ជាច្រើនជំនាន់មកហើយ ការនេសាទនៅបឹង Wegnia ក្នុងតំបន់ Sahel ប្រទេសម៉ាលីគឺជាប្រភពស្បៀងអាហារនិងថវិកាសម្រាប់លោក Modeste Traore ដែលជាកសិករ។
លោក Modeste Traore សង្ឃឹមថា នឹងផ្ទេរក្តីសង្ឃឹមនេះទៅកូនៗរបស់គាត់មួយចំនួន។ ប៉ុន្តែសីតុណ្ហភាពកើនឡើងនិងទឹកបឹងនេះហួតកំពុងបង្អាក់ក្តីសុបិន្តនេះ។
«ប្រសិនបើអ្វីៗនៅតែបែបនេះ ខ្ញុំគិតថា កូនៗរបស់យើងមិនអាចក្លាយជាអ្នកនេសាទបាន ទេ ប៉ុន្តែយើងកំពុងរកមធ្យោបាយធ្វើឱ្យប្រាកដថា ទឹកបឹងមិនបាត់បង់ទាំងស្រុងទេ»។
របបទឹកភ្លៀងមិនទៀងទាត់និងការហូរច្រោះក៏បានបង្កការលំបាកយ៉ាងខ្លាំងដល់សហគមន៍តំបន់នេះដែរ។ លោកModeste Traore បញ្ជាក់ថា៖
«បញ្ហាគឺថា បឹងនេះកំពុងរួញតូច ហើយទឹកមិនដក់យូរដូចពីមុនទេ។ វារីងស្ងួតទាំងស្រុងនៅខែប្រាំងដែលធ្វើឱ្យយើងព្រួយបារម្ភយ៉ាងខ្លាំង»។
ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ បឹងនេះបានស្រកជាង៨០ភាគរយក្នុងរដូវប្រាំង។ នេះបើយោងតាមអង្គការ Caritas Suisse ដែលជាអង្គការក្រៅរដ្ឋាភិបាលដឹកនាំគម្រោងបរិស្ថាននៅក្នុងតំបន់នេះ។
អ្នកសម្របសម្រួលអ្នកសម្របសម្រួលគម្រោងអេកូបឹង Wegnia នៃអង្គការ Caritas Suisse លោក Moussa Savagodo មានប្រសាសន៍ថា ការកែលម្អរបៀបធ្វើកសិកម្មនិងការគ្រប់គ្រងទឹកគឺមានសារៈសំខាន់ណាស់។
«អំឡុងពេលទឹកស្រក សហគមន៍នឹងមកបឹងនេះដើម្បីចាប់ដីជុំវិញបឹងដើម្បីដាំដំណាំ ហើយនៅពេលទឹកឡើង ពួកគេចាកចេញ បន្សល់ទុកចោលកម្ទេចកំទី។ កញ្ច្រាំងងាប់និងកញ្ច្រាំងឋិតនៅក្នុង បឹងហើយរលួយ បង្កើតជាដីល្បប់នៅបាតបឹង»។
មិនមែនតែប៉ុណ្នឹងទេ។
លោក Moussa Savadogoបន្តថា៖
«ការប្រែប្រួលអាកាសធាតុ ភ្លៀងមិនគ្រប់គ្រាន់គួបផ្សំនឹងឥរិយាបទរបស់សហគមន៍ផងនោះ ក្នុងរយៈពេលប្រាំឆ្នាំបឹងនេះអាចនឹងលែងមាន បើពួកគេមិនផ្លាស់ប្តូរទម្លាប់នេះទេនោះ» ។
លោក Savadogo និយាយថា ប្រជាជនកំពុងចាត់វិធានការដើម្បីអភិរក្សបឹងនេះដោយដាំដើមឈើចំនួន៥ម៉ឺន៦ពាន់ដើម ស្តារព្រៃឈើនិងកែលំអប្រភពចំណីអាហារសម្រាប់បរិភោគនិងធ្វើពាណិជ្ជកម្ម។ លោកនិយាយថាបឹងនោះគឺជាអំណោយសម្រាប់តំបន់ Sahel ហើយការរក្សាបឹងនេះគឺសំខាន់ណាស់សម្រាប់ប្រជាជនដែលរស់នៅទីនោះ៕