ខណៈការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីឆ្នាំមុន បានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់អ្នកធ្វើការផ្នែកសុខាភិបាលនៅទូទាំងសហរដ្ឋអាមេរិក ជំងឺនេះបានដាក់បន្ទុកបន្ថែមលើអ្នកធ្វើការផ្នែកសុខាភិបាលអាស៊ី។ ពួកគេត្រូវទៅធ្វើការនៅពេលដែលការវាយប្រហារប្រឆាំងនឹងជនជាតិអាស៊ីបានកើនឡើងយ៉ាងច្រើននៅទូទាំងប្រទេសអាមេរិក។
លោក Austin Chiang ជាវេជ្ជបណ្ឌិតម្នាក់ដែលមានឪពុកម្តាយមកពីកោះតៃវ៉ាន់ មកនៅរស់ក្នុងសហរដ្ឋអាមេរិក ១ ០ឆ្នាំមុន លោកចាប់កំណើត។ លោក Austin កើតនៅក្នុងទីក្រុង Irvine រដ្ឋ California។
លោកបាននិយាយថា៖ «កាលពីឆ្នាំមុនមានរឿងកើតឡើងច្រើនផ្សេងៗគ្នា ទាំងរឿងជំងឺរាតត្បាតនិងបញ្ហាអយុត្តិធម៌ជាតិសាសន៍។ រឿងទាំងពីរនេះបានធ្វើឲ្យឆ្នាំមុននេះ ខុសពីឆ្នាំកន្លងមក»។
នៅចំថ្ងៃដែលស្រ្តីអាមេរិកាំងដើមកំណើតអាស៊ី ៦ នាក់និងមនុស្ស ២ នាក់ផ្សេងទៀត ត្រូវបានបាញ់សម្លាប់ក្នុងទីក្រុង Atlanta ក្រុមតស៊ូមតិនៃអង្គការ Stop AAPI Hate បានចេញផ្សាយរបាយការណ៍មួយ ដែលបង្ហាញថា មានករណីរឿងរើសអើងជាតិសាសន៍ដែលដៅលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី និងពលរដ្ឋដែលមកពីកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ចំនួន ៣.៧៩៥ ករណី គិតពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១។ ការរើសអើងជាតិសាសន៍ជាង៥០០ករណីត្រូវបានកត់ត្រាតាំងពីដើមឆ្នាំនេះមក។
ជំងឺកូវីដ១៩ ត្រូវបានរកឃើញដំបូងក្នុងទីក្រុង Wuhan ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ តាំងពីនោះមក ជំងឺនេះបានរាតត្បាតនៅទូទាំងពិភពលោក និងបានសម្លាប់មនុស្ស ៥៤៨.០៥២ នាក់ នៅសហរដ្ឋអាមេរិកហើយ គិតត្រឹមថ្ងៃសុក្រទី ២៦ ខែមីនាកន្លងទៅនេះ ចំនួនអ្នកឆ្លងនៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៣០.១៥១.២៧៨ នាក់។ នេះបើយោងតាមមជ្ឈមណ្ឌលតាមដានវីរ៉ុសកូរ៉ូណារបស់សាកលវិទ្យាល័យ Johns Hopkins។
ក្នុងឆ្នាំ ២០២០ នៅក្នុងទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតទាំង ១៦ នៅក្នុងសហរដ្ឋអាមេរិក ការវាយប្រហារលើជនជាតិអាស៊ីបានកើនឡើងជិត ១៥០% ច្រើនជាងកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលសិក្សាពីការរើសអើងនិងភាពជ្រុលនិយមនៃសាកលវិទ្យាល័យរដ្ឋ California។
ហេតុការណ៍ដែលកើតឡើងកាលពីឆ្នាំមុន គឺជាពេលវេលាសញ្ជឹងគិតសម្រាប់លោក Chiang ដែលបានរៀនចប់ថ្នាក់អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ ពីសាកលវិទ្យាល័យ Harvard និងសញ្ញាប័ត្រវេជ្ជបណ្ឌិតពីសាកលវិទ្យាល័យ Columbia។
លោកត្រូវបានគេស្គាល់ច្រើននៅតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតក្នុងនាមជានាយកបណ្តាញសង្គមផ្នែកវេជ្ជសាស្ត្រ សម្រាប់មន្ទីពេទ្យចំនួន ១៤ ដែលចាត់ចែងដោយសាកលវិទ្យាល័យ Thomas Jefferson ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania និងជាស្ថាបនិកសមាគមថែទាំសុខភាពលើបណ្តាញសង្គម ហៅកាត់ថា (AHSM)។
លោកវេជ្ជបណ្ឌិតឯកទេសខាងក្រពះនិងពោះវៀនរូបនេះ បានប្រាប់វីអូអេផ្នែកភាសាចិនថា៖ «ការស្លាប់របស់លោក George Floyd ពលរដ្ឋអាមេរិកាំងស្បែកខ្មៅ ខណៈលោកស្ថិតក្រោមសមត្ថកិច្ចរបស់ប៉ូលិស កាលពីខែឧសភាឆ្នាំមុន ក្នុងរដ្ឋ Minnesota និងការងើបឡើងវិញនៃចលនាការពារជីវិតពលរដ្ឋស្បែកខ្មៅ ឬ Black Lives Matter «ធ្វើឲ្យខ្ញុំគិតឡើងវិញថា មានវិធីច្រើនណាស់ដែលយើងអាចព្យាយាមរួមបញ្ជូលគ្នាធ្វើឲ្យមានសមធម៌នៅកន្លែងធ្វើការរបស់ខ្ញុំ និងធ្វើឲ្យប្រាកដថាអ្នកផ្សេងទៀតយល់ថា ពួកគេទទួលបានភាពស្មើគ្នាត្រូវបានគេយកចិត្តទុកដាក់ និងផ្តល់ឱកាសឲ្យដូចគ្នា»។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា៖ «វាពិតជាបញ្ហាស្មុគស្មាញនិងពិបាកទទួលយក។ គេវាយតម្លៃយើងលើរូបរាងយើង ជាជាងលើចំណេះវិជ្ជារបស់យើង។ រឿងនេះពិតជាប៉ះពាល់ដល់មនុស្សជាច្រើន»។
«ខ្ញុំអស់សំណើចខ្លាំងណាស់ នៅពេលដែលបុរសស្បែកសរម្នាក់ហៅខ្ញុំថា ចៃយ៉រ»។
នេះជាសម្តីលោក ម៉ន វ៉ាន់ថាត ដែលមានអាយុ ៤២ ឆ្នាំ ហើយសព្វថ្ងៃរស់នៅក្នុងក្រុង Haymarketរដ្ឋ Virginia។ លោកបានសិក្សាផ្នែកគិលានុបដ្ឋនៅឯសាកលវិទ្យាល័យ George Mason ក្នុងសង្កាត់ Fairfax រដ្ឋ Virginia។ លោកជាគិលានុបដ្ឋាកប្រចាំបន្ទប់ ICU នៅឯមន្ទីពេទ្យ Inova ក្នុងសង្កាត់ Fairfax។
លោកបាននិយាយថា៖ «ខ្ញុំមិនប្រកាន់ទេ។ គាត់ប្រហែលជាបានគិតក្នុងចិត្ត ប៉ុន្តែបើគាត់មិនបានផឹកថ្នាំ ហើយបើថ្នាំមិនធ្វើទុក្ខទេ នោះគាត់ប្រហែលជាមិនហៅខ្ញុំអញ្ជឹងទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ គាត់មិនត្រូវគិតដូច្នេះទេ»។
លោក ម៉ន វ៉ាន់ថាត ដែលបានចាប់កំណើតក្នុងខេត្តបាត់ដំបងប្រទេសកម្ពុជា ត្រូវបានគេធ្វើបាបក្នុងសាលារហូតដល់យំ និងត្រូវក្មេងផ្សេងទៀតមិនរាប់អាន នៅអំឡុងពេលលោកចូលរៀនឆ្នាំដំបូងបន្ទាប់ពីមកដល់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨៩ជាមួយគ្រួសារ។
ពេលនោះលោកមានអាយុ ១២ ឆ្នាំ។ លោកបានប្រាប់វីអូអេខ្មែរថា លោកគិតថា នៅពេលនោះ៖ «ប្រសិនបើមានអ្នកណាម្នាក់មកជួយខ្ញុំ ខ្ញុំប្រហែលជាគ្មានគំនិតចង់សម្លាប់ខ្លួនឯង ឬក៏ប្រហែលជាខ្ញុំមិនត្រូវឆ្លងកាត់ពេលលំបាកបែបនេះទេ។ ហេតុដូច្នេះហើយបានជាខ្ញុំធ្វើការជួយមនុស្ស ឬក្លាយជាគិលានុបដ្ឋាក ព្រោះខ្ញុំចង់ជួយមនុស្ស»។
មានថ្ងៃមួយនៅពេលដែលអ្នកជំងឺកូវីដ ៤ នាក់របស់លោកបានស្លាប់នៅក្នុងបន្ទប់ ICU លោក វ៉ាន់ថាត បានយកវិធីដែលលោកបានបង្កើតឡើងដើម្បីជួយខ្លួនឯង កាលពីលោកនៅវ័យក្មេង ដើម្បីសម្រាលទុក្ខលោក។
«ជាទូទៅគ្រួសារយើងមិនទម្លាប់និយាយអំពីរឿងផ្ទាល់ខ្លួនរបស់យើងឲ្យអ្នកដទៃស្តាប់ទេ។ ភាគច្រើនខ្ញុំដោះស្រាយបញ្ហាដោយខ្លួនឯង។ ដូច្នេះនៅថ្ងៃនោះ ខ្ញុំផ្តោតទៅលើភាពវិជ្ជមានដែលខ្ញុំមាន និងដែលអាចឲ្យខ្ញុំយកទៅជួយសហគម។
ជនជាតិអាស៊ីដែលកើតនៅអាស៊ីនិងកើតនៅសហរដ្ឋអាមេរិក ដែលធ្វើការនៅក្នុងវិស័យសុខាភិបាលជាភាគរយ មានចំនួនច្រើនជាងអត្រានៃចំនួនជនជាតិអាស៊ីសរុប នៅសហរដ្ឋអាមេរិក នេះបើយោងតាមតួរលេខពីការិយាល័យជំរឿនពលរដ្ឋរបស់សហរដ្ឋអាមេរិក និងវិទ្យាស្ថានគោលនយោបាយអន្តោប្រវេសន៍។ ក្នុងចំណោមអ្នកធ្វើការនៅក្នុងវិស័យសុខាភិបាលក្នុងសហរដ្ឋអាមេរិ ដែលកើតនៅក្រៅប្រទេស ៤០% មកពីអាស៊ី។
លោក Adam Conners វ័យ ៣៥ ឆ្នាំ ជាអ្នកមកពីក្រុង Malang ភាគខាងកើតកោះ Java ក្នុងប្រទេសឥណ្ឌូណេស៊ី។ លោកមកលេងមិត្តភក្តិនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១១។ លោកបានដួលប្រកាច់ដោយសារជំងឺរបេងធ្ងន់ធ្ងរ និងបានព្យាបាលជំងឺនៅពេទ្យរបស់សាកលវិទ្យាល័យ George Washington ក្នុងរដ្ឋធានីវ៉ាស៊ីនតោន រយៈពេល ៣ ខែ។ នៅទីនោះ លោកបានទទួលការថែទាំជំងឺយ៉ាងយកចិត្តទុកដាក់ពីគិលានុបដ្ឋាក ហើយលោកក៏សម្រេចចិត្តធ្វើការជាគិលានុបដ្ឋាកតែម្តង។
បន្ទាប់ពីរៀនភាសាអង់គ្លេស លោកក៏ចុះឈ្មោះចូលរៀនក្នុងកម្មវិធីគិលានុបដ្ឋាក នៅឯសាកលវិទ្យាល័យ Chamberlain ក្នុងក្រុង Downers Grove រដ្ឋ Illinois។ កម្មវិធីសិក្សាមានរយៈពេល ៤ ឆ្នាំ ប៉ុន្តែលោកបានខិតខំរៀននិងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រក្នុងរយៈពេលតែ ២ ឆ្នាំកន្លះប៉ុណ្ណោះក្នុងឆ្នាំ ២០១៧។
លោក Conners បានប្រាប់វីអូអេជាភាសាឥណ្ឌូណេស៊ីថា កម្មវិធីសិក្សារបស់លោក «លំបាកខ្លាំងណាស់»។ ឥឡូវនេះលោកជាគិលានុបដ្ឋាកប្រចាំបន្ទប់ ICU នៅក្នុងមន្ទីពេទ្យ ដែលលោកធ្លាប់ចូលព្យាបាលជំងឺ។ អ្នកជំងឺរបស់លោកមានទាំងអាមេរិកាំងដើមកំណើតអាហ្វ្រិកជនជាតិ Hispanics អាស៊ី អ្នកមកពីតំបន់មជ្ឈិមបូព៌ា និងជនជាតិស្បែកស។ លោកថា លោកថែទាំអ្នកជំងឺរបស់លោកដូចៗគ្នា។
អ្នកជំងឺកូវីដ១៩ ដំបូងៗរបស់លោកភាគច្រើនមានវ័យច្រើនជាង ៧០ ឆ្នាំ ប៉ុន្តែឥឡូវនេះភាគច្រើនមានវ័យក្មេងជាង គឺជាង ២០ ឬ ជាង ៣០ ឆ្នាំ។
លោក Connors និយាយថា៖ «វាពិតជារឿងដ៏គួរឲ្យសោកសៅណាស់។ ពេលខ្ញុំចេញពីធ្វើការម្តងៗខ្ញុំឃើញមនុស្សនៅតាមផ្លូវអត់ពាក់ម៉ាស ឬមិនរក្សាគម្លាតពីគ្នា។ ខ្ញុំខ្លោចចិត្តណាស់»។
