តាមរយៈការធ្វើទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូងនិងចិន ក្នុងនាមជាមន្ត្រីការទូតកំពូលអាមេរិកក្នុងសប្តាហ៍នេះ លោក Rex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ត្រូវបានគេរំពឹងថា នឹងពង្រីកកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកជម្រើសថ្មី ដើម្បីដោះស្រាយជាមួយនឹងកូរ៉េខាងជើង និងការគំរាមកំហែងនុយក្លេអ៊ែរ និងយោធានានា ដែលប្រទេសនេះបង្កឡើងនៅក្នុងតំបន់ក៏ដូចជាទៅកាន់ពិភពលោកទាំងមូល។
សកម្មភាពបង្ករឿងរបស់រដ្ឋាភិបាលក្រុងព្រុងយ៉ាង ដូចជាការបាញ់មីស៊ីលជាច្រើនគ្រាប់ទៅក្នុងសមុទ្រជប៉ុនក្នុងខែនេះ ដើម្បីហាត់សមវាយប្រហារទៅលើទីបញ្ជាការដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសជប៉ុន គឺជារឿងមួយដែលធ្វើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ច្រានចោលការពិចារណាទៅលើកិច្ចសន្ទនាដោយផ្ទាល់ជាមួយនឹងបណ្តាមេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំកំពូលដ៏ក្មេងខ្ចី លោក Kim Jong-Un។
កត្តាផ្សេងទៀតដែលបង្កភាពស្មុគស្មាញដល់កិច្ចពិភាក្សារបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិកនៅក្នុងទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំង គឺស្ថានភាពនយោបាយដ៏ស្មុគស្មាញនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលទើបតែទម្លាក់លោកស្រីប្រធានាធិបតីចេញពីតំណែង និងការមិនពេញចិត្តរបស់ចិនទៅលើការបំពាក់ប្រព័ន្ធចាប់គ្រាប់មីស៊ីលរបស់អាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ក្រោយពីការចាកចេញរបស់លោកស្រីប្រធានាធិបតី Park Guen-hye ពីវិមាន Blue House នៅក្នុងទីក្រុងសេអ៊ូល លោក Tillerson នឹងជួបជាលើកដំបូងបង្អស់ជាមួយនឹងលោកនាយករដ្ឋមន្ត្រី Hwang Kyo-ahn ដែលសព្វថ្ងៃនេះជាប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ដែលត្រូវប្រគល់ភារកិច្ចឲ្យស្នើការបោះឆ្នោតថ្មីក្នុងរយៈពេល៦០ថ្ងៃ៕