ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរក្រហម​គួរ​ទទួល​បាន​ជំនួយ​រហូត​ចប់​ចុង​ចប់​ដើម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សាលាក្តី​ខ្មែរក្រហម​គួរ​ទទួល​បាន​ជំនួយ​រហូត​ចប់​ចុង​ចប់​ដើម

ភាគី​ពាក់ព័ន្ធ​នឹង​សាលាក្តី​ខ្មែរក្រហម​សឹងតែ​ទាំង​អស់​ គឺ​រដ្ឋាភិបាល​កម្ពុជា​ អ.ស.ប.​ និង​មន្ត្រី​សាលាក្តី​ ចង់​ឃើញ​ប្រទេស​ផ្តល់​ជំនួយ​ផ្តល់ការ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ដល់​ ដំណើរ​ការ​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​៧សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០ ​ទន្ទឹម​គ្នា​ដែល​ភាគី​ទាំងនេះ​បង្ហាញ​ឆន្ទៈ​ជាថ្មី​ ដើម្បី​បញ្ចប់​ការ​កាត់ទោស​ឲ្យ​បាន​ឆាប់​ដែល​គ្រោង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១៧​ខែ​តុលា​ខាង​មុខ។​

ថ្លែង​ប្រាប់​វីអូអេ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ទី២៧​ខែ​កញ្ញា​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ ផ្តល់​ថវិកា​ជំនួយ​បច្ចេក​ទេស​ជា​ប្រចាំ​ដល់​សាលាក្តី​ខ្មែរក្រហម​ ហើយចុងក្រោយ​គឺ​កម្ពុជា​បាន​ផ្តល់​ថវិកា​១លាន​៨សែន​ដុល្លារ​ទៀត​ ដែល​លោក​អះអាង​ថា ​កម្ពុជា​ជាអ្នក​ផ្តល់​ជំនួយ​ធំទី​២​សម្រាប់​សាលាក្តី​នេះ។​

«នេះ​បង្ហាញ​ឲ្យឃើញ​ថា ​នេះ​ជា​សុឆន្ទៈ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឲ្យ​តុលាការ​ខ្មែរក្រហម​ដំណើរ​ការ​ទៅឲ្យ​បាន​រលូន។​ មួយ​ទៀត ខ្ញុំ​យល់​ថា ​ការ​កាត់​ទោស​អ្នក​ដឹកនាំ​ខ្មែរក្រហម​ពីរ​នាក់​នៅ​សល់​នេះ​នឹង​មិន​ត្រូវ​ទាមទារ​ពេល​វេលា​យូរពេក​ទេ។​ ដូច្នេះ​ចំណាយ​ក៏​វា​មិន​អាច​ច្រើន​លើស​លប់​ដែរ»។​

សាលាក្តី​ខ្មែរក្រហម​គ្រោង​នឹង​កាត់ទោស​សំណុំ​រឿង​សំខាន់​ដែល​ពាក់ព័ន្ធ​នឹង​បទ​ ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​សំខាន់ៗ​ដែល​មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋ​ កម្ម​សង្គ្រាម ​និង​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ ជា​ដើម​ចំពោះ​ជន​ជាប់​ចោទ​តែ​ពីរ​នាក់​ជា​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​ ដែល​មាន​វ័យ​ចំណាស់​ជាង​៨០​ឆ្នាំ​គឺ​នួន ជា​ បង​ធំ​ទី២​ និង​ជា​មេ​មនោគមន៍​វិជ្ជា​ខ្មែរក្រហម​ ហើយ​នឹង​ខៀវ សំផន​ ជា​ប្រមុខ​រដ្ឋ​ដែល​នៅ​រស់​រាន​មាន​ជីវិត។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​ព្រមាន​ថា​ សាលាក្តី​នេះ​ចាំបាច់​ត្រូវ​ដំណើរ​ការ​ឲ្យ​បាន​លឿន​ ដោយសារ​តែ​វ័យ​ចំណាស់​របស់​ជន​ជាប់​ចោទ។​