លោក Conners បាននិយាយបន្តទៀតថា ទាល់តែពួកគេទាំងនោះបានឃើញស្ថានភាពនៅក្នុងមន្ទីពេទ្យ មានមនុស្សស្លាប់ទើបពួកគេខ្លាច។ លោក Conners ចង់ត្រឡប់ទៅឥណ្ឌូណេស៊ីវិញ ដើម្បីធ្វើការនៅក្នុងគ្លីនិក ជួយកសាងគ្លីនិកសម្រាប់មើលអ្នកជំងឺនិងព្យាយាមជួយជនរួមជាតិរបស់លោក។
ការងារជាគិលានុបដ្ឋាកក្នុងអំឡុងការរាតត្បាតជំងឺកូវីដ បានជួយបង្រៀនខ្ញុំឲ្យយល់ពីតម្លៃនៃការថែទាំសុខភាពខ្លួនឯង រួមទាំងសុខភាពផ្លូវចិត្តផងដែរ។ នេះជាសម្តីរបស់លោក Conners ដែលបានឃើញអ្នកជំងឺប្រហែល ១០០ នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩។
លោកថា៖ «ខ្ញុំមានអារម្មណ៍ថា ជំងឺកូវីដកំពុងឈ្នះខ្ញុំ ឬពេលខ្លះខ្ញុំមានអារម្មណ៍ថា ខ្ញុំបានចាញ់ក្នុងសង្គ្រាមប្រយុទ្ធនឹងកូវីដ»។
លោក Wengang Zhang ដែលមានអាយុ ៦៧ ឆ្នាំ បានចាប់កំណើតក្នុងខេត្ត Sichuan ប្រទេសចិន។ លោកមកដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៨ ដោយនាំមកជាមួយនូវសញ្ញាបត្រផ្នែកវេជ្ជសាស្ត្រ ដែលលោកបានរៀនពីសាកលវិទ្យាល័យមួយ នៅប្រទេសចិន ដោយឥឡូវនេះមានឈ្មោះថា សាកលវិទ្យាល័យវេជ្ជសាស្រ្ត Chongqing។
លោក Zhang បានប្រាប់វីអូអេជាភាសាចិនកុកងឺថា ឧបសគ្គធំជាងគេដែលលោកបានជួបប្រទះ ដើម្បីអាចចូលធ្វើជាពេទ្យនៅអាមេរិកបានគឺភាសា ក៏ប៉ុន្តែបញ្ហាធំមួយទៀតនោះ គឺប្រព័ន្ធផ្សេងគ្នាដូចជាវិស័យធានារ៉ាប់រងសុខភាពជាដើម។ លោកថា លោកមិនធ្លាប់ដែលឮអំពីធានារ៉ាប់រងសេវាសុខភាព នៅសហរដ្ឋអាមរិកដែលមានដូចជា Medicare ឬក៏ Medicaid នោះទេ។
លោកសព្វថ្ងៃជាវេជ្ជបណ្ឌិតនៅក្រុមហ៊ុន Springhill Medical Group ក្នុងស្រុក Contra Costa ភាគខាងកើតទីក្រុង San Francisco ដែលនៅទីនោះ លោកព្យាបាលអ្នកជំងឺគ្រប់ជាតិសាសន៏ មានតាំងពី «ស្បែកស ស្បែកខ្មៅ ជនជាតិអេស្ប៉ាញ ឬអ្នកមកពីបណ្តាប្រទេសនៅមហាសមុទ្រប៉ាស៊ីហ្វីក»។
លោកបានប្រាប់វីអូអេភាសាចិនកុកងឺថា លោកព្យាបាលអ្នកជំងឺកូវីដ១៩ ទី ១ នៅក្នុងសង្កាត់ បន្ទាប់ពីលោកត្រូវបានហៅឲ្យទៅបន្ទប់សង្គ្រោះបន្ទាន់ នៅក្នុងសង្កាត់។ លោកបានរំឮកពីព្រឹត្តការណ៍នៅថ្ងៃនោះថា៖ «ខ្ញុំចាំបានយ៉ាងច្បាស់ ថ្ងៃនោះគឺថ្ងៃទី ១ ខែមីនា។ អ្វីៗទាំងអស់ទាំងទិន្នន័យ គឺដូចគ្នាទៅនឹងអ្វីដែលយើងបានរៀនពីបទពិសោធន៍របស់ចិន»។
អ្នកជំងឺកូវីដដំបូងនៅក្នុងសង្កាត់ គឺជាអ្នកជំងឺម្នាក់របស់លោក Zhang ដែលនៅក្មេង ហើយមិនដឹងថាតើខ្លួនឆ្លងពីណាមកទេ។
បន្ទាប់ពីពិនិត្យអ្នកជំងឺនោះរួចលោក Zhang បានចេញពីមន្ទីពេទ្យរួចបើកឡានចេញទៅផ្ទះ។ បន្ទាប់ពីទៅដល់ផ្ទះនិងចតឡានរួចរាល់ លោករូតរះទៅងូតទឹកជាបន្ទាន់ ដោយមិនបាននិយាយអ្វីជាមួយភរិយាលោកទេ។
លោកនិយាយថា៖ «ខ្ញុំធ្វើពេទ្យជាង ២០ ឆ្នាំហើយ នេះជាលើកទី ១ ដែលខ្ញុំគិតថា ជីវិតរបស់ខ្ញុំប្រហែលជាស្ថិតក្នុងគ្រោះថ្នាក់ ព្រោះខ្ញុំបានព្យាបាលអ្នកជំងឺនេះ»។
