ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parlianmentarians for Human Rights) បានចាត់ទុកការបោះឆ្នោតព្រឹទ្ធសភារបស់កម្ពុជានៅថ្ងៃអាទិត្យខាងមុខនេះ ថាមិនមានលក្ខណៈស្របច្បាប់តាមបែបប្រជាធិបតេយ្យនោះទេ ដោយសារតែការរំលាយគណបក្សសង្គ្រោះជាតិ និងបរិយាកាសគាបសង្កត់សិទ្ធិមនុស្សជាទូទៅនៅក្នុងប្រទេស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់អង្គការនេះ ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ។
ប្រធានអង្គការដែលមានមូលដ្ឋានក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីនេះ គឺលោក Charles Santiago បានលើកឡើងថា «ការបោះឆ្នោតនេះ គឺជាការបោកបញ្ឆោត» ។
លោក Charles Santiago ដែលជាសមាជិកសភាម្នាក់របស់ប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍នេះទៀតថា៖
«ដោយបានកែប្រែច្បាប់ជាច្រើន ដើម្បីពង្រឹងអំណាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តូរលក្ខន្តិកៈនៃការប្រកួតគ្នា ដល់កម្រិតមួយ ដែលមិនអាចធ្វើឲ្យព្រឹទ្ធសភាហ្នឹងក្លាយជាស្ថាប័នតំណាងឱ្យឆន្ទៈរបស់ប្រជាជនកម្ពុជា ពិតប្រាកដទេ»។
ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ VOA កាលពីថ្ងៃសុក្រថា សេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សនេះ គឺគ្រាន់តែមានចរិតប្រឆាំងនឹងគណបក្សកាន់អំណាចរបស់លោកប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាទេ។
VOA មិនទាន់អាចស្នើសុំការអត្ថាធិប្បាយឆ្លើយតបណាមួយពីមន្ត្រីនាំពាក្យនិងមន្ត្រីកិច្ចការសាធារណៈរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននៅឡើយទេ គិតមកដល់ម៉ោងផ្សាយនៅថ្ងៃសុក្រនេះ។
ប៉ុន្តែ នៅក្នុងបទសម្ភាសន៍កន្លងមកជាមួយ VOA អ្នកនាំពាក្យគ.ជ.ប គឺលោក ឌឹម សុវណ្ណារុំ បានអះអាងថា គ.ជ.ប ធ្វើការងាររបស់ខ្លួនតែតាមច្បាប់កំណត់ប៉ុណ្ណោះ រីឯការដែលគណបក្សនយោបាយណាមួយចង់ចូលរួមឬមិនចូលរួមការបោះឆ្នោតណាមួយ មិនមែនជារឿងរបស់ខ្លួនទេ។
ការបោះឆ្នោតព្រឹទ្ធសភា គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈឆ្នាំ២០១៨នេះ៕