ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​បារម្ភ​និង​ចង់​បាន​ព័ត៌មាន​បន្ថែម​អំពី​មេរោគ​កូរ៉ូណា​ថ្មី


លោក ម៉េង ហៃ ជាអ្នកស៊ីឈ្នួលបើកតាក់ស៊ី ដឹកភ្ញៀវពីព្រលានយន្តហោះទៅសណ្ឋាគារ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
លោក ម៉េង ហៃ ជាអ្នកស៊ីឈ្នួលបើកតាក់ស៊ី ដឹកភ្ញៀវពីព្រលានយន្តហោះទៅសណ្ឋាគារ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

លោក​ ម៉េង​ ហៃ ឈរ​ផ្អែកបង្កាន់​ដៃ​ដែល​នៅម្ខាងផ្លូវ​ ទល់​មុខស្ថានីយ៍​ដឹក​ដំណើរ​មក​ដល់​នៅ​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។​ ភ្នែក​របស់​លោក​សម្លឹង​ទៅ​ច្រកទ្វារ​ រក​មើល​ភ្ញៀវ​របស់​លោក ​ដែល​មាន​ដូច​ជា​ជាជន​ជាតិ​ជប៉ុន និង​ជនជាតិចិន​ និង​ជនជាតិ​អាស៊ី​ផ្សេងទៀត។ ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក​កំពុង​រង់​ចាំ​អតិថិជន​ម្នាក់​ដែល​មាន​ជើង​ហោះហើរ​មក​ពី​ទីក្រុង​ហុងកុង។

លោក​ ម៉េង​ ហៃ វ័យ​ ៤៦​ឆ្នាំ​ ជា​អ្នកស៊ី​ឈ្នួលបើក​តាក់ស៊ីឲ្យ​ក្រុមហ៊ុន​ ដោយ​លោក​ដឹក​ភ្ញៀវ​ពី​ព្រលាន​យន្តហោះ ទៅ​សណ្ឋាគារ​ជា​រៀង​រាល់ថ្ងៃ​ ប្រមាណ​៥ឆ្នាំ​ហើយ។​

លោក​បាន​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​បារម្ភ​ដែល​ពេល​ឃើញ​ភ្ញៀវ​មួយ​ចំនួន​ដែល​គាត់​ពាក់​ម៉ាស​ការពារ។ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា​ ភ្ញៀវ​ដូច​ជា​ការ​ពារ​បាន​ល្អ។​ យើង​ឆ្ងល់​ដែរ​ ទើប​តែ​ពីរ​បី​ថ្ងៃហ្នឹង​យើង​ឃើញ​ភ្ញៀវ​អឺរ៉ុប​ អាស៊ី​អី​មួយ​ចំនួន​ដែល​គាត់​ពាក់​ម៉ាស​ការពារ​អី»។

បើ​ទោះ​បី​ជា​មេរោគ​កូរ៉ូណា​បាន​សម្លាប់​មនុស្ស​អស់​ជាង​ ២០​ នាក់​ និង​ មនុស្ស​ជាង​ ៨០០​ នាក់​បាន​ឆ្លង​មេរោគ​នេះ​ក៏​ដោយ​ លោក​ថា​ លោក​ទើប​តែ​ដឹង​អំពី​មេរោគ​ថ្មី​នេះ​នៅ​ព្រឹក​នេះ។

លោក​និង​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ដែល​ VOA​ បាន​សម្ភាស ​បាន​បង្ហាញ​ពី​កង្វល់​របស់​ពួកគេ​អំពី​មេរោគ​ថ្មី​នេះ។ ពួក​គេ​ថា​ សម្រាប់​មនុស្ស​ដែល​មាន​ការងារ​មមាញឹក​ដូច​ពួកគេ​ព័ត៌មាន​អំពី​រឿងនេះ​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក ម៉េង ហៃ​ ឈរ​ទ្រេត​ខ្លួន ដៃ​កាន់​សោរ​ឡាន​ ហើយ​ពុំមាន​ពាក់​ម៉ាស​ទេ។ លោក​ថា លោក​ទើប​តែ​ដឹងព័ត៌មានជំងឺ​រលាក​ទងសួត ពុំ​ស្គាល់​ប្រភពដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី នៅ​ព្រឹក​នេះ​ ពេល​ដែល​មិត្ត​របស់​លោក​ទូរស័ព្ទ​ផ្តាំ​ឲ្យ​ការពារ​ខ្លួន។

លោក​និយាយ​បន្ថែម​ថា៖ «ខ្ញុំ​ចេះ​តែ​បារម្ភ​ដែរ​ បើសិន​មាន​បញ្ហា​នឹង​កើតឡើង [នៅ​កម្ពុជា]។​ ទីមួយ​ យើង​អត់​ដឹង​ថា ភ្ញៀវណា​មួយដែល​មាន​មេរោគ​ទេ»។

យ៉ាងហោច​ណាស់​មនុស្ស​ជាង​២០​នាក់ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ស្លាប់​បន្ទាប់​ពី​ឆ្លង​មេរោគ​ កូរ៉ូណាថ្មី ដែល​មាន​ប្រភព​កើត​ចេញ​ពី​ទី​ក្រុង​វូហាន​ នៅ​ប្រទេស​ចិន។ ​មេរោគ​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៨០០​នាក់​ ដែល​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​ចិន ​និង​ក្នុង​ប្រទេសដូច​ជា​វៀតណាម ​ថៃ ​សិង្ហបុរី​ កូរ៉េ​ខាងត្បូង​ ជប៉ុន​ រួម​ទាំង​សហរដ្ឋ​អាមេរិក​ផងដែរ។ ​ប្រទេស​អូស្ត្រាលី​កំពុង​តាមដាន​មើល​ទៅ​លើ​មនុស្សដែល​សង្ស័យ​ថា​អាច​នឹង​បាន​ឆ្លង​មេរោគ​នេះ​ដែរ។

អង្គការ​សុខភាពពិភពលោក​កំពុង​ធ្វើ​ការ​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក​ ដើម្បី​សិក្សា​ឲ្យ​ច្បាស់​ពី​ដើម​កំណើត​របៀប​ឆ្លង​ របៀប​ការពារ ​និង​របៀប​ព្យាបាល​ជំងឺ​នេះ។

មួយ​ថ្ងៃ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​គណៈកម្មការ​បន្ទាន់​នៃ​បទបញ្ញត្តិ​សុខភាព​អន្តរជាតិ​ International Health Regulations Emergency Committees​ បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​ហ្សឺណែវ​ ដើម្បី​រក​វិធី​ទប់ស្កាត់​ការ​រីក​រាលដាល ​និង​ព្យាបាល​ជំងឺ​នេះ។

បើ​ទោះ​បី​ជា​មិន​មាន​ការ​ប្រកាស​អាសន្ន​ជា​សាកល​ពី​មេរោគនេះ​ក៏​ដោយ​លោកវេជ្ជបណ្ឌិត​ Tedros Adhanom Ghebreyesus អគ្គនាយក​នៃ​ WHO ​បាន​ដាស់​តឿន​ថា៖ «កុំ​ច្រឡំ​ឲ្យ​សោះ​នេះ​ គឺ​ជា​អាសន្ន​នៅ​ប្រទេស​ចិន​ ប៉ុន្តែ​វា​នៅ​មិន​ទាន់​ក្លាយ​ជាការប្រកាស​អាសន្ន​នៃ​សុខភាព​សាកល​នៅ​ឡើយ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «យើង​ដឹង​ថា​ ភាគ​ច្រើន​នៃ​អ្នក​ដែល​ស្លាប់​នោះ​មាន​បញ្ហា​សុខភាព​ដូច​ជា​ លើស​ឈាម​ ទឹក​នោម​ផ្អែម​និង​ ជំងឺ​បេះដូង​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​របស់​ពួក​គេ​ចុះ​ខ្សោយ។ មក​ទល់​ពេល​នេះ​ មិន​មាន​ភស្តុតាង​ថា​មាន​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​ក្រៅ​ប្រទេស​ចិន​នោះ​ទេ។ តែ​មិន​មែន​មាន​ន័យ​ថា​មិន​ការ​ឆ្លង​នេះ​នៅ​ក្រៅ​ប្រទេស​ចិន​ដែរ»។

