លោកស្រីអោង សានស៊ូជី មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសភូមា និយាយថា ដំណើរការនៃការធ្វើកំណែទម្រង់របស់ប្រទេសលោកស្រី បានត្រូវជាប់គាំងអស់រយៈពេលជាច្រើនខែ ហើយបានព្រមានសហរដ្ឋអាមេរិកហើយនឹងប្រទេសផ្សេងៗទៀតកុំឲ្យមានសុទិដ្ឋិនិយមហួស។
«ជាការពិត ខ្ញុំចង់និយាយជំទាស់ដល់ពួកអ្នកដែលនិយាយយ៉ាងច្រើនអំពីដំណើរការនៃការកែទម្រង់ តើកំណែទម្រង់អ្វីដែលគេ បានធ្វើនៅក្នុងរយៈពេល២៤ខែចុងក្រោយនេះ។ នេះជាបញ្ហាដែលសហរដ្ឋអាមេរិក គួរគិតគូឲ្យបានល្អិតល្អន់បំផុតដែរ»។
នៅឯសន្និសីទក្នុងទីក្រុង Yangon កាលពីថ្ងៃពុធ លោកស្រី អោង សានស៊ូជី មានប្រសាសន៍បន្ថែមទៀតថា ជំនួបរបស់លោកស្រីជាមួយប្រធានាធិបតី Thein Sein ហើយនឹងឧត្តមសេនីយ៍កំពូលៗកាលពីសប្តាហ៍មុន ជាការចាប់ផ្តើមលើដំណើរផ្លូវឆ្ពោះទៅមុខ។
«ប្រសិនបើ វា មានន័យថា ជាការបើកចំហរផ្លូវឲ្យមានការចរចាប្រកបដោយប្រសិទ្ធភាព ខ្ញុំ គិតថា យើង អាចនិយាយថា វាជាការល្អ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ យើង ឃើញថា វា មិនមែនជាការបើកផ្លូវដើម្បីធ្វើការចរចាពិប្រាកដទេ»។
សាររបស់ជ័យលាភីណូបែលសន្តិភាព បានកើតមានឡើងមួយសប្តាហ៍មុនពេលសន្និសីទកំពូលប្រចាំតំបន់របស់អាស៊ាននៅក្នុងប្រទេសភូមាដោយមានការចូលរួមពីប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាហើយនឹងមេដឹកនាំពិភពលោកផ្សេងៗទៀត។
ចាប់តាំងពីអន្តរកាលទៅកាន់រដ្ឋាភិបាលស៊ីវិលក្នុងឆ្នាំ២០១១មក របបរបស់លោក Thein Sein បានធ្វើឲ្យជឿនលឿនដល់វិធានការនៃការកែទម្រង់តាមបែបលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីការដោះលែងពួកអ្នកទោសរាប់រយនាក់ដល់ការអនុញ្ញាតឲ្យលោកស្រីអោង សានស៊ូជីហើយនឹងគណបក្សរបស់លោកស្រីចូលក្នុងសភាតាមរយៈការបោះឆ្នោតដោយការបើកចំហរ។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើកំណែទម្រង់របស់ភូមា មិនបានជោគជ័យទាំងស្រុងទេពីព្រោះតែសភា មិនទាន់ចេញផុតពីពួកយោធាដែលតាមច្បាប់បានត្រួតត្រាសភា២៥ភាគរយហើយ អាចរំលាយរដ្ឋាភិបាលនៅពេលណាដែលពួកគេចង់ធ្វើ។
កាលពីពេលថ្មីៗនេះ មានបញ្ហាសិទ្ធិមនុស្សមួយចំនួននៅក្នុងប្រទេសភូមា ដោយមានអ្នកកាសែតយ៉ាងហោចណាស់ក៏១៦នាក់ដែរ បានត្រូវឃុំខ្លួនហើយសកម្មជនរាប់សិបនាក់ទៀត បានត្រូវចាប់ខ្លួនដោយពួកយោធា។
ក្នុងករណីលោកស្រី អោង សានស៊ូជី លោកស្រី មិនអាចឈរឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៥ទេ ពីព្រោះតែរដ្ឋធម្មនុញ្ញដែលព្រាងដោយពួកយោធាភូមា ដែលរារាំងជនណាមានប្តីឬប្រពន្ធឬកូនជាបរទេសមិនឲ្យកាន់តំណែងជាប្រធានាធិបតី។ លោកស្រី អោង សានស៊ូជី មានកូនប្រុសជាសញ្ជាតិអាមេរិកាំងនិងអង់គ្លេស៕
សេចក្តីរាយការណ៍នេះត្រូវបានរៀបរៀងឡើងដោយសហការណ៍ជាមួយក្រុមផ្សាយរបស់វីអូអេ ជាភាសាភូមា។
ប្រែសម្រួលដោយ ជឹង ប៉ូជីន