ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ផ្កាយ​រណប​អង្គការ NASA និង​អង្គការ ESA ជួយ​ឲ្យ​រក​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​ថ្មី​មួយ


កញ្ចុំផ្កាយ​រះ​នៅ​ពេល​យប់​​ក្នុង​ទីក្រុង Petersdorf ប៉ែក​ខាង​កើត​ប្រទេស​អាល្លឺម៉ង់ ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២០។

ផ្កាយ​ដុះកន្ទុយ​មួយ​ដែល​បាន​ត្រូវ​រក​ឃើញ​កាល​ពី​ខែ​មេសា​ដោយ​ប្រើ​ទិន្នន័យ​ពី​យាន​មើល​ផ្កាយ​មួយ​ដែល​ហោះ​តាម​តារា​វិថី នឹង​អាចមើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះ។

ផ្កាយ​ដុះកន្ទុយ​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​ដោយ​លោក​តារា​វិទូ Michael Mattiazzo ដែល​ជា​អ្នក​ចូល​ចិត្ត​មើល​ផ្កាយ ដោយ​លោក​បាន​ប្រើ​ទិន្នន័យ​ដែល​ប្រមូល​បាន​ដោយ​ឧបករណ៍​មួយ​នៅ​លើ​ផ្កាយ​រណប​នៃ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ដែល​ហៅ​កាត់​ថា ESA និង​ផ្កាយ​រណប​ស្រាវជ្រាវ​ដែន​អវកាស​របស់​អង្គការ NASA សហរដ្ឋ​អាមេរិក ដែល​ហៅ​កាត់​ថា SOHO។

ឧបករណ៍​ដែល​គេ​ហៅ​ថា Solar Wind Anisotropies ឬ​ហៅ​កាត់​ថា SWAN នេះ ពិនិត្យ​ការ​ហូរ​ចេញ​នៃ ខ្យល់​ព្រះអាទិត្យ​នៅ​ចន្លោះ​ភព​នីមួយៗ ដោយផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ចម្ងាយ​រលក​កាំ​រស្មី​អ៊ុលត្រាវីយូឡេត ដែល​បញ្ចេញ​ដោយ​អាតូម​អ៊ីដ្រូហ្សែន។

ឧបករណ៍​នេះ​បាន​ថត​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​នេះ ដោយសារតែ​ផ្កាយ​ដុះ​កន្ទុយ​នេះ​បាន​បញ្ចេញ​ទឹក​ជា​ច្រើន​គឺ​ប្រមាណ ១,៣ តោន​ក្នុង​មួយ​វិនាទី។

ទោះបីជា​ផ្កាយ​ដុះ​កន្ទុយ​នេះ​មាន​ឈ្មោះ​ផ្លូវការ​ថា C/2020 F8 ក៏​ដោយ ក៏​គេ​ស្គាល់​វា​ថា​ជា​ផ្កាយ​ដុះ​កន្ទុយ SWAN ដោយ​យក​ឈ្មោះ​តាម​ឧបករណ៍​ដែល​ជួយ​រក​ឃើញ​វា។ ផ្កាយ​ដុះ​កន្ទុយ​នេះ​នឹង​ហោះ​ទៅ​ជិត​ផែនដី​បំផុត​នៅ​ថ្ងៃ​ពុធ​ខាង​មុខ គឺ​នៅ​ចម្ងាយ​ប្រមាណ ៨៥ លាន​គីឡូម៉ែត្រ ហើយ​គេ​អាច​មើល​ឃើញ​វា​ច្បាស់​បំផុត​នៅ​ក្នុង​អឌ្ឍគោល​ខាង​ត្បូង ឬ​នៅ​ប៉ែក​ខាងត្បូង​នៃ​អឌ្ឍគោល​ខាង​ជើង។

ពួក​អ្នក​តារា​សាស្ត្រ​និយាយ​ថា មនុស្ស​នៅ​តំបន់​អឌ្ឍគោល​ខាង​ជើង​ប្រហែល​ជា​អាច​មើល​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​នេះ នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​ខែ​ឧសភា​នេះ នៅ​ពេល​វា​អណ្តែត​ទៅ​ជិត​ព្រះអាទិត្យ​បំផុត។ ក៏​ប៉ុន្តែ អ្នក​វិទ្យាសាស្ត្រ​និយាយ​ដោយ​ប្រយ័ត្នប្រយែង​ថា គេ​អាច​មាន​ការ​ពិបាក​ក្នុង​ការ​ទស្សន៍​ទាយ​ថា នឹង​មើល​ឃើញ​ផ្កាយ​ដុះកន្ទុយ​នេះ ជា​ពិសេស​នៅ​ពេល​វា​អណ្តែត​ទៅ​ជិត​ព្រះអាទិត្យ។

លោក​តារា​វិទូ Tony Philips បាន​និយាយ​ប្រាប់​កាសែត The New York Times ថា វា​អាស្រ័យ​ទៅ​លើ​ថា​តើ​ផ្កាយ​ដុះកន្ទុយ​នេះ​មាន​ប្រតិកម្ម​បែប​ណា​ចំពោះ​កម្តៅ​ព្រះអាទិត្យ នៅ​ពេល​វា​អណ្តែត​ទៅ​ជិត​ព្រះអាទិត្យ​ក្នុង​ពេល​ពីរ​បី​សប្តាហ៍​ខាង​មុខ​នេះ។

ជា​ទូទៅ ផ្កាយ​ដុះកន្ទុយ​ចាប់ផ្តើម​បែក​ជា​បំណែក​តូចៗ​នៅពេល​វា​អណ្តែត​ទៅ​ជិត​ព្រះអាទិត្យ ហើយ​កម្ទេចកម្ទី​នៃ​ផ្កាយ​ដុះកន្ទុយ​ប្រហែល​ជា​អាច ឬ​ក៏​មិន​អាច​បង្កើត​ជា «កន្ទុយ» ដែល​ជួយ​ឲ្យ​គេ​មើល​ឃើញ​ផ្កាយ​នេះ​បាន៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG