ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

តារាវិទូ​រក​ឃើញ​ភស្តុតាង​ល្អ​បំផុត​នៃ​រន្ធ​ខ្មៅ «ទំហំ​មធ្យម»


រូបភាព​ចេញ​ពី​​ឧបករណ៍​កែវ​ពង្រីក​មើល​គន្លង​តារា Hubble កំណត់​ទីតាំង​នៃ​​រន្ធ​ខ្មៅ​ដែល​មាន​ទំហំ​មធ្យម កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

ក្រុមតារាវិទូ​ដែល​ប្រើ​ឧបករណ៍​កែវ​ពង្រីក​មើល​គន្លង​តារា Hubble របស់​ទីភ្នាក់ងារ​អវកាស NASA សហរដ្ឋ​អាមេរិក និង​ប្រើ​ទីតាំង​អង្កេត​មើល​គន្លង​តារា​ដោយ​ប្រើ​កាំរស្មីអ៊ិច​ចំនួន​ពីរ បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ប្រមូល​ភស្តុតាង​ល្អ​បំផុត​អំពី​រន្ធ​ខ្មៅ «Intermediae-mass» ដែល​មាន​ទំហំ​មធ្យម​លើ​ដែន​អវកាស។

របាយការណ៍​មួយ​របស់​ទីភ្នាក់ងារ NASA ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី ៣១ ខែ​មីនា នៅ​ក្នុង​ព្រឹត្តិបត្រ​តារា​រូបវិទ្យាសាស្ត្រ Astrophysical Journal បាន​ពន្យល់​ថា រន្ធ​ខ្មៅ intermediate-mass លើ​ដែន​អវកាស មាន​ទំហំ​ធំ​ជាង​ម៉ាស​ព្រះ​អាទិត្យ​ប្រហែល ៥ ម៉ឺន​ដង។

រន្ធខ្មៅ Intermediate-mass នោះ​មាន​ទំហំ​តូច​ជាង​រន្ធ​ខ្មៅ supermassive ដែល​ស្ថិត​នៅ​ក្នុង​ស្នូល​នៃ​កាឡាក់ស៊ីធំៗ ប៉ុន្តែ​វា​ធំ​ជាងរន្ធ​ខ្មៅ Stellar-mass ដែល​បង្កើត​ឡើង​ដោយ​ការ​រំលំ​រលាយ​នៃ​ផ្កាយ​ដ៏​ធំ​មួយ។

រន្ធ​ខ្មៅ intermediate-mass គឺ​ជា «តំណភ្ជាប់​ដែល​បាត់» ដែល​ត្រូវ​បាន​ស្វែង​រក​ជា​យូរ​មក​ហើយ​នៅក្នុង​ការវិវត្ត​នៃ​រន្ធខ្មៅ​លើ​ដែន​អវកាស។ តារាវិទូ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​រន្ធ​ខ្មៅ​ទាំង​នេះ ពី​ព្រោះ​ពួក​វា​មាន​ទំហំ​តូច​ជាង និង​មិន​សូវ​មាន​សកម្មភាព​ដូច​រន្ធ​ខ្មៅ supermassive នោះ​ទេ។

តារាវិទូ​នៃ​សាកលវិទ្យាល័យ University of New Hampshire លោក Dacheng Lin ដែល​ជា​អ្នក​ចេញ​ផ្សាយ​របាយការណ៍​នេះ បាន​ប្រាប់​ទីភ្នាក់ងារ NASA ថា លោក និង​ក្រុម​ការងារ​របស់​លោក ចាប់​បាន​រន្ធ​ខ្មៅ Intermediate-mass មួយ នៅ​ពេល​វា​កំពុង​លេប​ត្របាក់ផ្កាយ​មួយ​ដែល​បាន​មក​ជិត​ទំនាញ​របស់​រន្ធខ្មៅ​នេះ​នៅ​លើ​ដែន​អវកាស។

លោក Lin បាន​និយាយ​ថា ក្រុម​ការងារ​របស់​លោក​បាន​ប្រើ​កែវ​ពង្រីក​មើល​គន្លង​តារា Hubble ដើម្បី​សិក្សា​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​ទីភ្នាក់ងារ NASA និង​ទីភ្នាក់ងារ​ផ្កាយ​រណប​កាំរស្មី​អ៊ិច​របស់​ទីភ្នាក់ងារ​ដែន​អវកាស​អឺរ៉ុប ដើម្បី​កំណត់​ទីតាំង​ពិត​ប្រាកដ​របស់​រន្ធខ្មៅ​នេះ។

ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា ការ​រក​ឃើញ​រន្ធ​ខ្មៅ​ទំហំ​ធម្យម​នេះ មាន​ន័យ​ថា អាច​មាន​រន្ធ​ខ្មៅ​ប្រភេទ​នេះ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ទី​អវកាស ហើយ​ការណ៍​នេះ​បាន​ចោទ​ជា​សំណួរ​ថា​តើ​រន្ធ​ខ្មៅ​ទាំង​នេះ​នឹង​វិវឌ្ឍន៍​ខ្លួន​ទៅ​ជា​រន្ធ​ខ្មៅ supermassitve ឬ​ក៏​យ៉ាង​ណា​នោះ៕

ប្រែសម្រួល​ដោយ​ សឿន វឌ្ឍនា

XS
SM
MD
LG