សមាជិកសំខាន់ៗ២រូបរបស់គណៈរដ្ឋមន្រ្តីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងសង្ឃឹមនឹងកាត់បន្ថយការព្រួយកង្វល់ និងការខឹងសម្បាអំពីគោលនយោបាយរបស់រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកចំពោះប្រទេសម៉ិកស៊ិក។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson និងលោក John Kelly រដ្ឋមន្រ្តីសន្តិសុខមាតុភូមិ ជួបនៅថ្ងៃព្រហស្បតិ៍នេះជាមួយប្រធានាធិបតីម៉ិកស៊ិក Enqique Pena Nieto និងសមាជិកគណៈរដ្ឋមន្រ្តីរបស់លោក នៅក្នុងអ្វីដែលត្រូវគេរំពឹងថាជាជំនួបកម្រិតខ្ពស់លើកទីមួយដែលផ្តោតលើការជួញដូរថ្នាំញៀន ពាណិជ្ជកម្មនិងអន្តោប្រវេសន៍។
លោក Sean Spicer អ្នកនាំពាក្យសេតវិមាន បាននិយាយកាលពីថ្ងៃពុធថា «វាជាការសំខាន់ដែលប្រធានាធិបតីបញ្ជូនអស់លោករដ្ឋមន្រ្តី ទៅកាន់ប្រទេសម៉ិកស៊ិកភា្លមនៅក្នុងរដ្ឋបាលរបស់លោក។ វាជានិមិត្តរូបនៃទំនាក់ទំនងប្រកបដោយអត្ថន័យដែលប្រទេសយើងទាំង២មាន»។ លោកក៏និយាយសំដៅដល់ទំនាក់ទំនងរវាងប្រទេសទាំង២ថារឹងមាំ។
ដំណើរបំពេញទស្សនកិច្ចនេះបានកើតមានឡើងទៅតាមអ្វីដែលត្រូវបានគេមើលឃើញថាជាចំណុចដ៏ទាបបំផុតនៃទំនាក់ទំនងរវាងប្រទេសទាំង២ដែលបានទទួលនូវសន្តិភាពនៅតាមបណ្តោយព្រំដែនរួមចម្ងាយ៣ពាន់១រយគីឡូម៉ែត្ររបស់ប្រទេសទាំង២ចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិកនៅចុងទសវត្សរ៍១៨៤០មក។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា ប្រទេសម៉ិកស៊ិកត្រូវតែបង់ប្រាក់សម្រាប់ការស្ថាបនារបងនៅតាមព្រំដែនដែលពួកសមាជិកសភានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនប៉ាន់ស្មានថា នឹងចុះសោហ៊ុយយ៉ាងហោចណាស់ក៏១២ពាន់លានដុល្លារដែរ។ ហើយគ្រាន់តែសប្តាហ៍នេះ ក្រសួងសន្តិសុខមាតុភូមិសហ រដ្ឋអាមេរិក បានសង្កត់ពីគោលនយោបាយដែលអាចនាំឲ្យមានការនិរទេសជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមរាប់លាននាក់៕