លោក Tedros Adhanom Ghebreyesus បាន​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ចិន​បន្ត​ផ្តល់​ទិន្នន័យ​ជាក់​លាក់​ដល់​អង្គការ​នេះ​ ដើម្បី​អាច​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ​បាន។

VOA​ ខ្មែរ​បាន​ទាក់ទង​ស្ថានទូត​ចិន​នៅ​កម្ពុជា​ក្នុង​សប្តាហ៍​នេះ​ តែ​មិនមាន​ការ​ឆ្លើយតប​មក​ទល់​ពេល​នេះ។

ស្ថានីយ៍ដំណើរមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
ស្ថានីយ៍ដំណើរមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

អ្នក​ស្រី​ ជឿន ​ស្រីណែត ​វ័យ​៣២​ឆ្នាំ ​អង្គុយ​ជិត​សាច់​ញាតិ​ម្នាក់​ទៀត។ ពួក​គេ​ទាំង​ពីរ​ ពាក់​ម៉ាស​អង្គុយ​ចុច​ទូរស័ព្ទ​ទាក់ទង​ទៅ​ម្តាយ​មីង​ ដែល​ពួក​គេ​រង់​ចាំ​ទទួល​ នៅ​ស្ថានីយ៍​មក​ដល់​នៃ​អ្នក​ដំណើរ។ ម្តាយ​មីង​របស់​អ្នក​ទាំង​ពីរ​ មក​ពី​ប្រទេស​កាណាដា​ដោយ​ប្តូរ​ជើង​យន្តហោះ​នៅ​ទី​ក្រុង​ហុងកុង​ មុន​នឹង​មក​ដល់​ទី​ក្រុង​ភ្នំពេញ។

អ្នកស្រី ជឿន​ ស្រីណែត​ ប្រាប់​វីអូអេ​ថា ​អ្នក​ស្រី​មាន​ការ​បារម្ភ​ ហើយ​សង្ស័យ​ថា​ ជំងឺ​រលាក​ទងសួត​មិន​ស្គាល់​ប្រភព​នេះ ​អាច​មាន​នៅ​កម្ពុជា។ អ្នកស្រី​ថា៖ «ដោយសារ​យើង​មក​ព្រលាន​អញ្ចឹង​ទៅ​ មនុស្ស​ច្រើន​មក​ពី​គ្រប់​កន្លែង​ អញ្ចឹង​ខ្ញុំ​ពាក់ម៉ាស​ទៅ»។

អ្នក​ស្រី​ថា​ ម៉ាស​ត្រូវ​បាន​ចែកជូន​នៅ​លើ​យន្តហោះ​ដល់​អ្នក​ដំណើរ​ទាំង​អស់។

«ពួកគាត់​មក​ពី​[បរទេស] នោះ ​គេចែក​ម៉ាស​ឲ្យ​បណ្តោយ​ពីខាង​លើ​យន្តហោះ។​ និយាយ​ទៅ​ពេល​គេ​ឡើង​គេ​ចែក​ម៉ាស​ឲ្យ​គ្រប់គ្នា​ គ្រប់​អ្នក​ដំណើរ»។

អ្នក​ស្រី ​និយាយ​ទៀត​ថា​ វត្តមាន​ច្រើន​របស់​ប្រជាជន​ចិន​ក៏​ធ្វើ​ឲ្យ​អ្នកស្រី​កាន់​តែ​បារម្ភ៖ «និយាយ​ទៅ​បារម្ភៗ​ហើយ ​ព្រោះ​អី​នៅ​ប្រទេស​យើង​ជនជាតិ​ចិន​ចូល​ច្រើន។ បើ​យើង​គិត​ទៅ​ប្រៀបធៀប​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត ​ចិន​ចូល​ច្រើន​ជាង​គេ​ហើយ​ណា។ អញ្ចឹង​បារម្ភ​ច្រើន​តើ។ អញ្ចឹង​ការ​ផ្តាំ​ផ្ញើ​មាន​អី​ក្រៅ​ពី​ឲ្យ​ប្រជាជន​យើង​ពាក់ម៉ាស​គ្រប់​គ្នា»។