យោងតាមការស៊ើបអង្កេតដោយសារព័ត៌មានសុខភាព Kaiser Health News និងសារព័ត៌មាន The Guardian អ្នកធ្វើការផ្នែកសុខាភិបាលជួរមុខនៅសហរដ្ឋអាមេរិក ៣.៥៦១ នាក់ ដែលបានស្លាប់ត្រឹមខែមករា ២១% ជាជនជាតិអាស៊ី និងអ្នកមកពីបណ្តាប្រទេសនៅមហាសមុទ្រប៉ាស៊ីហ្វីក។
មនុស្សម្នាក់ដែលរួចផុតពីការស្លាប់ដោយជំងឺកូវីដ១៩ គឺនាង Tsering Dechen វ័យ ២៨ ឆ្នាំ មកពីទីបេ។ អ្នកនាងបានមកដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១០ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងប្រទេសនេប៉ាល់ ដែលជាក្តីបំណងរបស់ម្តាយនាងចង់ឲ្យនាងទទួលបានការសិក្សាល្អ។
បន្ទាប់ពីធ្វើការជាច្រើនកន្លែងមកនាងបានរៀនចំថ្នាក់បរិញ្ញាបត្រផ្នែកគិលានុបដ្ឋ ពីមហាវិទ្យាល័យ Lehman ក្នុងទីក្រុងញូវយ៉ក ក្នុងឆ្នាំ ២០១៩។ នាងជាគិលានុបដ្ឋាយិកានៅមន្ទីពេទ្យ Elmhurst Health & Hospital ក្នុងក្រុងញូវយ៉ក។ អ្នកនាងបានចាប់ផ្តើមធ្វើការនេះមួយសប្តាហ៍មុនការរកឃើញករណីទី ១ នៃការឆ្លងជំងឺកូវីដ១៩ ។
កន្លែងដែលនាងធ្វើការស្ថិតនៅចំកណ្តាលសង្កាត់ Queens ដែលជាតំបន់រស់នៅភាគច្រើនរបស់អ្នកមកពីទ្វីបអាហ្វ្រិកអាស៊ី អ៊ឺរ៉ុប អូសេអានី អាមេរិកខាងត្បូងនិងកណ្តាល។ នាង Dechen បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាមន្ទីពេទ្យ Elmhurst គឺជាកន្លែងល្អបំផុតមួយដែលយើងមាននិងអាចរស់នៅជាមួយគ្នាបាន» ទោះជានាង ធ្លាប់ឮពីអំពើហិង្សាលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ជាពិសេសគឺការវាយប្រហារលើវេជ្ជបណ្ឌិតអាមេរិកាំងដើមកំណើតអាស៊ីម្នាក់ក៏ដោយ។
នាងបានចោទសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើបាបមនុស្សម្នាក់គ្រាន់តែដោយសារគាត់មានដើមកំណើតអាស៊ី? តើអ្នកអាចបន្ទោសលើមនុស្សម្នាក់ថាជាអ្នកបង្កជំងឺរាតត្បាតយ៉ាងម៉េចកើត? តើអ្នកបញ្ចញកំហឹង និងវាយធ្វើបាបមនុស្សម្នាក់យ៉ាងម៉េចកើត?» ។
នាង Dechen បានប្រាប់វីអូអេភាសាទីបេថា៖ «ជារៀងរាល់ថ្ងៃខ្ញុំយល់កាន់តែច្បាស់អំពីភាពស្រដៀងគ្នារបស់យើង។ យើងមានមនុស្សចាស់ដូចគ្នា។ ពួកគាត់មានសេចក្តីត្រូវការដូចៗគ្នា ទោះជាក្នុងចំណោមជាតិសាសន៍ណាក៏ដោយ។
លោក Tien Tan Vo វ័យ ៤៤ ឆ្នាំ បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Ross University នៅដែនដី West Indies ហើយឥឡូវនេះលោកជាប្រធានពេទ្យនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត VO ក្នុងស្រុក Imperial Valley រដ្ឋ California ដែលជាតំបន់កសិកម្មមានព្រំប្រទល់ជាប់ប្រទេសម៉ិកស៊ិក។
