ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​សុខភាព​ជាតិ​ចិន​ប្រកាស​ថា ​មេរោគ​​កូរ៉ូណា​​មាន​ចំនួន​៨៣០​ករណី​នៅ​ទូទាំង​ប្រទេស ​និង​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​២៥​នាក់


រូបថត​ពី​លើ​អាកាស​បង្ហាញ​គ្រឿង​ចក្រ​កំពុង​សាង​សង់​អាគារ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ដែល​មាន​មេរោគ​កូ៉រូណា នៅ​​ក្រុង​ Wuhan​ ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៤ មករា ២០២០។
រូបថត​ពី​លើ​អាកាស​បង្ហាញ​គ្រឿង​ចក្រ​កំពុង​សាង​សង់​អាគារ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ដែល​មាន​មេរោគ​កូ៉រូណា នៅ​​ក្រុង​ Wuhan​ ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៤ មករា ២០២០។

គណៈកម្មការ​សុខ​ភាពជាតិ​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ការ​ឆ្លង​មេរោគ​ថ្មី​ឈ្មោះ​កូរ៉ូណា ​មាន​ចំនួន​៨៣០​ករណី​នៅ​ទូទាំង​ប្រទេស ​ខណៈ​មនុស្ស​យ៉ាង​តិច​២៥​នាក់​បាន​ស្លាប់។​

រដ្ឋាភិបាល​ចិន​បាន​បិទ​ចរាចរណ៍​ទីក្រុង​ជា​ច្រើន​ទៀត​នៅ​ថ្ងៃ​សុក្រ​ ដែល​ជា​សកម្មភាព​មិន​ធ្លាប់​មានពីមុន​មក​ ដើម្បី​ការ​ទប់​ស្កាត់​ការ​រាលដាល​មេរោគ​នេះដែល​បាន​រាល​ដាល​ដល់​ប្រទេស​ជា​ច្រើន​ទៀត។ ​យ៉ាង​ហោច​ណាស់​មាន​ទីក្រុង​ចំនួន​១០ ​និង​មនុស្ស​សរុប​យ៉ាង​តិច​៣៣​ លាន​នាក់​ត្រូវ​ជាប់​នៅ​ក្រុង​ Wuhan, Huanggang, Ezhou, Chibi, Qianjiang, Zhijiang; Jingmen, ​Xiantao, Xiaogan and Huangshi ក្នុង​ខេត្ត ​Hubei​ ភាគ​កណ្តាល​នៃ​ប្រទេស​ចិន​ នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិននៅ​ពេល​ដែល​ជន​ជាតិ​ចិន​រាប់​លាន​នាក់​ចង់​ធ្វើ​ដំណើរ​ពេល​បុណ្យ​ចូល​ឆ្នាំ។​

រមនីយដ្ឋាន ​Shanghai Disney Resort ​បាន​ប្រកាស​នៅ​លើ​គេហទំព័រ​ថា ​រមនីយដ្ឋាន​នេះ​បិទ​ទ្វារ​កន្លែង​កម្សាន្ត​ Shanghai Disneyland ​ជា​បណ្តោះ​អាសន្ន​ ដែល​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ការពារ​និង​ការ​ត្រួត​ពិនិត្យ​ការ​រាលដាល​ជំងឺនេះ​និង​ដើម្បី​ការពារ​នូវ​សុខភាព​និង​សុវត្ថិភាព។

អាជ្ញាធរ​ក្រុង​ Wuhan ​ដែល​គេ​ជឿ​ថា ​ជា​កន្លែង​ប្រភព​មេរោគ​នេះ​ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា​ ទីក្រុង​នេះ​កំពុង​សាង​សង់មន្ទីរ​ពេទ្យ​មាន​១,០០០ ​គ្រែ​ដែល​រំពឹង​ថា ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣​ ខែកុម្ភៈ។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​អាជ្ញាធរ​បាន​បិទ​ចរាចរណ៍​យន្តហោះ​និង​រថភ្លើង​មិន​ឱ្យ​ចាក​ចេញ​ពីទីក្រុង ​Wuhan។

​ផ្លូវ ​សាឡាង​ រថភ្លើង​ក្រោមដី ​និង​ឡាន​ក្រុង​ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ។​ ទីភ្នាក់ងារព័ត៌​មាន​ស៊ីនហួ​ដែលបាន​ដក​ស្រង់​សម្តី​មន្ត្រីរដ្ឋាភិបាល​ថា ​អាជ្ញាធរ​ Wuhan ​បាន​ឱ្យ​ប្រជាជន​ទាំង​អស់​ពាក់​ម៉ាស​គឺ​របាំង​មុខ​នៅ​ទីសាធារណៈ​និង​ជំរុញ​ឱ្យ​បុគ្គលិក​រដ្ឋាភិបាល​និង​ក្រុម​ហ៊ុន​ឯកជន​ពាក់ពាក់​ម៉ាស​នៅ​ក្នុង​កន្លែង​ធ្វើការ។

បុគ្គលិក​ពេទ្យ​ចំនួន​១៥​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ។ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​មេរោគ​នេះ​មិន​ទាន់​ក្លាយ​គ្រោះ​អាសន្ន​ផ្នែក​សុខភាព​ទូទាំង​ពិភព​លោក​នៅ​ឡើយ​ទេ៕

XS
SM
MD
LG