ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​នៅ​មីយ៉ាន់ម៉ា​ឲ្យ​ឆាប់​រហ័ស​ជាង​សព្វថ្ងៃ


លោក​ប្រធានាធិបតី អូបាម៉ា ថ្លែង​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន-អាមេរិក លើក​ទី២ នៅ​ក្នុង​ទីក្រុង​ណៃពិដោរ​នៃ​ប្រទេស​ភូមា ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។
លោក​ប្រធានាធិបតី អូបាម៉ា ថ្លែង​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន-អាមេរិក លើក​ទី២ នៅ​ក្នុង​ទីក្រុង​ណៃពិដោរ​នៃ​ប្រទេស​ភូមា ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា កំពុង​លើក​យក​បញ្ហា​លំបាក​ៗ មក​ពិភាក្សា​ គ្រា​ដែល​លោក​ជួប​ជាមួយ​នឹង​រដ្ឋាភិបាល​ មីយ៉ាន់​ម៉ា ឬ ភូមា និង​ក្រុម​មេដឹកនាំ​នៃ​គណបក្ស​ប្រឆាំង ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក ជាលើក​ទី​២ ទៅ​កាន់​ប្រទេស​អាស៊ី​អាគ្នេយ៍មួយ​នេះ។ លោក​ អូបាម៉ា​ បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ចរបស់​លោក ដោយ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន ដែល​ប្រទេស មីយ៉ាន់​ម៉ា ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៅ​ឆ្នាំ​នេះ។

ការ​ច្រៀងចម្រៀង​ និង​សម្តែង​របាំមួយ និង​ពិធី​សាយភោជនាហារមួយ​សម្រាប់​ប្រមុខ​រដ្ឋ​ទាំង​ឡាយ នៅ​ក្នុងមជ្ឈ​មណ្ឌលប្រជុំ​ដ៏​ថ្មី​ស្រឡាងមួយ​ បង្ហាញនូវ​ការ​រីក​ចម្រើន​របស់​ប្រទេស​ មីយ៉ាន់​ម៉ា ចាប់​តាំង​ពី​ប្រទេស​នេះ បាន​ងើប​ចេញ​ពី​ការ​គ្រប់​គ្រង​ របស់​យោធា និង ការ​ផ្តាច់​ការ​ទាក់​ទង​ជាមួយ​ពិភពលោក អស់​ពេល​រាប់​សិប​ឆ្នាំ។

លោក​ប្រធានាធិបតី អូបាម៉ា បាន​សរសើរ​ប្រទេស មីយ៉ាន់​ម៉ា និង​មេដឹកនាំ​របស់​ប្រទេស​នេះ គឺ​លោក ថេន សេន ចំពោះ​ការ​ទទួល​ភ្ញៀវនេះ។

«លោក​ប្រធានាធិបតី ថេន សេន ខ្ញុំ​សូម​អរគុណ​លោក ចំពោះ​បដិសណ្ឋារកិច្ច​របស់​លោក និង ចំពោះ​ការ​រៀប​ចំ​សន្និសីទកំពូល ​ដ៏ប្រសើរ​នេះ។ ខ្ញុំ​គិត​ថា​ប្រទេស​ មីយ៉ាន់​ម៉ា បំពេញ​កិច្ច​ការ​ល្អ​អស្ចារ្យ​មួយ ក្នុងការ​ធ្វើ​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​នេះ ហើយបាន​បង្ហាញ​នូវ​ភាព​ជា​អ្នក​ដឹកនាំ លើ​បញ្ហាទាំង​ឡាយ ដែល​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង សម្រាប់​តំបន់​ទាំង​មូល»។

