ចំនួនមនុស្សស្លាប់នៅក្នុងប្រទេសចិនមកពីការផ្ទុះឡើងនូវមេរោគរលាកសួតថ្មីបានកើនឡើងទៅដល់ ៦នាក់ ដែលកំពុងបន្ថែមសេចក្តីភ័យខ្លាចពីការរាលដាលទូទាំងសាកលោកនៅពេលដែលមានសេចក្តីរាយការណ៍នៃករណីថ្មីនៅទូទាំងប្រទេសចិននិងហួសពីព្រំដែនរបស់ខ្លួន។
គណៈកម្មការសុខភាពជាតិរបស់ចិនបានប្រកាសកាលពីថ្ងៃចន្ទថា វីរុសដែលបណ្តាលឲ្យមានប្រភេទរោគរលាកសួតអាចត្រូវចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយមិនមែនត្រឹមតែចម្លងពីសត្វទៅមនុស្សទេ។
មនុស្សស្លាប់ទាំងអស់៦នាក់នោះបានត្រូវគេរាយការណ៍នៅក្នុងទីក្រុងវូហានភាគកណ្តាលនៃប្រទេសចិន ដែលជាទីកន្លែងផ្ទុះឡើងដ៏ខ្លាំងនូវជំងឺនេះ ខណៈដែលពួកមន្រ្តីសុខាភិបាល និយាយថា ចំនួនសរុបមនុស្សឆ្លងមេរោគនោះ បានកើនឡើង២៩១ករណី រួមមានបុគ្គលិកសុខាភិបាល១៥នាក់ផង។ ករណីនៃជំងឺនោះភាគច្រើន ស្ថិតនៅក្នុងក្រុងវូហាន ក៏ប៉ុន្តែមានករណីថ្មីបានបញ្ជាក់នៅក្នុងរដ្ឋធានីប៉េកាំង សៀងហៃនិងខេត្តកងទុង។
ក្រុមមន្រ្តីសុខាភិបាលកូរ៉េខាងត្បូងនិយាយកាលពីថ្ងៃចន្ទថា ពួកគេ បានបញ្ជាក់ពីការរកឃើញមួយករណីនៅក្នុងស្រ្តីអាយុ៣៥ឆ្នាំម្នាក់ដែលបានជឹះយន្តហោះមកពីទីក្រុងវូហានទៅកាន់ចំណតយន្តហោះក្រុងអ៊ីនឆ័ននៃប្រទេសកូរ៉េខាងត្បូង។ប្រទេសថៃនិងជប៉ុន ក៏បានបញ្ជាក់ពីករណីនៃការរកឃើញមេរោគនោះដែរ។
ការលក់ម៉ាសពាក់ការពារនៅទូទាំងប្រទេសចិនបានកើនឡើងយ៉ាងខ្លាំងរួមជាមួយព័ត៌មាននៃការផ្ទុះឡើងប្រកបដោយការរាលដាលយ៉ាងខ្លាំង។ ក្រុមមន្រ្តីក្នុងក្រុងវូហានបានចាប់ផ្តើមពិនិត្យឆែកឆេរសុខភាពដោយប្រើប្រដាប់ស្ទង់កម្តៅលើពួកអ្នកដំណើរដែលធ្វើដំណើរតាមយន្តហោះនិងរទេះភ្លើង។ការពិនិត្យឆែកឆេរសុខភាពអ្នកដំណើរមកពីទីក្រុងវូហាន ក៏បានចាប់ផ្តើមធ្វើនៅឯចំណតយន្តហោះ នៅក្នុងសហរដ្ឋអាមេរិក ជប៉ុន ថៃ កូរ៉េខាងត្បូងនិងប្រទេសសិង្ហបូរី៕