ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបិទទ្វារមួយនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីការបាញ់គ្រាប់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ស្របពេលដែលប្រទេសចិនបានស្នើឲ្យប្រទេសកូរ៉េខាងជើង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចាត់វិធានការយ៉ាងណាកុំឲ្យមានការប្រឈមមុខដាក់គ្នា។
នៅមុនការប្រជុំនាថ្ងៃពុធនេះ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានស្នើកូរ៉េខាងជើងឲ្យផ្អាកសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន និងបានស្នើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់នូវការធ្វើសមយុទ្ធយោធារួមគ្នារបស់ពួកគេ។
សកម្មភាពរបស់ភាគីនីមួយៗរងការថ្កោលទោសពីភាគីប្រឆាំងរបស់ខ្លួន ដែលនេះដូចអ្វីដែលលោក Wang Yi បានរៀបរាប់ថា វាប្រៀបដូចជារថភ្លើងពីរខ្សែដែលបង្កើនល្បឿនរបស់ខ្លួនបើកសំដៅទល់មុខគ្នាដោយមិនព្រមឈប់អញ្ចឹង។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារម្សិលមិញ បានថ្កោលទោសការសាកល្បងបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង និងបានព្រមានថា ការប្រយុទ្ធគ្នាផ្នែកយោធាអាចនឹងកើតឡើងនៅក្នុងតំបន់។
សេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានបញ្ជាក់ផងដែរថា ខ្លួនមានការសោកស្ដាយ ដែលរដ្ឋាភិបាលកូរ៉េខាងជើងបាន «បង្វែរធនធានរបស់ខ្លួនដើម្បីយកទៅប្រើប្រាស់ក្នុងការសម្រេចគោលបំណងគ្រាប់ផ្លោងមីស៊ីល ខណៈពេលដែលប្រជាពលរដ្ឋកូរ៉េខាងជើងកំពុងរងទុក្ខវេទនា»។
កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងមីស៊ីល ៤ គ្រាប់ កាលពីថ្ងៃចន្ទម្សិលម្ង៉ៃ ដែលធ្វើឡើងស្របពេលជាមួយនឹងការចាប់ផ្ដើមនៃការធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង៕