កាល​ពី​ឆ្នាំ​២០១៩ ​កន្លង​ទៅ​ យ៉ាង​ហោច​ភ្ញៀវ​ទេសចរ​ចិន​ជាង​ ២​លាន​នាក់​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ​ នៅ​ថ្ងៃ​សុក្រ​នេះ ​មន្ត្រី​សុខាភិបាល​ ២​រូប​ នៅ​ប្រចាំ​ការ​ ២៤​ម៉ោង​ ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ចិន​នេះ ​ដើម្បី​ឃ្លាំ​មើល​ស្ថានភាព​សុខភាព​ភ្ញៀវ​ទេសចរ​ និង​មាន​ការ​ដាក់​ម៉ាស៊ីន​ស្គែន​កម្តៅ​មួយ​គ្រឿង។ ក្រៅ​ពី​នោះ ​ក្រសួង​សុខាភិបាល​ក៏​បាន​ដាក់​ម៉ាស៊ីន​ស្គែន​កម្តៅ​ពីរ​គ្រឿង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ មួយគ្រឿង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ និង​៣​គ្រឿង​ទៀត​ត្រូវ​បាន​ដាក់​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​ បាវិត​ និង​ព្រែកចាក។

ស្ថានីយ៍ដំណើរមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
ស្ថានីយ៍ដំណើរមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

បើ​តាម​ The Centers for Disease Control and Prevention (CDC) ​របស់​អាមេរិក​បាន​ឲ្យ​ដឹង​ មេរោគ​កូរ៉ូណា​ ​ជា​គ្រួសារ​នៃ​មេរោគ​ផ្លូវ​ដង្ហើម​ជាច្រើន​ ដែល​ខ្លះ​កើត​លើ​មនុស្ស​ និងខ្លះ​ទៀត​ឆ្លងតាមសត្វ​ដូច​ជា​សត្វ​អូដ សត្វ​ឆ្មា​ និង​សត្វ​ប្រជាវ។ ជា​ការ​កម្រ​ដែល​មេរោគ​កូរ៉ូណា​ឆ្លងពីសត្វ​ទៅសត្វ​ ​អាច​កើត​លើ​មនុស្ស​ ហើយ​អាច​ឆ្លង​រវាង​មនុស្ស​និង​មនុស្ស​ ដូច​ជា​ជំងឺ​រលាក​សួត​បង្ក​ដោយ​កូរ៉ូណាវីរុស សារស៍ ​(SARS) ជំងឺ​រលាក​សួត​បង្ក​ដោយ​កូរ៉ូណាវីរុសមើរស៍ (MERS)​ និង ​ជំងឺ​ផ្ដាសាយ​បក្សី​ជាដើម។​ ស្ថានការណ៍​ឆ្លង​ពាក់ព័ន្ធ​នឹង​មេរោគ​កូរ៉ូណា​ថ្មី​ ឬ​ហៅ​ថា​ 2019-nCoV ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ។

មន្ត្រី​ជាង​ ២.០០០ ​នាក់​ ត្រូវបានដាក់ឲ្យ​ប្រចាំ​ការ​នៅ​រដូវ​បុណ្យ​ចូលឆ្នាំ​ចិន​ ​ជា​ពេល​វេលា​ដែល​គេ​រំពឹង​ថា​ ​ប្រជាជន​និង​អ្នក​ជំនួញ​ចិន​រាប់​លាននាក់វិល​ទៅ​លេង​ស្រុក​កំណើត​ និង​ត្រឡប់​មក​កម្ពុជា​វិញ​ក្រោយ​ចប់​ពិធី​បុណ្យ​នេះ។

