ជិតពីរសប្តាហ៍មុននឹងអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបើកសវនាការក្នុងសំណុំរឿង០០២វគ្គទី២ ក្រុមមេធាវីបានផ្តល់ព័ត៌មានចាំបាច់មួយចំនួនដល់ដើមបណ្តឹងរដ្ឋប្បវេណីដែលជាភាគីតំណាងឲ្យជនរងគ្រោះក្នុងដំណើរការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។
ការកាត់ទោសសំណុំរឿង០០២វគ្គទី២ដែលមានជនជាប់ចោទ នួន ជា និងខៀវ សំផន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧ខែតុលានេះ។
នៅថ្ងៃនេះលោកស្រី ម៉ារី ហ្គីរ៉ូ (Marie Guiraud) សហមេធាវីនាំមុខតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីបានប្រាប់ដល់ប្រជាពលរដ្ឋមកពីខេត្តនានាសរុបប្រមាណ២០០នាក់នៅថ្ងៃច័ន្ទនេះថាតំបន់ឧក្រិដ្ឋកម្មដំបូងគេដែលត្រូវយកមកកាត់ទោសមុនគេគឺតំបន់ឧក្រិដ្ឋកម្មនៅក្នុងខេត្តតាកែវ។
«អង្គជំនុំជម្រះសាលាដំបូងនឹងកាត់ទោសលើតំបន់ឧក្រិដ្ឋកម្មចំនួនពីរមុនគេទាក់ទងនឹងសហករណ៍តាំ្រកក់និងមន្ទីរសន្តិសុខក្រាំងតាចាន់។ បន្ទាប់មកគឺឧក្រិដ្ឋកម្មនៅទំនប់១មករា រួចបន្ទាប់មកឧក្រិដ្ឋកម្មនៅព្រលានយន្តហោះខេត្តកំពង់ឆ្នាំង»។
ការរៀបរាប់របស់សហមេធាវីនាំមុខបរទេសរូបនេះធ្វើឡើងនៅក្នុងវេទិកាជួបជុំជាមួយដើមបណ្តឹងរដ្ឋប្បវេណីដែលរៀបចំដោយសាលាក្តីខ្មែរក្រហម។
អង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្តើមបើកសវនាការកាត់ទោស នួន ជា និងខៀវ សំផន ក្នុងសំណុំរឿង០០២វគ្គទី២នេះចំនួនបីថ្ងៃក្នុងមួយសប្តាហ៍។
យោងតាមគម្រោងអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមនឹងកាត់ក្តីក្នុងសំណុំរឿង០០២វគ្គទី២នេះដោយផ្តោតលើឧក្រិដ្ឋកម្មធំៗចំនួន៧ចំណុច។ ក្នុងនោះមានឧក្រិដ្ឋកម្មដែលកើតឡើងនៅក្នុងសហករណ៍ដូចជាសហករណ៍តាំ្រកក់និងមន្ទីរសន្តិសុខក្រាំងតាចាន់ ខេត្តតាកែវដែលមានពលរដ្ឋ១៥.000នាក់ត្រូវសម្លាប់។ ឧក្រិដ្ឋកម្មនៅការដ្ឋានការងារដូចជាការដ្ឋានទំនប់១មករា ការដ្ឋានទំនប់ត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ និងការដ្ឋានព្រលានយន្តហោះខេត្តកំពង់ឆ្នាំង។
ឧក្រិដ្ឋកម្មលើក្រុមមនុស្សគោលដៅត្រូវកម្ទេចរបស់ពួកខ្មែរក្រហមដូចជាជនជាតិចាម ជនជាតិវៀតណាមនិងអតីតអ្នករាជការសម័យសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ ណុល។ ឧក្រិដ្ឋកម្មនៅតាមមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងដូចជាមន្ទីរសន្តិសុខអូរកន្សែង មន្ទីរសន្តិសុខភ្នំក្រោល និងមន្ទីរសន្តិសុខស ២១ ឬគុកទួលស្លែងជាដើម។
ក្រៅពីនោះអង្គជំនុំជម្រះសាលាដំបូងនឹងផ្តោតលើគោលដៅឧក្រិដ្ឋកម្មចំនួនបីចុងក្រោយគឺបទល្មើសដែលទាក់ទងនឹងការចេញបញ្ជាឲ្យរៀបការដោយបង្ខំលក្ខណៈនៃជម្លោះប្រដាប់អាវុធនិងតួនាទីរបស់ជនជាប់ចោទទាំងពីរគឺនួន ជា និងខៀវ សំផន។
សហមេធាវីនាំមុខតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីលោកស្រីម៉ារី ហ្គីរ៉ូ (Marie Guiraud) បញ្ជាក់បន្ថែម។
«សម្រាប់មន្ទីរសន្តិសុខតុលាការនឹងពិនិត្យមើលលើមន្ទីរសន្តិសុខស ២១ ក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែងនិងភ្នំក្រោល។ ជាពិសេសតុលាការនឹងពិនិត្យមើលស្ថានភាពពុទ្ធសាសនិកជននៅតាំ្រកក់។ តុលាការនឹងពិនិត្យផងដែរលើបទប្រល័យពូជសាសន៍លើជនជាតិចាមនិងជនជាតិវៀតណាម និងពិនិត្យអំពីស្ថានភាពរៀបការដោយបង្ខំនៅទូទាំងប្រទេសកម្ពុជា»។
ដោយឡែកមេធាវីកម្ពុជាដទៃទៀតរំលឹកអំពីសាលក្រមក្នុងសំណុំរឿង០០២នេះនៅក្នុងការកាត់ទោសវគ្គទី១និងសំណងផ្សេងៗ។
លោកមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី ឡោ ជន់ធី មកពីអង្គការជំនួយផ្នែកច្បាប់បានបញ្ជាក់បន្ថែមអំពីកាលបរិច្ឆេទនៃការកាត់ទោសជំហានទី២។
«ក្នុងសំណុំរឿង០០២លើ០២នេះយើងនឹងធ្វើសវនាការបន្តនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៤ខាងមុខនេះ។នឹងបន្តលើអង្គហេតុនៅប៉ែកតាកែវ»។
ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមអាយុ៨៣ឆ្នាំ និងនួន ជា អតីតប្រធានសភាអាយុ៨៨ ឆ្នាំត្រូវផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីដើមខែសីហា។ក្រោយពីតុលាការរកឃើញកំហុសទាក់ទងទៅនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្រោមការគ្រប់គ្រងរបស់ខ្លួន។
ការគ្រប់គ្រងដែលមានរយៈពេលជិតបួនឆ្នាំបានបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់យ៉ាងតិច១,៧លាននាក់។
ក្នុងពេលនេះជនជាប់ចោទទាំងពីរបានប្រកាសប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមខាងលើ។
ដើមបណ្តឹងភាគច្រើនបានសម្លឹងមើលសំណងក្រោយពីការផ្តន្ទាទោសជនជាប់ចោទនួន ជា និងខៀវ សំផន ខណៈដែលសាលាក្តីខ្មែរក្រហមបានចែកសាលក្រមក្នុងសំណុំរឿង០០២វគ្គទី១ដល់ពួកគេ។
អ្នកស្រី វុធ ម៉ារី មកពីខេត្តកំពុងស្ពឺ។
«គឺអត់ចង់បានអីទេ។ ចង់បានតែសំណងរួម២៤ខេត្តក្រុងគឺត្រូវតែមានសំណងរួមមួយខេត្តមួយ។ បើមិនបានច្រើនឲ្យតែបានមួយខេត្តមួយនាងខ្ញុំនឹងស្លាប់ទៅអស់ចិត្ត»។
ជាមួយគ្នានេះលោក ស សារិន ដើមបណ្តឹងរដ្ឋប្បវេណីមកពីខេត្តកំពង់ចាមស្នើសុំសាលាក្តីខ្មែរក្រហមយកសពអតីតមេខ្មែរក្រហមមកកប់នៅកន្លែងណាមួយសម្រាប់ប្រយោជន៍ដល់ទេសចរ។
«ជនជាប់ចោទទាំងប៉ុន្មាននាក់ដែលស្លាប់ទៅហ្នឹងគឺកុំឲ្យគេយកទៅកប់នៅស្រុកដូចជានៅម៉ាឡៃ។ គឺចង់ឲ្យដាក់ពួកគាត់នៅមួយកន្លែងដូចជានៅបឹងជើងឯក មានអៀង សារី មានខៀវ សំផន មាននួន ជា រាប់ទាំងឌុច ផងដែរ។ ដាក់តាំងជាពិពណ៌ដើម្បីឲ្យគេមើលឃើញអំពីរបបរបស់គាត់ដែលដឹកនាំឲ្យមនុស្សស្លាប់ច្រើនអញ្ចឹង»។
ឆ្លើយតបទៅនឹងសំណូមពរចុងក្រោយនេះលោកពេជ អង្គ សហមេធាវីនាំមុខកម្ពុជាសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណីពន្យល់ថាមិនមានច្បាប់ចែងផ្តល់លទ្ធភាពបែបនេះទេ។ លោកបញ្ជាក់ថា ក្រោយពីការស្លាប់របស់ជនជាប់ចោទ តុលាការផុតសមត្ថកិច្ចគ្រប់គ្រងលើជនជាប់ចោទទៀតហើយ៕