អ្នកវិទ្យាសាស្ត្រធ្វើការនៅឯមន្ទីរកែវយឹតធំបំផុតនៃមជ្ឈមណ្ឌលពិនិត្យមើលផ្កាយEuropean Southern Observatory ក្នុងប្រទេសឈីលីបានប្រមូលភ័ស្តុតាងនៃការបង្កបង្កើតផ្កាយព្រះគ្រោះថ្មីមួយ។
លោក Anthony Boccaletti មកពីមន្ទីរពិនិត្យមើលផ្កាយនៃក្រុងប៉ារីសដែលជាអ្នកវិទ្យាសាស្ត្រនាំមុខម្នាក់និយាយថានេះជាការរកឃើញថ្មីមួយ។
លោកបានថ្លែងថា«ផ្កាយព្រះគ្រោះរាប់ពាន់ដែលហោះជុំវិញផ្កាយនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យដែលភាសាអង់គ្លេសហៅថាexoplanets បានត្រូវដឹងរួចស្រេចហើយរហូតមកដល់ពេលនេះ ក៏ប៉ុន្តែគេដឹងតែបន្តិចបន្តួចអំពីថាតើផ្កាយព្រះគ្រោះទាំងនេះបានត្រូវបង្កបង្កើតបែបណា»។
Exoplanet ជាផ្កាយព្រះគ្រោះមួយដែលអណ្តែតជុំវិញផ្កាយមួយហើយមិនមែនជុំវិញលោកខែឬព្រះអាទិត្យទេ។
ពួកអ្នកវិទ្យាសាស្ត្រនិយាយថាពួកគេមានជំនឿថាការបង្កើតexoplanets បានកើតមានឡើង៥២០ឆ្នាំពន្លឺនៅក្នុងប្រជុំផ្កាយAuriga ដែលគេហៅថាcharioteer ដែរ។ផ្កាយធំបំផុតមានឈ្មោះថាCapella ដែលជាផ្កាយភ្លឺជាងគេទី៦នៅពេលយប់។
បើតាមទស្សនាវដ្តី Science Daily ថាផ្កាយព្រះគ្រោះនេះបានបង្កបង្កើតឡើងនៅចម្ងាយ២,៧៨១៧ ពាន់លានម៉ាយ ពីប្រជុំផ្កាយ AB Aurigae។
ផ្កាយព្រះគ្រោះបានត្រូវបង្កបង្កើតនៅជិតផ្កាយថ្មីៗដូចជាAB Aurigae នៅក្នុងប្រជុំផ្កាយAuriga ជាដើម។ដំណើរការនៃភាពត្រជាក់និងមានភាពខាប់នៃឧស្ម័ននិងធូលីមិនបានត្រូវស្រាវជ្រាវចងក្រងជាឯកសារទេ។
ផ្នែកសំខាន់នៃការស្រាវជ្រាវនេះគឺវត្តមាននៃ«ការត្របាញ់បញ្ចូលគ្នា»នៅក្នុងរូបភាពនៃផ្កាយទាំងនេះ។អ្នកវិទ្យាសាស្ត្រនិយាយថាមជ្ឈមណ្ឌលមានការវិលវល់នៃឧស្ម័ននិងធូលីខាប់បញ្ជាក់អំពីការបង្កើតផ្កាយព្រះគ្រោះថ្មីមួយ។
លោក Emmanuel Di Folco ជាសហៈអ្នកនិពន្ធនៃការស្រាវជ្រាវនេះនិងជាអ្នកតារារូបវិទ្យាធ្វើការនៅមន្ទីរពិសោធន៍ខាងតារារូបវិទ្យានៅក្នុងក្រុង Bordeaux ប្រទេសបារាំង។លោកពន្យល់ថាការត្របាញ់គ្នាបញ្ជាក់ថាមានចលនា។
លោកDi Folco បាននិយាយថា« មានការប្រែប្រួលនៅក្នុងរង្វង់ប្រជុំផ្កាយជាទម្រង់រលកស្រដៀងគ្នានឹងទូកមួយដែលគេអុំនៅក្នុងបឹង»។
ចលនាវិលវល់ដើម្បីសម្របសម្រួលផ្កាយព្រះគ្រោះថ្មីនៅពេលវាវិលនៅជុំវិញផ្កាយបង្កើតឱ្យមានរលកបន្ថែមទៀត។
សេចក្តីដកស្រង់នៃការសិក្សាស្រាវជ្រាវនេះដែលបានត្រូវបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Astronomy and Astrophysics ចែងថាការត្របាញ់បញ្ចូលគ្នាស៊ីគ្នាជាមួយ«គំរូរលកដង់ស៊ីតេជំរុញដោយផ្កាយព្រះគ្រោះ» មួយហើយការរកឃើញនេះពង្រឹងការអះអាងរបស់ពួកអ្នកស្រាវជ្រាវទាំងនេះ។
បើតាមទស្សាវដ្តី Forbes ថាការសិក្សាស្រាវជ្រាវនេះផ្តើមពីការរកឃើញកាលពីឆ្នាំ២០១៧ដោយប្រើកែវយឹតAtacama Large Millimeter/submillimeter Array ហៅកាត់ថាALMA ក្នុងប្រទេសឈីលី ដែលស្វះស្វែងរកវត្តមាននៃផ្កាយព្រះគ្រោះថ្មីមួយ។
នៅក្រោយពិនិត្យសើរើជាថ្មីអំពីការស្រាវជ្រាវនេះ លោក Boccaletti និងលោក Di Falco ជាមួយនឹងពួកអ្នកតារាសាស្ត្រមួយក្រុមមកពីប្រទេសបារាំង កោះតៃវ៉ាន់ សហរដ្ឋអាមេរិកនិងប្រទេសប៊ែលហ្ស៊ិកបានចាប់ផ្តើមប្រើកែវយឹត SPHERE ដើម្បីថតរូប AB Aurigae។
សេចក្តីដកស្រង់នៃការស្រាវជ្រាវនេះចែងថាកែវយឹតនេះ«បានផ្តល់រូបភាពជ្រៅបំផុតនៃផ្កាយAB Aurigae នៅក្នុងកន្លែងមានពន្លឺច្រើន»។
ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះគ្រោងនឹងបន្តការស្រាវជ្រាវរបស់ពួកគេនៅពេលមានការកសាងរួចស្រេចបាច់នូវមហាកែវយឹតហៅកាត់ថាELT នៅក្នុងប្រទេសឈីលីនៅឆ្នាំ២០២៥។ មហាកែវយឹត ELT អាចធ្វើការសិក្សាល្អិតល្អិតអំពីexoplanets។
លោក Boccaletti បានមានប្រសាសន៍ថា «យើងនឹងអាចឃើញដោយផ្ទាល់និងដោយមានការប្រាកដជាងមុនអំពីថាតើថាមភាពឧស្ម័នចូលរួមបែបណាក្នុងការបង្កបង្កើតផ្កាយព្រះគ្រោះ»៕
ប្រែសម្រួលដោយ ឈឹម សុមេធ