មក​ទល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​គេ​ពុំ​ទាន់​ឃើញ​មាន​ការ​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​នេះ​នៅ​ឡើយ​ទេ។

អ្នក​ដែល​ងាយ​ឆ្លង​មេរោគ​នោះ​គឺ​មនុស្ស​វ័យ​ចំណាស់​និង​អ្នក​ដែល​មាន​សុខភាព​ទ្រុឌទ្រោម។

អង្គការ​សុខភាព​ពិភពលោក​ WHO​ ឲ្យ​ដឹង​ថា​ ដើម្បី​កុំ​ឲ្យ​ឆ្លង​មេរោគ​ ពលរដ្ឋ​គួរ​លាង​ដៃ​នឹង​សាប៊ូ​ ឬ​ជាតិ​អាកុល​ឲ្យ​បាន​ញឹកញាប់​ ខ្ទប់​មាត់​និង​ច្រមុះ​ នៅ​ពេល​ក្អក​និង​ផ្តាសាយ​ ហើយ​ចោល​ក្រដាស​ទាំង​នោះ​ក្នុង​ធុង​សម្រាម​ភ្លាមៗ។ អង្គការ​នេះ​បន្ថែម​ថា​ ជៀស​វាង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដែល​មាន​គ្រុន​ក្តៅ​ និង​ក្អក។

ប្រសិន​បើ​មាន​អាការៈ​គ្រុន​ក្តៅ​ ក្អក​ និង​ពិបាក​ដក​ដង្ហើម​ត្រូវ​រួសរាន់​រក​ការ​ព្យាបាល។ នៅ​ពេល​ទៅ​កន្លែង​ដែល​មាន​មេរោគ​នេះ​ត្រូវ​ជៀសវាង​ប៉ះពាល់​ជាមួយ​សត្វ។ គួរ​ជៀស​វាង​ការ​បរិភោគ​សាច់សត្វ​ឆៅ​ ឬ​ចំអិន​មិន​បាន​ឆ្អិន​ល្អ​ ។ ជៀស​វាង វាង​ការ​បរិភោគ​ផលិត​ផល​សត្វ។ ត្រូវ​មាន​ការ​ប្រយ័ត្ន​នៅពេល​ដែល​រក្សា​ទុក​សាច់​ ទឹកដោះគោ​ និង​គ្រឿង​ក្នុង​សត្វ​ឆៅ​ ដើម្បី​ជៀស​វាង​ ការ​រាលដាល​នៃ​មេរោគ​ទៅ​លើ​បន្លែ ​ឬ​សាច់​សត្វ​ផ្សេងទៀតដែល​មិន​ទាន់​ចម្អិន។

បើ​ទោះ​បី​ជា​មាន​ការ​ប្រកាស​ពី​វិធី​ការពារ​ពី​អង្គការ​សុខភាព​ពិភពលោក​ក៏​ដោយ ​លោក ​ម៉េ​ង ហៃ​ និយាយ​ថា​ ក្រសួង​សុខាភិបាល​កម្ពុជា​គួរ​តែ​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​មេរោគ​និង​ជំងឺ​នេះឲ្យ​ប្រជាពលរដ្ឋ​ដឹង​បាន​ទូលំទូលាយ​ពី​របៀប​ការពារ​ខ្លួន ​និង​គ្រោះ​ថ្នាក់​នៃ​ជំងឺ​នេះ។

«ខ្ញុំ​ចង់​បាន​មួយ​ ដោយឲ្យខាង​ក្រសួង​សុខាភិបាល​ មេត្តា​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង​ឲ្យបាន​ឆាប់រហ័ស​បន្តិច ដើម្បី​ជួយប្រជា​ពលរដ្ឋ​យើង​ កុំ​ឲ្យ​មាន​ជំងឺ​ហ្នឹង​ឆ្លង​ កើនឡើងណា។ សុំតែប៉ុណ្ណឹង​ទេ»៕

XS
SM
MD
LG