ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​អះអាង​ពី​ភាព​ជា​ដៃគូ​ល្អ​ជាមួយ​ភ្នាក់​ងារ​របស់​អ.ស.ប.


រូប​ឯកសារ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ថ្លែង​ទៅកាន់​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិនៅបុរីញូវយ៉ក សហរដ្ឋ​អាមេរិក កាលពីថ្ងៃទី២២​​ ខែកញ្ញា ឆ្នាំ២០១៧។
រូប​ឯកសារ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ថ្លែង​ទៅកាន់​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិនៅបុរីញូវយ៉ក សហរដ្ឋ​អាមេរិក កាលពីថ្ងៃទី២២​​ ខែកញ្ញា ឆ្នាំ២០១៧។

អ្នក​ជំនាញ​សិទិ្ធ​មនុស្ស​ពីរ​រូប​របស់​អ.ស.ប.​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​អង្គារ​ ដោយ​បាន​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​សំណើ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​ដែល​នឹង​អាច​ដាក់​កំហិត​យ៉ាង​ខ្លាំង​ទៅ​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​នេះ ​និង​នៅ​ពេល​អនាគត។

រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា លោក​ ប្រាក់​ សុខុន​បាន​ថ្លែង​បញ្ជាក់​ពី​ការ​ពង្រឹង​បន្ថែម​ទៀត​នៃ​ភាព​ជា​ដៃ​គូ​រវាង​កម្ពុជា​ និង​ភ្នាក់​ងារអង្គការ​សហ​ប្រជាជាតិ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ដែល​VOA ​បាន​ទទួល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ឲ្យដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​នេះ​ថា​ លោក ​ប្រាក់​ សុខុន​បាន​ជួប​លោកស្រី​ ​Claire Van der Vaeren ​តំណាង​កម្មវិធី​អភិវឌ្ឍន៍​អ.ស.ប.​ ប្រចាំ​កម្ពុជា​ និង​ជា​អ្នក​សម្រប​សម្រួល​ប្រព័ន្ធ​អ.ស.ប.​នៅកម្ពុជា។ ក្នុង​ជំនួប​នោះ​ លោក​បានប្រាប់​អ្នកស្រី​ថា​ ក្រុម​ការងារ​អ.ស.ប.​នៅ​កម្ពុជា​ តាម​រយៈ​«ក្របខ័ណ្ឌ​ជំនួយ​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ» ​បាន​រួម​វិភាគទាន​ដ៏​សំខាន់​ដល់​កំណើន​សេដ្ឋ​កិច្ច​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ក្នុង​នោះ​មាន​ការ​អភិវឌ្ឍ​សង្គម​ កិច្ច​គាំពារ​សង្គម​ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ អភិបាលកិច្ច​ល្អ​ និង​សិទ្ធិ​មនុស្ស​ជាដើម។​

លោក​ប្រាក់​ សុខុន​ បាន​បន្ត​ថា​ ក្រុម​ការងារ​អ.ស.ប.​ក៏បាន​ជួយកម្ពុជា​ ក្នុងការ​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍ​សហ​សវត្សរ៍​ សកម្មភាព​មនុស្ស​ធម៌​ដូចជា​ ការ​បោស​សំអាតមីន​ និង​ការ​ចូលរួម​របស់​កម្ពុជា​នៅ​ក្នុង​បេសក​កម្ម​រក្សា​សន្តិភាព​ពិភពលោក​របស់​អ.ស.ប.​ ក៏​ដូច​ជា​ការ​គាំទ្រ​ដល់​ការ​រីក​ចម្រើន​ប្រកប​ដោយ​សមធម៌​នៅ​កម្ពុជា។

ក្នុង​ជំនួប​រវាង​លោក​ ប្រាក់​ សុខុន​ និង​អ្នក​ស្រី​ Claire ​ដែល​បាន​ធ្វើឡើង​កាល​ពី​ម្សិលមិញ​ អ្នកស្រី​ Claire ​បាន​បញ្ជាក់​ពី​សេចក្តី​រីករាយ​ចំពោះការ​បំពេញ​ការងារ​របស់​អ្នកស្រី​នៅ​កម្ពុជាក្នុង​រយៈ​ពេល​៥​ឆ្នាំ ​និង​បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​នៅ​លើ​វិស័យ​ជាច្រើន​ដែល​កម្ពុជា​សម្រេច​បាន​ ពិសេស​គឺ​នៅលើ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ និង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាន​ទទួល​ចំណាត់​ថ្នាក់​ជា​ប្រទេស​មាន​ចំណូល​មធ្យម។​

សេចក្តី​ប្រកាស​ដដែល​របស់​ក្រសួង​ការ​បរទេសក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ លោក​ប្រាក់​ សុខុន ​និង​អ្នកស្រី​ Claire ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​ការ​«បន្ត​ពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃ​គូ​ដ៏​ជិត​សិ្នទ្ធ​រវាង​រដ្ឋាភិបាល​ និង​បណ្តា​ទីភ្នាក់​ងារ​អ.ស.ប.​ប្រចាំ​កម្ពុជា។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ ជុំ សុន្ទរី​ អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​ តែ​លោក​មិន​លើក​ទូរស័ព្ទ។ ​VOA ​មិន​ទាន់​ទទួល​បាន​សេចក្តី​អធិប្បាយ​ពី​ការិយាល័យ​អ្នក​សម្រប​សម្រួល​ប្រព័ន្ធ​អ.ស.ប.​នៅ​កម្ពុជា ​ពាក់​ព័ន្ធ​នឹង​ជំនួប​ប្រជុំ​របស់​លោក​ប្រាក់​ សុខុន​ និង​អ្នកស្រី​ Claire ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ។​

យ៉ាង​ណាក្តី​ ជំនួប​រវាង​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ និង​អ្នក​សម្រប​សម្រួល​ប្រព័ន្ធ​អ.ស.ប.​នៅ​កម្ពុជា​បាន​ធ្វើឡើង​ មួយថ្ងៃ​ក្រោយ​ពីមាន​ប្រតិកម្ម​ពី​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ប្រឆាំង​នឹង​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ និង​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។​

អ្នក​ជំនាញ​សិទិ្ធ​មនុស្ស​ពីរ​រូប​របស់​អ.ស.ប.​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​អង្គារ​ ដោយ​បាន​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​សំណើ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​ដែល​នឹង​អាច​ដាក់​កំហិត​យ៉ាង​ខ្លាំង​ទៅ​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​នេះ ​និង​នៅ​ពេល​អនាគត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG