ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

APHR: ​ការ​ជំរុញ​ឲ្យ​បិទ​អង្គការ​សិទ្ធិមនុស្ស CCHR ជា​ទង្វើ​គ្មាន​មេត្តាធម៌​របស់​ជន​ផ្ដាច់ការ

  • សាយ មុន្នី

លោក Charles Santiago ​ប្រធាន​​ក្រុម​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)

សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (ASEAN Parliamentarians for Human Rights) ប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ប៉ុនប៉ងបិទ​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា (CCHR)។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ (ASEAN Parliamentarians for Human Rights) បាន​ហៅ​ការ​ប៉ុនប៉ង​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (Cambodian Center for Humna Rights) ​ថា​ជា«​ទង្វើឥត​មេត្តាធម៌​របស់​ជន​ផ្ដាច់ការ»។

ប្រតិកម្ម​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​នេះ ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សាកាតា​ប្រទេស​ឥណ្ឌូនេស៊ី​ ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ កាល​ពី​ថ្ងៃ​អាទិត្យ បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ​ធ្វើ​ការ​ស៊ើបអង្កេត​និង​ពិនិត្យ​មើល​លទ្ធភាព​ផ្លូវច្បាប់​ ដើម្បី​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។

ពេល​ថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​កាលពី​ថ្ងៃ​អាទិត្យ លោក ហ៊ុន សែន បាន​លើកឡើង​ថា៖ «‍ការ​ពិត​ អា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​[កម្ពុជា] ​នៅ​ទី​ក្រុង​ភ្នំពេញ អា​ហ្នឹង​ត្រូវ​តែ​បិទ​ចោល​ ព្រោះ​អា​ហ្នឹង​ធ្វើ​តាម​បរទេស​ណា។ អា​ហ្នឹង​គួរ​មើល ​ក្រសួង​មហាផ្ទៃ​មើល ​ព្រោះ​ថា​អា​ហ្នឹង​បរទេស​អ្នក​ឱ្យ​បង្កើត​ មិន​មែន​ខ្មែរ​អ្នក​ឱ្យ​បង្កើត​ទេ។ បរទេស​អ្នក​ឲ្យ​បង្កើត មើល​អា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ​ហ្នឹង​មួយ​ទៀត»។

លោក​ Charles Santiago​ ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​និង​ជា​សមាជិក​មួយ​រូប​របស់​សភា​ប្រទេស​ម៉ាឡេស៊ី​ បាន​មានប្រសាសន៍ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​តាម​សារ​អេឡិចត្រូនិក ដែល​ VOA ទទួល​បាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖

«ការ​ជំរុញ​ឲ្យ​បិទ​អង្គការ​សិទ្ធិមនុស្ស​ដ៏​គួរ​ឲ្យ​គោរព​មួយ​នេះ គឺ​ជា​ទង្វើ​ឥត​មេត្តាធម៌​របស់​ជន​ផ្ដាច់ការ ហើយ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីក​រាលដាល​នៃ​ការ​ភ័យខ្លាច​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល»។

លោក​ Charles Santiago​ បន្ត​ទៀត​ថា​៖ «ការ​វាយប្រហារ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​លើCCHR [​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា] គឺ​ជា​ភស្តុតាង​បន្ថែម​ទៀត​នៃ​ការ​រអិល​កាន់​តែ​ជ្រៅ​ទៅៗ​របស់​កម្ពុជា​ទៅ​ក្នុង​ភាព​ផ្ដាច់ការ»។

ក្រោយ​ពី​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​អាទិត្យ​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ដដែល​នោះ​ ដោយ​បាន​គូស​បញ្ជាក់​អំពី​ឯករាជ្យ​ភាព​របស់​ខ្លួន ក្នុង​ការ​បំពេញ​ការងារ​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​ឈរ​លើ​គោលការណ៍​ អព្យាក្រឹត និង​ឥត​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា ប្រសិន​បើ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ និង​ឥត​លម្អៀង​មក​លើ​ខ្លួន ការ​ស៊ើបអង្កេត​នោះ «‍នឹង​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​របស់​អង្គការ​នេះ»។

អង្គការ​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា​ដែល​ហៅ​កាត់​ថា CCHR បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​មើល​លទ្ធភាពផ្លូវច្បាប់ឈាន​ទៅ​បិទ​ទ្វារ​អង្គការ​នេះ ក្រោម​ហេតុ​ផល​ថា​អង្គការ​ក្នុងស្រុក​ដ៏​សកម្ម​មួយ​នេះ​ត្រូវ​បាន​បង្កើត​ក្រោម​បញ្ជា​របស់​បរទេស។ (រូបថត​ Web Screenshot)
អង្គការ​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា​ដែល​ហៅ​កាត់​ថា CCHR បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​មើល​លទ្ធភាពផ្លូវច្បាប់ឈាន​ទៅ​បិទ​ទ្វារ​អង្គការ​នេះ ក្រោម​ហេតុ​ផល​ថា​អង្គការ​ក្នុងស្រុក​ដ៏​សកម្ម​មួយ​នេះ​ត្រូវ​បាន​បង្កើត​ក្រោម​បញ្ជា​របស់​បរទេស។ (រូបថត​ Web Screenshot)

លោក​ Charles Santiago​ នៃ​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​ បាន​ថ្លែង​ថា «មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​ជា​អង្គការ​មួយ​ដែល​ទទួល​បាន​ការ​គោរព​ច្រើន​ជាង​គេ​បង្អស់​មួយ​ មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល​ទៀត​ផង‍»។

លោក​ថ្លែង​បន្ថែម​ទៀត​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ អង្គការ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ឯករាជ្យ​ភាព​និង​ការ​ប្ដេជ្ញាដ៏​ខ្លាំងក្លា​ ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​ សម្រាប់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក កឹម សុខា កាល​ពី​ឆ្នាំ​២០០២ ប៉ុន្តែ​ក្រោយ​មក លោក​ក៏​បានលាលែង​ពី​តំណែង​ជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​នៅ​ឆ្នាំ​២០០៧ ដើម្បី​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​វិញ​ ដោយ​បង្កើត​គណបក្ស​សិទ្ធិមនុស្ស។

បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​នោះ លោក កឹម សុខា កំពុង​ជាប់​ឃុំ ​រង់ចាំ​ការ​ជំនុំជម្រះ​ទោស ក្រោយ​ពី​លោក ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ តាម​បណ្ដឹង​របស់​រដ្ឋាភិបាល ដែល​ចោទ​ថា លោក​រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។

ប៉ុន្តែ លោក កឹម សុខា បាន​បដិសេធ​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​រូប​លោក ហើយគណបក្ស​ប្រឆាំង​ចាត់​ទុក​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​នេះ គឺ​គ្រាន់តែ​ជា​ល្បិចកល ក្នុង​ការ​ធានា​ថា​លោក ហ៊ុន សែន នៅ​តែ​អាច​បន្ត​កាន់​អំណាចតទៅទៀត ក្រោយ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ ទោះបីជា​លោក​នាយករដ្ឋមន្ត្រី​ បាន​កាន់​តំណែង​នេះ​អស់​ជាង​៣​ទសវត្សរ៍​មក​ហើយ​ក៏ដោយ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​បញ្ជាក់​ថា ខ្លួនមិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណាមួយ​ទេ ហើយ​ថា អង្គការ​នេះ​មាន​ឯករាជ្យ​ដាច់ខាត​ពី​គណបក្ស​នយោបាយ​ទាំង​អស់ ទោះបីជា​អតីត​បុគ្គលិក​របស់​ខ្លួន​មួយ​ចំនួន បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ ឬ​បាន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ផ្សេងៗ​ក៏​ដោយ។

សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ​សរសេរ​ថា​«‍ទោះបីជា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គាំទ្រ​សិទ្ធិ​របស់​បុគ្គល​គ្រប់រូប​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​យ៉ាង​ណា​ក្ដី ក៏​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ពុំ​ដែល​ទទួល​រង​ឥទ្ធិពល​អ្វី​ទាំង​អស់​ពី​អតីត​បុគ្គលិក​ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ ទោះ​តាម​មធ្យោបាយ​ណា​ក៏​ដោយ»។ចាប់តាំង​ពី​ការ​លា​លែង​ពី​តំណែង​របស់​លោក កឹម សុខា ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ​កាល​ពី​ឆ្នាំ​២០០៧​មក អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ បាន​ផ្លាស់​ប្ដូរ​មេដឹកនាំ​ចំនួន​ពីរ​លើក​រួច​មក​ហើយ។

លោក អ៊ូ វីរៈ បាន​ដឹកនាំ​អង្គការ​សិទ្ធិមនុស្ស​នេះ​ បន្ត​ពី​លោក កឹម សុខា រហូត​ដល់​ចុង​ឆ្នាំ​២០១៤ ជា​ពេល​ដែល​លោក​បាន​លា​ឈប់​ពី​តំណែង ហើយ​អ្នក​បន្តវេន​ពី​លោក​ អ៊ូ វីរៈ គឺ​លោកស្រី ចក់ សុភាព ដែល​បាន​ដឹកនាំ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នេះ​តាំង​ពី​ពេល​នោះ​រហូត​ដល់​បច្ចុប្បន្ន​នេះ។

​លោក​ Charles Santiago​ ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​បាន​ថ្លែង​ថា ​អាជ្ញាធរ​កម្ពុជា​គួរ​តែ​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នេះ​បន្ត​ការងារ​ដ៏​សំខាន់​របស់​ខ្លួន​តទៅ​ទៀត ដោយ​ឥត​មាន​ការភ័យខ្លាច​និង​ការ​បំភិតបំភ័យ​ណា​មួយ​ឡើយ៕

XS
SM
MD
LG