លោកបានចាប់ផ្តើមព្យាបាលអ្នកជំងឺកូវីដ១៩ កាលពីខែមីនាឆ្នាំមុន ជាពេលដែលលោកប្រឈមនឹងការលំបាកបំផុតដោយសារជំងឺរាតត្បាត។ លោកបាននិយាយថា៖ «យើងគ្មានឧបករណ៍ធ្វើតេស្តគ្រប់គ្រាន់ទេនៅពេលនោះ»។ អ្នកជំងឺចង់ធ្វើតេស្ត «ហើយពួកគេអន្ទះអន្ទែង ភ័យខ្លាចនិងចង់ដឹងលទ្ធផលភ្លាមៗ។ នោះជាពេលពិបាកបំផុត។ គ្មានឧបករណ៍ធ្វើតេស្តគ្រប់គ្រាន់ហើយ ភ័យខ្លាចពីកម្រិតនៃការរាតត្បាតទៀត»។
លោក Vo មានកំណើតនៅខេត្ត Binh Dinh ប្រទេសវៀតណាម។ លោកផ្ញើរសំណាកនៅក្រុង San Diego ដើម្បីវិភាគនិងបានប្រាប់អ្នកជំងឺឲ្យរង់ចាំលទ្ធផល។
លោកបានរំឮកពីរឿងរ៉ាវពេលនោះថាលោកបានដើរទៅកន្លែងចតឡាននៅគ្លីនិករបស់លោក ដើម្បីធ្វើតេស្តអ្នកជំងឺម្នាក់ ដែលក្រោយមកត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ១៩ ។
លោកបាននិយាយថា៖ «ពេលនោះខ្ញុំពាក់ឧបរណ៍ការពារពេញខ្លួន។ ខ្ញុំគ្របពីក្បាលដល់ចុងជើងព្រោះយើងមិនទាន់ដឹងពីរីរ៉ុសនេះ ហើយខ្ញុំបានឲ្យអ្នកជំងឺនោះបង្ហើបបង្អួចឡាន ហើយពេលនោះនាងយំនិងមិនអាចនិយាយអ្វីបានទាំងអស់ព្រោះនាងពិបាកដកដង្ហើម»។
លោក Vo បានប្រាប់វីអូអេជាភាសាវៀតណាមថា អ្នកជំងឺនោះត្រូវបានផ្ទេរទៅមន្ទីពេទ្យក្នុងតំបន់ហើយ បន្ទាប់មកទៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត San Diego។ ពេទ្យបានដាក់ឧករណ៍ជួយដកដង្ហើមឲ្យនាងហើយគ្រួសាររបស់នាងភ័យខ្លាចយ៉ាងខ្លាំង។
«១១ ថ្ងៃក្រោយមក ស្រាប់តែនាងបានធូរស្រាលឡើងវិញភ្លាមៗ ដោយខ្លួនឯង»។
លោកបានព្យាបាលអ្នកជំងឺម្នាក់ទៀត ដែលមានចេញរោគសញ្ញា។ ពេលចូលមន្ទីពេទ្យបានពីរបីម៉ោងដំបូង អ្នកជំងឺនោះអាចងើបដើរដោយខ្លួនឯងបាន។ ប៉ុន្តែស្អែកឡើងអ្នកជំងឺនោះមិនអាចដើរបានហើយភ្លាមៗ ត្រូវបញ្ជូលសារ៉ូមនិងបញ្ជូលឈាម។ ប៉ុន្តែ លោកថា «យើងមិនអាចជួយសង្គ្រោះជីវិតគាត់បាន»។ ៤ថ្ងៃបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យដំបូង បុរសនោះបានក្លាយជាអ្នកជំងឺទី១ របស់លោក Vo ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩។
លោក Vo មិនដឹងត្រូវនិយាយដូចម្តេចប្រាប់ទៅគ្រួរសារអ្នកជំងឺទេ ប៉ុន្តែពួកគេបានទូរស័ព្ទមកលោកនិងបាននិយាយប្រាប់លោកថា៖ «លោកវេជ្ជបណ្ឌិត Vo លោកបានព្យាយាមអស់ពីសមត្ថភាពហើយ។ កុំបារម្ភអី។ កុំព្រួយកង្វល់អី។ ពួកគេថែមទាំងលើកទឹកចិត្តខ្ញុំឲ្យបន្តជួយមនុស្សផ្សេងទៀត»។
អ្នកស្រី Anchalee Dulayathitikul វ័យ ៥៥ ឆ្នាំ គឺជាគិលានុបដ្ឋាយិកាម្នាក់ទៀត។
អ្នកស្រីបានមកដល់សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៤ បន្ទាប់ពីអ្នកស្រីសម្រេចចិត្តចង់ឲ្យកូនៗអ្នកស្រីមករៀននៅសហរដ្ឋអាមេរិក។ អ្នកស្រីបាននិយាយថា៖ «ខ្ញុំធ្វើជាគិលានុបដ្ឋាយិកាជាង ៣០ ឆ្នាំហើយ។ ខ្ញុំបានឃើញការស្លាប់និងការចាប់កំណើតជាច្រើន ប៉ុន្តែស្ថានភាពដូចសព្វថ្ងៃនេះវាមិនគួរឲ្យជឿសោះសម្រាប់ខ្ញុំ»។