«ឧក្រិដ្ឋ​កម្ម​របស់​ខ្មែរក្រហម​នេះ ​ជន​ជាតិ​កម្ពុជា​ទាំងមូល​យល់​ច្បាស់​ ដឹង​ច្បាស់​ សកល​លោក​ទាំង​មូល​ក៏យល់​ច្បាស់​ដឹង​ច្បាស់។​ ដូច្នេះ​ការ​កាត់​នេះ​មិន​ត្រូវ​អូស​ បន្លាយ​របៀប​នេះ​ទេ​ ហើយ​យើង​ឃើញ​ស្រាប់​ហើយ​ ដោយសារ​ការ​អូស​បន្លាយ​នេះ​នាំ​ឲ្យ​មេ​ដឹកនាំ​ខ្មែរក្រហម​មួយ​រូប​គឺ​លោក​អៀង សារី​បាន​បាត់បង់​ជីវិត​មុន​ការ​កាត់ក្តី។​ ភរិយា​លោក​អៀង សារី​គឺអ្នកស្រី​អៀង ធីរិទ្ធ​ក៏​ត្រូវ​គ្រូ​ពេទ្យ​សន្មត​ថា​ ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​កាត់​ក្តី​បាន។​ ដូច្នេះ​នៅ​សល់​តែ​ពីរ​ ហើយ​ជនជាប់​ចោទ​ទាំង​ពីរ​នេះ​ក៏​មាន​អាយុ​ច្រើន​ណាស់​ទៅ​ហើយ​ ឈឺ​ស្កាត់​និង​កន្លង​មក​មាន​វិបត្តិ​ខាង​សុខភាព​ទៀត​ផង»។​

មន្ត្រី​នាំពាក្យ​អ.ស.ប.ក្នុង​ទីក្រុង​ញូយ៉ក ​នាង​អៀរី កានិកុ​ (Eri Kaneko) ​បាន​ថ្លែង​ប្រាប់​វីអូអេ​ខេមរ​ភាសា​អំពីការ​បន្តការ​គាំទ្រ​របស់​លោក​អគ្គ​លេខាធិការ​អ.ស.ប.​បាន់ គីម៊ូន​(Ban Ki-moon) ​លើ​ដំណើរការ​កាត់ក្តី​នេះ។​

«លោក​អគ្គលេខាធិការ​អ.ស.ប.មាន​ជំនឿ​ថា​ តុលាការ​នឹង​បន្ត​កិច្ចការ​សំខាន់​របស់​ខ្លួន​ ខណៈ​ដែល​តុលាការ​នេះ​ដំណើរ​ការ​ទៅកាន់​សំណុំ​រឿង​០០២​ វគ្គទី២​ ហើយ​នឹង​ខណៈ​ដែល​ការ​ស៊ើប​អង្កេត​នានា​កំពុង​ដំណើរការ​បន្ត​ទៅ​កាន់​សំណុំ​រឿង​០០៣ ​និង​០០៤។​ ​ លោក​អគ្គលេខាធិការ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ និង​សហគមន៍​អន្តរជាតិ​ដើម្បី​បន្ត​ការ​គាំទ្រ ​និង​គោរព​តាម​ដំណើរការ​ឯករាជ្យ​តាម​ច្បាប់»។​

លោកស្រី​បាន​បន្ថែម​ថា ​អ.ស.ប.មានក្តី​សង្ឃឹម​មុតមាំ​ថា ​សាលាក្តី​ខ្មែរក្រហម​នឹង​ ឈាន​ដល់​គោល​ដៅ​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​សាលាក្តី​ឧក្រិដ្ឋកម្ម​អន្តរជាតិ។​

សាលាក្តី​ខ្មែរក្រហម​ភាគី​ជាតិ​ត្រូវការ​ថវិកា​ចំនួន​មួយលាន​ដុល្លារ​ស.រ.អា.ទៀត​ដើម្បី​ទ្រទ្រង់​ការ​ចំណាយ​សម្រាប់​កិច្ចការ​នានា​របស់​តុលាការ​រហូត​ដល់​ដំណាច់​ឆ្នាំ​ តែ​សម្រាប់ភាគី​អន្តរជាតិ​មាន​ថវិកា​គ្រប់គ្រាន់​ហើយ​សម្រាប់​ការ​ចំណាយ​ឆ្នាំ​នេះ។ ​ភាគី​ទាំងពីរ​នៅ​ខ្វះ​ថវិកា​សម្រាប់​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៥។​

លោក​ជេម ហ្គូលស្តុន​ (James Goldston) ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ច្បាប់​ស.រ.អា.មួយ​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ​បាន​អះអាង​ថា​ បទ​ឧក្រិដ្ឋ​បាន​កើត​ឡើង​រយៈពេល​យូរ​ ហើយ​មាន​បទ​ឧក្រិដ្ឋកម្ម​នានា​ និង​សកម្មភាព​លេច​ធ្លោ​ក្នុង​ពិភព​លោក​ជា​ច្រើន​ដែល​លុបលើ​ឧក្រិដ្ឋកម្ម​ចាស់ៗ​ ដែល​រឿង​នេះ​ជា​ការ​លំបាក​ក្នុងការ​ទាក់ទាញ​ការ​យក​ចិត្តទុក​ដាក់​របស់​ម្ចាស់​ជំនួយ​ខ្លះ។​

«ការ​ថ្លែង​ដូច្នេះ ​ខ្ញុំ​គិត​ថា ​វា​ជា​រឿង​សំខាន់​ចំពោះ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ ដែល​ធ្លាប់​បាន​ផ្តល់​ការ​បរិច្ចាគ​ដល់​តុលាការ​បច្ចុប្បន្ន​នេះ​ និង​ភាគី​ដទៃ​ទៀត​ត្រូវ​ធានា​ថា​ នីតិវិធី​តុលាការ​ដែល​ចាប់​ផ្តើមនេះ​មាន​ដំណើរការ​ដល់​ទី​បញ្ចប់។​ វា​ជា​រឿង​អាក្រក់​ណាស់​ ប្រសិន​បើតុលាការ​នេះ​បិទទ្វារ​មុន​ពេល​សំណុំ​រឿង​ទាំង​អស់​មិន​ទាន់​បាន​កាត់ក្តី​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ»។​

លោក​ថ្លែង​ថា ​សំណុំ​រឿង​០០២ ​វគ្គ២​ពិតជា​រឿង​សំខាន់​ ដោយ​កាត់ទោស​ទំហំ​ឧក្រិដ្ឋ​កម្ម​ដ៏​ធំធេង ​ដែល​លោក​ថ្លែង​ថា​ តុលាការ​គួរតែ​បញ្ចប់​តាម​នីតិវិធី​ក្នុង​ពេល​ជន​ជាប់​ចោទ​នៅ​មាន​ជីវិត​រស់​នៅ។​

«តុលាការ​នេះ​មិន​មែន​ជា​តុលាការ​ឥត​ខ្ចោះទេ​ តែ​មាន​យន្តការ​សំខាន់​ដើម្បី​ រក​យុត្តិធម៌​ចំពោះ​បទឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​បំផុត​ដែល​បាន​ប្រព្រឹត្ត​ក្នុង​សតវត្សរិ៍​ទី​២០។​ ប្រទេស​ផ្តល់​ជំនួយ ​រដ្ឋាភិបាល​កម្ពុជា​ និង​អ.ស.ប.​បាន​ប្រឈម​នឹង​បញ្ហា​ច្រើន​ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ដំណើរ​ការ​លឿន​ទៅ​មុខ​មកដល់​សព្វ​ថ្ងៃ​នេះ​ ហើយ​វា​ជា​រឿង​សំខាន់​ ដែល​គេ​អនុញ្ញាត​ឲ្យ​បេសក​កម្ម​របស់​តុលាការ​នេះ​បាន​បញ្ចប់​ទៅ​ដោយ​ឯករាជ្យ​និង​អធិបតេយ្យ​ដោយ​ពេញ​លេញ»។​

លោក​បាន​ឃើញ​ពី​ការ​ប្រឹងប្រែង​របស់​តុលាការ​នេះ​ជា​ច្រើន​ទៅលើ​ការ​ដោះ​ស្រាយ​ចម្ងល់​នានា​ដែល​កើតចេញ​ពីតុលាការ​នេះ។​

«សាលាក្តី​បាន​ប្រឈម​មុខ​យ៉ាងច្រើន​ ដែល​ជា​ការណ៍​ពិតគឺ​អាយុ​រស់​រាន​របស់​ជន​ជាប់​ចោទ​ បញ្ហា​ថវិកា​ ចម្ងល់​អំពី​ឯករាជ្យភាព​ ​ភាព​លម្អៀង បញ្ហា​ចោទ​ប្រកាន់​រឿង​អំពើ​ពុក​រលួយ។​ សាលាក្តី​នេះ​បាន​ជំនះ​ការ​លំបាក​ខ្លះ​នៃ​បញ្ហា​ទាំង​នោះ ​តែ​មិន​បាន​ដោះស្រាយ​បញ្ហា​ទាំង​អស់​ទេ»។​

លោកស្រី​ប៊េត វណ្ណស្កាក់​ (Beth Van Schaack)​ សាស្ត្រាចារ្យ​ច្បាប់​នៅ​ឯ​សកល​ វិទ្យាល័យ​ Stanford ​បានថ្លែង​ថា​ តុលាការ​ត្រូវ​ដំណើរការ​ដោយ​គ្មាន​ការ​ពន្យារ​ពេល​ទៀត​ទេ​ តែ​ក៏ត្រូវ​គិត​ពី​ច្បាប់​ផង​ដែរ។​

«សាលាក្តី​ខ្មែរក្រហម​ត្រូវ​ដំណើរការ​ឲ្យ​បាន​ឆាប់​ក្នុង​សំណុំ​រឿង​០០២​វគ្គទី២​នេះ។​ ការ​ចោទ​ប្រកាន់​នានា​គឺ​វា​ពិត​ជារឿង​សំខាន់​ណាស់​ ហើយ​ពេល​វេលា​គឺ​ជា​ការ​សំខាន់​ដែរ​ ដោយសារ​អាយុ​ចំណាស់​របស់​ជនជាប់​ចោទ។​ ការណ៍​នេះ​សាលាក្តី​មិន​អាច​ធ្វើ​កិច្ចការ​ប្រញាប់​ ប៉ះពាល់​ដល់​យុត្តិធម៌​សម្រាប់​ជន​ជាប់​ចោទ​បាន​ទេ»។​

លោក​ស្រី​សាស្ត្រាចារ្យ​បាន​បន្ថែម​ទៀត​ថា៖​ «សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​បង្កើត​នីតិវិធី​របស់​ខ្លួន​ដ៏​ទូលំ​ទូលាយ។ ​ដូច្នេះ​អ្វីដែល​ជា​ការ​សំខាន់​ពេលនេះ​គឺ​ដំណើរ​ការ​ទៅ​មុខ​សំណុំ​រឿង​បន្ទាប់​គឺ​សំណុំ​រឿង​០០២ ​វគ្គទី២។​ សំណុំ​រឿង​នេះ​នឹង​មាន​ជន​រងគ្រោះ​យ៉ាង​ច្រើន​ក្នុង​វគ្គទី២​នេះ​ តែ​អ្នក​តំណាង​ឲ្យ​ជន​រងគ្រោះ​មាន​បទ​ពិសោធន៍​ផ្នែក​តស៊ូ​មតិ ​ដែល​អាច​ធានា​បាន​ថា​ សិទ្ធិ​ជនរងគ្រោះ​ត្រូវ​បាន​ការពារ​ ហើយ​យោបល់​របស់​ពួកគេ​ត្រូវ​គេ​ស្តាប់ឮ។​ បច្ចុប្បន្ន​នេះ​មាន​ថវិកា​សម្រាប់​ផ្តល់​ការ​សង​ជំងឺ​ចិត្ត​ពី​សហគមន៍​អន្តរជាតិ ​ហើយ​ដំណើរ​ការ​អនុវត្តន៍​រឿងនេះ​គួរ​ចាប់​ផ្តើម​ធ្វើឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។​

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​ត្រៀម​គ្រប់គ្រាន់​ហើយ​ រួមទាំង​ការ​កោះហៅ​សាក្សី​មក​ផ្តល់​សក្ខីកម្ម​នៅថ្ងៃទី​២០​ខែ​តុលា​ខាង​មុខ​ បន្ទាប់​ពី​បើក​សវនាការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​លើបទ​ចោទពី​សហ​ព្រះរាជ​អាជ្ញា​ ក៏​ដូច​ជា​មាន​ការ​ឆ្លើយតប​ពី​ជន​រង​គ្រោះ​ ជន​ជាប់ចោទ ​ឬ​មួយ​ក៏​មេធាវី​ការពារ​ក្តី​ជនជាប់​ចោទ​នោះ។​ ហើយ​ជា​ជំហាន​ដំបូង ​អង្គ​ជំនុំ​ជម្រះ​បាន​រៀបចំ​សវនាការ​រយៈពេល​បីខែ​ ចាប់ពី​ខែ​តុលា​ដល់​ខែធ្នូ ​ដែល​សវនាការ​នេះ​នឹង​ធ្វើឡើង​រៀង​រាល់​សប្តាហ៍ ​ហើយ​មាន​រយៈ​ពេល​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។​

លោក​នេត្រ ភក្រ្តា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​អះអាង​ថា ​សាលាក្តី​បាន​ខិតខំ​ពន្លឿន​នីតិវិធី​តាមច្បាប់​ និង​វិធាន​ផ្ទៃ​ក្នុង​របស់ខ្លួន​ដើម្បី​ឲ្យ​បាន​ចប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

«យើង​មាន​ការ​ព្រួយ​បារម្ភ​ដូច​មជ្ឈដ្ឋាន​ទូទៅ​ដែរ ​អំពី​បញ្ហា​ពីរ​សំខាន់​នៅ​តុលាការ​គឺ​ទី​១​ បញ្ហា​ថវិកា​ ទី​២​គឺ​បញ្ហា​វ័យ​ចាស់​របស់​ជន​ជាប់​ចោទ។​ អញ្ចឹង​[នៅ​ក្នុង]​ឧបសគ្គ​ពីរ​ខាង​មុខ​នេះ​ធ្វើឲ្យ​ភាគី​ពាក់​ព័ន្ធ​នានា​គិត​គូរ​យ៉ាង​ខ្ពស់​ពី​ផល​ប្រយោជន៍​យុត្តិធម៌។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គ​ជំនុំ​ជម្រះនា​ពេល​កន្លង​ទៅ​នេះ​បាន​គិត​គូរ​ពី​ផល​ប្រយោជន៍​យុត្តិធម៌​ក៏​បាន​ធ្វើការ​ជំនុំ​ជម្រះ​ក្តី​ជា​ផ្នែកៗ​ដើម្បី​ផ្តល់​នៅ​សាលក្រម​ដែល​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទន្ទឹង​រង់​ចាំ»។​

អ.ស.ប.និង​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹង​ប្រែង​ធ្វើការ​កៀង​គរ​ម្ចាស់​ជំនួយ​ថ្មីៗ​ទៀត​បន្ថែម​លើ​ម្ចាស់​ជំនួយ​ចាស់​ដែល​បាន​គាំទ្រ​តាំង​ពី​ដើម​មក។​ តែ​គេ​បាន​ឃើញ​ថា​មាន​ម្ចាស់​ជំនួយ​យ៉ាង​តិច​បី​ប្រទេស​គឺ​ប្រទេសឈីលី​ ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​កាតា​បាន​ផ្តល់​ថវិកា​មួយ​ចំនួន​ដល់​សាលាក្តី​ក្នុង​ពេល​កម្ពុជា​និង​អ.ស.ប.កំពុង​ស្វះ​ស្វែង​រក​ថវិកាថ្មីៗ​បន្ថែម​ទៀត​ដើម្បី​បញ្ជៀស​ឧបសគ្គ​នៅ​ក្នុង​តុលាការ​ ដូច​ជា​ការ​រាំង​ស្ទះ​ដំណើរ​ការ​សាលាក្តី ​ការ​គ្មាន​ថវិកា​បើក​ប្រាក់​ខែ​ដល់​បុគ្គលិក​ជា​ដើម​នោះ។​

«ដូច្នេះ​ហើយ​បាន​ជា​យើង​ខិត​ខំ​នៅ​ក្នុង​ការ​កៀង​គរ​ជំនួយ​ក៏ដូច​ជា​ការអំពាវ​នាវ ទៅ​ដល់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ផ្តល់នៅការ​សន្យា​ថវិកា​សម្រាប់តុលាការ​ខ្មែរ​ក្រហម​ដើម្បី​ធ្វើ​ម៉េច​កុំឲ្យ​តុលាការ​នេះ​ជួប​ប្រទះ​នឹង​កង្វះ​ថវិកា​ដែល​អាច​នឹង​ឈាន​ទៅ​ដល់​ការ​រាំង​ស្ទះ​ដល់​ដំណើរការ​ការ​ងារ​ដោយសារ​តែ​មន្ត្រី​ បុគ្គលិក​ធ្វើ​ពហិការ​មិន​បំពេញ​ការងារ​ ដូចជា​បទ​ពិសោធន៍​នា​ឆ្នាំ​កន្លងៗ​ទៅ​នោះ​បាទ»។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​បញ្ចប់​ការ​កាត់ទោស​ពួក​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​០០២ ​វគ្គទី១​ហើយ​ដោយ​បាន​ដាក់ទោស​ជន​ជាប់​ចោទ​ទាំង​ពីរ​គឺ​នួន​ ជា​ និង​ខៀវ សំផន​អស់​មួយ​ជីវិត​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឬ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ដោយ​បង្ខំ​ដែល​ធ្វើឲ្យ​មាន​ការ​ស្លាប់ ​ព្រាត់ប្រាស់​គ្រួសារ​និង​ការ​កាប់​សម្លាប់​មួយ​ចំនួន​ផង​នោះ​ក្នុង​ទសវត្សរ៍​១៩៧០៕​

XS
SM
MD
LG