ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​ពីមេរោគ​រលាក​សួត​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន ​កើនឡើង​ចំនួន​១៧​នាក់


ភ្ញៀវ​ទេសចរ​ពាក់ម៉ាស​នៅពេល​ដែល​ពួកគេ​រៀបចំ​ឡើង​រថយន្ត​ក្រុង​ខាងក្រៅ​សណ្ឋាគារ New Orient Landmark ក្នុង​ទីក្រុង​ម៉ាកាវ​កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។
ភ្ញៀវ​ទេសចរ​ពាក់ម៉ាស​នៅពេល​ដែល​ពួកគេ​រៀបចំ​ឡើង​រថយន្ត​ក្រុង​ខាងក្រៅ​សណ្ឋាគារ New Orient Landmark ក្នុង​ទីក្រុង​ម៉ាកាវ​កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

មន្រ្តី​សុខាភិបាល​ចិន ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ​មេរោគ​រលាក​សួត​ថ្មី ​បាន​សម្លាប់​មនុស្ស​១៧​នាក់​នៅ​ក្នុង​ប្រទេស ​ជាការ​កើនឡើង​យ៉ាង​ខ្លាំង​មកពីការ​ស្លាប់​ចំនួន​៩នាក់​ដែល​ត្រូវបាន​គេ​រាយការណ៍​កាល​ពី​ដំបូង។​

ការប្រកាស​នេះ ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​សុខាភិបាល​របស់​ចិន។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មានរដ្ឋ​ដែល​បាន​ដក​ស្រង់​សម្តី​ពី​ពួក​មន្រ្តី​ខេត្ត។

ពួក​អាជ្ញា​ធរ បាន​និយាយ​ថា ការស្លាប់​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្តហ៊ូបេ​នៃ​ប្រទេស​ចិន​ហើយ​មាន​ការឆ្លង​មេរោគចំនួន​៤៤០ករណី​នៅ​ក្នុង​ខេត្ត​ចំនួន​១៣។

ចំនួន​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​ឡើង បាន​ត្រូវ​ប្រកាស​នៅពេល​ដែល​អង្គការ​សុខ​ភាព​ពិភពលោក ​បាន​ធ្វើ​កិច្ច​ប្រជុំ​ជាបន្ទាន់​កាលពី​ថ្ងៃ​ពុធ​ស្តីពី​ការផ្ទុះ​ឡើង​នូវ​មេ​រោគ​រលាក​សួត​ថ្មី​នោះ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​៤៤០​នាក់​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ប្រ​ទេស​ចិន​និង​ប្រទេស​ផ្សេង​ៗ​ទៀត។

ទីភ្នាក់ងារ​សុខាភិបាល​ពិភពលោក ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​កំពុង​ពិចារណា​ថា​តើ​ការ​ផ្ទុះ​ឡើង​នូវជំងឺ​នេះ​ដែល​មាន​ប្រភព​នៅ​ក្នុង​ទីក្រុង​វូហាន​នៃ​ប្រទេស​ចិន ​ត្រូវ​ប្រកាស​ភាពអាសន្ន​ខាង​សុខភាព​សាកល​ដែរ​ឬ​ទេ?។

​មន្រ្តី​ចិន ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​វូហាន​បញ្ចៀសការ​ប្រមូល​ផ្តុំ​គ្នា​ជា​ហ្វូង​ៗ ​នៅពេល​ដែល​ចំនួន​នៃ​មនុស្ស​ស្លាប់​និង​ឆ្លង​បាន​បន្ត​កើន​ឡើង។

បុគ្គលិក​សុខាភិបាល​១៥​នាក់ ​បានស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លងមេរោគ​រលាកសួត​ថ្មី​នោះ​ដែល​បាន​រាលដាល​ពី​ទីក្រុង​វូហានទៅ​ក្នុង​ទីក្រុង​ប៉េកាំង ​សៀង​ហៃ​និង​ខេត្ត​កងទុង និង​ប្រទេស​ជប៉ុន ​កូរ៉េខាង​ត្បូង ថៃ​កោះតៃវ៉ាន់​និង​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក ​បាន​ប្រកាសករណីលើកដំបូង​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីន​តោន​ភាគ​ពាយ័ព្យ។ ​មន្រ្តី​សុខាភិបាល​នៅទី​នោះ ​បាន​និយាយ​ថា បុរស​ដែល​ទើប​ត្រឡប់​មក​ពីទីក្រុង​វូហ៉ាន​នៃ​ប្រទេស​ចិន​ទៅកាន់​ក្រុង Seattle រដ្ឋ​វ៉ាស៊ីន​តោន​កាល​ពី​សប្តាហ៍​មុន​បាន​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ដោយ​មាន​ជំងឺ​រលាក​សួត៕

XS
SM
MD
LG