អ្នកស្រីថា អ្នកស្រីមិនតាមដានតួលេខមនុស្សឆ្លងនិងស្លាប់ទេ ព្រោះវាធ្វើឲ្យអ្នកស្រីធ្លាក់ទឹកចិត្ត។
អ្នកស្រីជ្រើសរើសធ្វើជាគិលានុបដ្ឋាយិកា ព្រោះជីតារបស់អ្នកស្រីគិតថា អ្នកស្រីមានជាមនុស្សចិត្តល្អចេះថែទាំអ្នកដ៏ទៃ។ អ្នកស្រី Dulayathitikul បានទទួលសញ្ញាប័ត្រផ្នែកគិលានុបដ្ឋនិងឆ្មប ក្នុងឆ្នាំ ១៩៨៨ ពីសាកលវិទ្យាល័យ Chiang Mai ក្នុងប្រទេសថៃ ។ ជាង ២៥ ឆ្នាំក្រោយមក អ្នកស្រីបានប្រលងជាប់គ្រប់វិញ្ញាសារដែលត្រូវការដើម្បីឲ្យអ្នកស្រីបានទទួលបានសញ្ញាបត្រផ្នែកគិលានុបដ្ឋក្នុងរដ្ឋ Maryland សម្រាប់ការងារមើលថែដំបូងរបស់អ្នកស្រី។
អ្នកស្រីធ្វើការនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ University of Maryland Upper Chesapeake Medical Center ហើយមួយឆ្នាំក្រោយមក អ្នកស្រីបានប្រាប់វីអូអេជាភាសាថៃថា៖ «ខ្ញុំមានបទពិសោធន៍ ហើយខ្ញុំដឹងវិធីដើម្បីថែទាំអ្នកជំងឺកូវីដ១៩ ឲ្យបានជោគជ័យ»។
អ្នកស្រី Dulayathitikul មានគម្រោងទៅលេងម្តាយអ្នកស្រីដែលមានសុខភាពមិនល្អនៅក្នុងប្រទេសថៃ ពេលណាដែលការរាតត្បាតនិងការរឹតត្បិតការធ្វើដំណើរធូស្រាលឡើងវិញ។ អ្នកស្រីនឹងត្រឡប់មករដ្ឋ Maryland វិញ ដើម្បីកូនៗអ្នកស្រីនិងអាជីពរបស់អ្នកស្រី «ព្រោះអ្នកស្រីស្រឡាញ់អាជីពនេះណាស់»។
អ្នកស្រី Darunee Rasameloungon វ័យ ៤១ ឆ្នាំ ជាអ្នកស្រុកបាំងកក និងបានមកដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩១ ជាមួយគ្រួសារអ្នកស្រីដើម្បីមករួមរស់ជាមួយឪពុកអ្នកស្រី ដែលមករស់នៅអាមេរិកមុនអ្នកស្រី។ អ្នកស្រីចង់ក្លាយជាវិស្វករឬជាភ្នាក់ងារ FBI រហូតដល់ពេលអ្នកស្រីបានជួយថែទាំបងប្អូនជីដូនមួយម្នាក់ ដែលត្រូវឡានបុកបណ្តាលឲ្យបាក់ដៃនិងជើង។
នៅពេលអ្នកស្រីសម្រេចចិត្តរៀនផ្នែកគិលានុបដ្ឋឪពុក អ្នកស្រីបានប្រាប់អ្នកស្រីថា លោកមិនអាចសន្សំប្រាក់ពីការដឹកជញ្ជូនភីហ្សាសម្រាប់បង់ថ្លៃសាលាឲ្យអ្នកស្រីទេ។ អ្នកស្រី Rasameloungonបានស្តាប់យោបល់របស់អ្នកប្រឹក្សានៅវិទ្យាល័យ ដែលអ្នកស្រីរៀនរៀនបានពិន្ទុល្អ ស័្មគ្រចិត្តជួយធ្វើការងារនិងសកម្មភាពរបស់សាលា រហូតដល់អ្នកស្រីទទួលបានអាហាររូបករណ៍បង់ថ្លៃរៀន ៤ ឆ្នាំនៅមហាវិទ្យាល័យផ្នែកគិលានុបដ្ឋនៃសាកលវិទ្យាល័យ George Mason University ក្នុងស្រុក Fairfax រដ្ឋ Virginia។ អ្នកស្រីបញ្ចប់ការសិក្សានៅក្នុងឆ្នាំ ២០១១ ហើយឥឡូវនេះធ្វើជាគិលានុបដ្ឋាយិកានៅមន្ទីពេទ្យ Fairfax ចាប់តាំងពីឆ្នាំ ២០០៨ មក។
