លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson មានប្រសាសន៍ថា សហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិកជាប្រទេស២ដ៏ខ្លាំងដែលនឹងមានការខ្វែងគំនិតគ្នាពី ពេលមួយទៅពេលមួយ។ ក៏ប៉ុន្តែលោករដ្ឋមន្រ្តីការបរទេសអាមេរិកាំងមានប្រសាសន៍ទៀតថា ការចរចារបស់លោកជាមួយពួកមន្រ្តីក្នុងទីក្រុង Mexico City ប្រកបដោយលទ្ធផល និងមានដំណើរការទៅមុខ។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Tillerson បានប្រាប់ពួកអ្នកយកព័ត៌មានដែលឈរនៅជិតលោក Luis Videgaray រដ្ឋមន្រ្តីការបរទេសម៉ិកស៊ិកថា ប្រទេសទាំង២មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងដែលអាចដោះស្រាយតាមរយៈការសន្ទនាគ្នា។ លោករដ្ឋមន្រ្តីការបរទេសអាមេរិកាំងបានចូលរួមដោយលោក John Kelly រដ្ឋមន្រ្តីសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ិកស៊ិកដែលមានគោលបំណងបន្ធូរបន្ថយការព្រួយកង្វល់ និងការខឹងសម្បាអំពីគោលនយោបាយរបស់រដ្ឋ បាលថ្មីសហរដ្ឋអាមេរិកចំពោះប្រទេសម៉ិកស៊ិក។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Tillerson បាននិយាយទៀតថា «យើងបានពិភាក្សាពីបញ្ហាលំបាក និងឱកាសនៅក្នុងទំនាក់ទំនងទ្វេភាគី»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានធ្វើសុន្ទរកថាអំពីចំណងទាក់ ទងរវាងប្រទេសទាំង២កាលពីដំបូងនៅសេតវិមាន។ លោកប្រធានាធិបតីត្រាំបាននិយាយមួយថ្ងៃបន្ទាប់ពីលោក Sean Spicer អ្នកនាំពាក្យសេតវិមានបាននិយាយសំដៅដល់ចំណងទាក់ទងទ្វេភាគីថា មានភាពខ្លាំងក្លា។ លោកប្រធានាធិបតីមានប្រសាសន៍ថា «យើងនឹងមានទំនាក់ទំនងដ៏ល្អជាមួយម៉ិកស៊ិក ហើយប្រសិនបើ យើងមិនមានក៏មិនមានទៅ»។
ដំណើរទស្សនកិច្ចនេះកើតមានឡើងទៅតាមអ្វីដែលត្រូវបានគេមើលឃើញថាជាចំណុចដ៏ទាបបំផុតនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ដែលមានសន្តិភាពនៅតាមបណ្តោយព្រំដែនរួមរបស់ខ្លួនប្រវែង៣ពាន់១រយគីឡូម៉ែត្រចាប់តាំងពីសង្គ្រាមរវាងម៉ិកស៊ិក និងអាមេរិកនៅចុងទសវត្សរ៍១៨៤០មក៕