កិច្ចព្រមព្រៀងមួយដែលអាចក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតនៅក្នុងពិភពលោកទំនងជាអាចនឹងត្រូវបានអនុម័តដោយបណ្ដាប្រទេសអាស៊ីនៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលថៃនៅថ្ងៃអាទិត្យនេះ ខណៈដែលក្រុមអ្នកចរចាព្យាយាមរក្សាដំណើរការនេះ បន្ទាប់ពីប្រទេសឥណ្ឌាមានការទាមទារថ្មីទៀត។
ក្ដីសង្ឃឹមក្នុងការសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយទូទាំងតំបន់អាស៊ីហៅកាត់ថា RCEP ដែលមានការគាំទ្រពីប្រទេសចិន នៅមានភាពស្រពិចស្រពិលនៅឡើយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងបាងកក ប្រទេសថៃ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat បានថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃអាទិត្យនេះថា៖ «យើងមិនទាន់ឈានដល់សេចក្ដីសន្និដ្ឋាននោះទេ។ នៅពេលណាដែលយើងមាន យើងនឹងប្រកាសជាសាធារណៈ។ ក្រុមរដ្ឋមន្ត្រីពាណិជ្ជកម្មនៅកំពុងតែពិភាក្សាគ្នាអំពីបញ្ហានេះនៅឡើយ។ ការចុះហត្ថលេខាអាចនឹងត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំក្រោយនេះ»។
ប៉ុន្តែនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi មិនបានសម្បីតែលើកឡើងអំពីកិច្ចព្រមព្រៀង RCEP នេះ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាមួយនឹងបណ្ដាមេដឹកនាំអាស៊ីអាគ្នេយ៍នោះទេ។ លោកគ្រាន់តែបានលើកឡើងអំពីការត្រួតពិនិត្យវាយតម្លៃទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់រវាងអាស៊ាននិងឥណ្ឌាតែប៉ុណ្ណោះ។
លោក Modi ក៏មិនបានលើកឡើងអំពីពាណិជ្ជកម្មនៅក្នុងតំបន់នេះនៅក្នុងសារបង្ហោះលើបណ្ដាញសង្គម Twitter របស់លោក បន្ទាប់ពីជួបប្រជុំជាមួយនឹងមេដឹកនាំថៃនិងឥណ្ឌូណេស៊ីនោះទេ។ ប្រទេសអាស៊ីទាំង១៦បូកបញ្ចូលគ្នាមានផលិតផលក្នុងស្រុកសរុបរហូតស្មើនឹងមួយភាគបីនៃផលិតផលក្នុងស្រុកសរុបនៅក្នុងសកលលោក ហើយមានចំនួនប្រជាជនស្ទើរតែជិតស្មើនឹងពាក់កណ្ដាលនៃចំនួនប្រជាជនសរុបនៅក្នុងពិភពលោក៕