ប៉ុន្តែ​ក្រោយ​ពី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំទាំង​ឡាយ ស្តី​ពី​សហប្រតិបត្តិការ​តំបន់​ រួចមក លោក អូបាម៉ា ត្រូវ​ចូល​ដល់ផ្នែក​សំខាន់នៃ​របៀប​វារៈ របស់​លោក គឺការ​លើក​ស្ទួយ ឲ្យ​មាន​ការ​កែ​ទម្រង់​នយោបាយ នៅ​ក្នុង​ប្រទេស មីយ៉ាន់​ម៉ា ​ដែល​លោក​ថ្លែង​ថា មិន​ទាន់​បាន​ឆាប់​រហ័ស ដូច​ដែល​មនុស្ស​ជា​ច្រើន​បាន​សង្ឃឹម​ទុក កាល​ពី​៤​ឆ្នាំ​មុន នៅ​ពេល​ដែល​ប្រទេស​នេះ បាន​ចាប់​ផ្តើម​ប្តូរ​ពី​របប​យោធារាប់​សិប​ឆ្នាំ ទៅ​របបគ្រប់​គ្រង​ស៊ីវិលវិញ។

ក្នុង​បទ​សម្ភាសន៍​មួយ ជាមួយ​នឹង​ទស្សនាវដ្តី មីយ៉ាន់ម៉ា មួយ លោក​ប្រធានាធិបតី បាន​ថ្លែង​ថា ក្នុង​អំឡុង​ពេល​ពីរឆ្នាំ ចាប់​តាំង​ពី​ពេល​ដែល​លោក​ មក​បំពេញ​ទស្សនកិច្ច ជាលើក​ទី១ ក្នុង​ឆ្នាំ ២០១២ រហូត​ដល់​ពេល​នេះ លោក​បាន​សង្កេត​ឃើញ មាន​ការ​វិវឌ្ឍ ដែល​រួម​មាន ការ​កែ​ទម្រង់​សេដ្ឋកិច្ច ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ និង ការ​ចាប់​ផ្តើម​ចលនា កែ​ទម្រង់​រដ្ឋធម្មនុញ្ញ។

ប៉ុន្តែ​លោក អូបាម៉ា បាន​ថ្លែង​ថា ព្រម​ពេល​ជាមួយ​គ្នា​នេះ ក៏​មាន​ការ​ថយ​ក្រោយ​ខ្លះ​ដែរ។ អតីត​អ្នក​ទោស​នយោបាយ នៅ​តែ​ជួប​ប្រទះ​នឹង​ការ​ដាក់​កំហិត ហើយពួក​អ្នក​យក​ព័ត៌មាន នៅ​តែ​ប្រឈម​និង​ការ​សម្លាប់ ការ​ចាប់​ខ្លួន និង ការ​ធ្វើ​ទុក្ខ​បុកម្នេញ ជា​បន្ត។

ចំណុច​មួយ​ដែល​ជា​ការ​ព្រួយ​បារម្មណ៍​ ជា​ពិសេស​ សម្រាប់​លោក​មេ​ដឹកនាំ សហរដ្ឋ​អាមេរិក គឺ​ស្ថាន​ភាព​របស់​ជនជាតិ Rohingya ដែល​ជា​ជន​ភាគតិច កាន់​សាសនា​អ៊ីស្លាម ចំនួន​ជាង​មួយ​លាន​នាក់ ដែល​ភាគច្រើន ពុំ​មាន​សញ្ជាតិ​ទេ។ ពួក​គេ​រាប់​ពាន់​នាក់ ត្រូវ​បាន​បង្ខំ​ឲ្យ​រស់​នៅ​ក្នុង​ជំរំ ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច ជាមួយ​អ្នក​កាន់ព្រះ​ពុទ្ធ​សាសនា កាល​ពី​ឆ្នាំ​ ២០១២ នៅ​រដ្ឋ Rakhine ។

