ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សុខាភិបាល​ចិន​អះអាង​ថា មេរោគ​រលាក​សួត​ថ្មី​អាច​ឆ្លង​តាម​មនុស្ស


មន្ត្រី​ម្នាក់​ត្រួតពិនិត្យ​សុខភាព​របស់​អ្នក​ធ្វើ​ដំណើរ​ម្នាក់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Wuhan Tianhe នៅ​ក្នុង​ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី២១ ខែមករា​ ឆ្នាំ២០២០។
មន្ត្រី​ម្នាក់​ត្រួតពិនិត្យ​សុខភាព​របស់​អ្នក​ធ្វើ​ដំណើរ​ម្នាក់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Wuhan Tianhe នៅ​ក្នុង​ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី២១ ខែមករា​ ឆ្នាំ២០២០។

អ្នក​ជំនាញ​សុខាភិបាល​ចិន​បាន​អះអាង​ថា មេរោគ​កូរ៉ូណាវីរុស​ថ្មី​ដែល​បាន​សម្លាប់​មនុស្ស​អស់ ៤ នាក់​កន្លង​មក គឺ​ជា​មេរោគ​ឆ្លង ដែល​ករណី​នេះ​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា មេរោគ​នេះ​អាច​រីក​រាលដាល​យ៉ាង​លឿន​ក្នុង​ចំណោម​មនុស្ស។

គណៈកម្មការ​សុខាភិបាល​ជាតិ​នៃ​ប្រទេស​ចិន​បាន​បញ្ជាក់​ថា មេរោគ​ដែល​បង្ក​ឲ្យ​មាន​ការ​រលាក​សួត​នេះ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ មិន​មែន​ត្រឹមតែ​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​នោះ​ទេ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន។

កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ មន្ត្រី​សុខាភិបាល​ចិន​បាន​បញ្ជាក់​ថា មាន​ករណី​ចំនួន ១៣៦ ថ្មី​ទៀត​នៃ​ការ​ឆ្លង​មេរោគ​នេះ​នៅ​ក្នុង​រយៈពេល ៣ ថ្ងៃ​កន្លង​មក ដោយ​ក្នុង​នោះ​មាន​ករណី​ឆ្លង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​សៀងហៃ​ផង​ដែរ។

គណៈកម្មការ​សុខាភិបាល​ក្រុង Wuhan ភាគ​កណ្ដាល​ប្រទេស​ចិន បាន​និយាយ​ថា ចំនួន​សរុប​នៃ​អ្នក​មាន​ផ្ទុក​មេរោគ​ថ្មី​នេះ​មាន​ចំនួន​លើស ២ រយ​នាក់​ហើយ។ ករណី​អ្នក​ឆ្លងមេរោគ​នេះ​ភាគ​ច្រើន​ត្រូវ​បាន​ពណ៌នា​ថា​មាន​លក្ខណៈ​ស្រាល។ កន្លង​មក ប្រទេស​កូរ៉េ​ខាង​ត្បូង ថៃ និង​ជប៉ុន បាន​អះអាង​ថា​មាន​ករណី​ឆ្លង​មេរោគ​នេះ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​សុក្រ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្ដើម​ពិនិត្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​អ្នក​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង Wuhanដែល​មក​ដល់​អាកាសយានដ្ឋាន ៣ កន្លែង​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង San Francisco ទីក្រុង Los Angeles និង​ទីក្រុង New York។ អាកាសយានដ្ឋាន​នៅ​ប្រទេស​ជប៉ុន ថៃ កូរ៉េខាងត្បូង និង​សិង្ហបុរី ឥណ្ឌូនេស៊ី ក៏​ចាប់​ផ្ដើម​ពិនិត្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​អ្នក​ដំណើរ​ឆ្លង​កាត់​ផង​ដែរ។

ទាំង​មន្ត្រី​សុខាភិបាល​ចិន និង​មន្ត្រី​អាមេរិកាំង​មាន​ការ​បារម្ភ​ជា​ពិសេស ដោយ​សារ​ប្រជាជន​ចិន​ភាគ​ច្រើន​នៃ​ប្រជាជន​សរុប​ទាំង ១ ពាន់ ៤​រយ​លាន​នាក់ ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ខាង​មុខ​នេះ ទាំង​នៅ​ក្នុង​ប្រទេស​ចិន និង​នៅ​ក្រៅ​ប្រទេស។

មេរោគ​រលាក​សួត​នេះ​ស្ថិត​នៅ​ក្នុង​ប្រភេទ​ក្រុម​មេរោគ​តែ​មួយ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន​តាំង​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា រហូត​ដល់​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ។ ជំងឺ SARS ដែល​បាន​កើត​ឡើង​ដំបូង​នៅ​ប្រទេស​ចិន​ដែរ​នោះ បាន​សម្លាប់​មនុស្ស​ជិត​៨០០​នាក់​នៅ​ទូទាំង​ពិភពលោក​នៅ​ពេល​វា​ផ្ទុះ​ឡើង​កាល​ពី ១៧ ឆ្នាំ​មុន៕

XS
SM
MD
LG