម្រង់។
ចាប់តាំងពីពេលនោះមក ភូមាមានទំនាក់ទំនងខាងពាណិជ្ជកម្មកាន់តែជិតស្និទ្ធឡើងជាមួយប្រទេសលោកខាងលិច បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រទេសនានានៅអឺរ៉ុប បានចាប់ផ្តើមបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ដែលបានចូលជាធរមានអស់រាប់ទសវត្សរ៍៕