បញ្ហា​សញ្ជាត្តិ​របស់​ពួក Rohingya ជារឿងចម្រូង​ចម្រាស​ ខាង​នយោបាយ​មួយ ក្នុង​ប្រទេស មីយ៉ាន់ម៉ា។​ ទោះ​ជាយ៉ាង​នេះ​ក៏​ដោយ ក៏​លោក​ប្រធានាធិប​តី សហរដ្ឋ​អាមេរិក គ្រោងនិង​លើក​យក​រឿង​នេះ មក​ពិភាក្សា នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយរដ្ឋាភិបាល និង គណបក្ស​ប្រឆាំង ដែល​រួម​មាន​ លោកស្រី Aung San Suu Kyi ដ៏​ល្បី​ឈ្មោះ ដែល​លោក​ អូបាម៉ា គ្រោង​នឹង​ជួប នៅ​ក្នុង​ទីក្រុង រ៉ងហ្គូន នៅ​ថ្ងៃ​សុក្រ​នេះផង។ លោកស្រី​ធ្លាប់​ត្រូវ​បាន​ទទួល​ការ​រិៈគន់ ចំពោះ​ការ​មិន​ប្រកាន់​យក​គោល​ជំហរ​មួយ នៅ​ក្នុង​បញ្ហា​នេះ។ អនុ​ប្រធាន​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ របស់​លោក​ប្រធានាធិបតី គឺ​លោក Ben Rhodes ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ នៅ​ក្នុង​ប្រទេស​ មីយ៉ាន់​ម៉ា ថា ការ​ផ្លាស់​ប្តូរ​ទៅ​រកលទ្ធិ​ប្រជាធិបតេយ្យ ដែល​មាន​លំនឹង​មួយ មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ បើ​សិន​ជា​ពុំ​មាន​ការ​ដោះស្រាយ​បញ្ហា​ជន​ជាតិ Rohingya ទេ​នោះ។

«យើង​ទទួលស្គាល់​ថា​នេះ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ នៅ​ក្នុង​ប្រទេស​ភូមា ដែល​មាន​ទស្សនៈខុស​គ្នាយ៉ាង​ជ្រាល​ជ្រៅ ដែល​មាន​ទស្សនៈប្រជែង​គ្នា ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​រឿង​ទាំង​នេះ​ មិន​ផ្លាស់​ប្តូរ​ការ​ណ៍​ដែល​ថា មាន​សិទ្ធិ​ជាគោល​ និង ទូទៅ​មួយ​ក្នុង​លោក ដែល​ចាំ​បាច់​ត្រូវ​តែអនុវត្ត ចំពោះ​មនុស្ស​គ្រប់​រូប។

ក្រោយ​ពី​ជំនួប​ជាមួយ​លោកស្រី Aung San Suu Kyi នៅថ្ងៃសុក្រ លោក​ប្រធានាធិបតី អូបាម៉ា នឹង​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង Brisbane ​ប្រទេស​អូស្ត្រាលី ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល នៃ​ប្រទេស​មាន​សេដ្ឋ​កិច្ច​ធំៗ ក្នុង​ពិភពលោក ហៅ​កាត់​ថា G-20 ដែល​នៅ​ទី​នោះ ប្រធានបទប្រទេស​ អ៊ុយក្រែន នឹង​ប្រហែល​ជា​ត្រូវ​គ្រប​ដណ្តប់ ក្នុង​ការ​ពិភាក្សា ក្រៅ​កិច្ច​ប្រជុំ​កំពូល​នោះ។

ក្រុម​អ្នក​ជំនួយការ​របស់​លោក​ប្រធានាធិបតី និយាយថា លោក​ប្រធានាធិបតី អូបាម៉ា រំពឹង​ថា​នឹង​ធ្វើ​កិច្ច​ពិភាក្សា​ ជាមួយ​ក្រុម​មេ​ដឹកនាំ​អឺរ៉ុប បន្ទាប់​ពី​មាន​ភស្តុតាង​ នៅ​សប្តាហ៍នេះ ដែល​បង្ហាញថា ប្រទេស​រុស្ស៊ី នៅ​តែបញ្ជូនឧបករណ៍ និង កង​ទ័ព ឆ្លង​កាត់​ទល់ដែន ចូល​ទៅ​ក្នុង​ប្រទេស​ អ៊ុយ​ក្រែន។

ក្នុង​ចំណោម​ក្រុម​មេ​ដឹកនាំ ដែល​ចូលរួម​ក្នុង​សន្និសិទ​កំពូលG-20 គឺ​មាន​ លោក​ប្រធានាធិបតី Vladimir Putin នៃ​ប្រទេស​រុស្ស៊ី ដែរ៕

ប្រែ​សម្រួល​ដោយ​ ប៉ូច រាសី

XS
SM
MD
LG