អ្នកស្រីបានប្រាប់វីអូអេជាភាសាថៃថា៖ «អាណោចអធ័មណាស់នៅពេល ដែលយើងត្រូវរុំខ្ចប់មនុស្សដាក់ក្នុងថង់។ អ្នកដឹងទេ ពួកគេបានស្លាប់តែម្នាក់ឯង។ ពួកគេស្លាប់ដោយគ្មានអ្នកណានៅជាមួយហើយគ្រួសាររបស់ពួកគេមិនអាចមកនៅជិតបាន។ ការស្លាប់ដោយគ្មានសាច់ញាតិនៅក្បែរ ពិតជារឿងសោកសៅណាស់។ ព្រះជាម្ចាស់អើយ! ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះពួកគេណាស់។ នេះជារឿងពិត។ រឿងនេះអាចកើតឡើងលើអ្នកគ្រប់គ្នា»។
ទោះបីជាអ្នកស្រី Rasameloungon មានបំណងបន្តអាជីពរបស់អ្នកស្រីជាគិលានុបដ្ឋាយិកាក្នុងសហរដ្ឋអាមេរិក ដើម្បីនៅជិតកូនប្រុសរបស់អ្នកស្រី យ៉ាងណាក្តីក៏ អ្នកស្រីចង់សម្រាកឲ្យបានយូរនៅក្នុងប្រទេសថៃនៅពេលការរាតត្បាតបានធូរវិញព្រោះថា «ជំងឺកូវីដ១៩ បានធ្វើឲ្យអ្នកស្រីដឹងថាអ្នកស្រីចង់ចំណាយពេលឲ្យបានច្រើននៅជាមួយគ្រួសារអ្នកស្រី»។
លោក ហេង លីមអ៊ី អាយុ ៣៨ ឆ្នាំកើតនៅក្រុង Menifeeរដ្ឋ California។ ឪពុកម្តាយរបស់លោកជាជនភៀសខ្លួនមកពីប្រទេសកម្ពុជា។ លោកបម្រើការងារនៅកងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិកអស់រយៈពេល៣ឆ្នាំដែលភាគច្រើននៅភាគខាងត្បូងរដ្ឋ California។
លោក លីមអ៊ី បាននិយាយថា៖ «គេបញ្ជូនខ្ញុំទៅតាមមូលដ្ឋានទ័ពនៅជុំវិញសហរដ្ឋអាមេរិក ដែលធ្វើឲ្យខ្ញុំយល់ពីតម្លៃនៃភាពចម្រុះជាតិសាសន៍នៅសហរដ្ឋអាមេរិកកាន់តែខ្លាំង»។
អ្នកផ្តល់ដំបូន្មានរបស់លោកក្នុងទ័ពជើងអាកាសបានណែនាំលោកចាប់អាជីពជាគិលានុបដ្ឋាក ហើយលោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគិលានុបដ្ឋពីសាកលវិទ្យាល័យ Columbia។ លោកបានបង្កើតបណ្តាញដែលឲ្យដំណឹងលោកជាមុន អំពីការរាតត្បាតជំងឺកូវីដ១៩ ក្នុងទីក្រុងញូវយ៉ក និងនៅទីកន្លែងផ្សេងទៀត។ លោកធ្វើការនៅឯមន្ទីពេទ្យសហគមន៍ Redlands Community Hospital និងមន្ទីពេទ្យ San Gorgonio Memorial។
ការកើនឡើងករណីឆ្លងកូវីដ១៩ បានចាប់ផ្តើមក្នុងខែតុលា និងបានបន្តដល់ខែធ្នូ។ លោកបានប្រាប់វីអូអេភាសាខ្មែរថា៖
«គ្មានចំណុចណាមួយដែលអាចនិយាយថាជាចំណុចអាក្រក់បំផុតនោះទេ។ ខ្ញុំគិតថា ពេលវេលាធ្វើការដែលមានរយៈពេលជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ធ្វើឲ្យមានការលំបាក»។
សម្រាប់លោក អ្វីដែលធ្វើឲ្យលោករីករាយនៅកន្លែងធ្វើការគឺ «ការដែលលោកជាផ្នែកមួយនៃក្រុមការងារ» ដែលរួមទាំងអ្នកបោសម្អាតក្នុងមន្ទីពេទ្យអ្នកដឹកជញ្ជូនឧបករណ៍ការពារនិងថ្នាក់ដឹកនាំសហគមន៍ដែលផ្តល់ «សារត្រឹមត្រូវ ព័ត៌មានត្រឹមត្រូវ» ដើម្បីយកឈ្នះលើ «ព័ត៌មានមិនត្រឹមត្រូវ»។
សម្រាប់លោក Conners ការងារជាក្រុមស្រដៀងគ្នានេះ គឺជាអ្វីដែលនាំឲ្យលោកមានមោទនភាពខ្លាំងបំផុតនៅអំឡុងការរាតត្បាតនេះ គឺនៅពេលដែលអ្នកជំងឺ «ចេញពីបន្ទប់ ICU។ នេះជាជោគជ័យដ៏ធំធេងរបស់ក្រុមការងារយើង»៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា