ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គូប្រជែង​របស់​អ្នកស្រី Aung San Suu Kyi ក្នុងការ​បោះឆ្នោត​ខាងមុខ បង្កើន​វោហាសាស្ត្រ​ប្រឆាំង​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា


លោក Than Htay ជា​មេដឹកនាំ​គណបក្ស​សហភាព​សាមគ្គីភាព​និង​ការ​អភិវឌ្ឍ (Union Solidarity and Development Party)។
លោក Than Htay ជា​មេដឹកនាំ​គណបក្ស​សហភាព​សាមគ្គីភាព​និង​ការ​អភិវឌ្ឍ (Union Solidarity and Development Party)។

ស្របពេល​ដែល​អ្នកស្រី Aung San Suu Kyi ត្រូវ​បាន​រិះគន់​ដោយ​អន្តរជាតិ​ ចំពោះ​ការ​បដិសេធ​ថា​ មិន​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជាតិ​សាសន៍​ភាគ​តិច​រ៉ូហ៊ីងយ៉ា គូ​ប្រជែង​របស់​អ្នកស្រី​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​បង្កើន​វោហាសាស្ត្រ​ប្រឆាំង​នឹង​ជាតិសាសន៍​ភាគ​តិច​កាន់​សាសនា​ឥស្លាម​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មាន​ការ​រិះគន់​នៅ​ទូទាំង​ពិភពលោក​ចំពោះ​ប្រតិបត្តិការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា​លើ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​កាល​ពី​ឆ្នាំ ២០១៧។ ការ​បង្ក្រាប​នេះ​ បាន​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នេះ​រាប់​សែន​នាក់ ​រត់​គេច​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទៅកាន់​ប្រទេស​បង់ក្លាដេស។

អំពើ​ហិង្សា​ដ៏​រន្ធត់ ដែល​រួម​មាន​ទាំង​ការ​រាយការណ៍​នានា​អំពី​ការ​ធ្វើ​ឃាត​និង​ការ​ចាប់​រំលោភ​ផងដែរ បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​អ្នកស្រី Aung San Suu Kyi នៅ​លើ​ឆាក​អន្តរជាតិ​មាន​ភាព​អាប់អួរ និង​ធ្វើ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ។

លោក Than Htay មេដឹកនាំ​គណបក្ស​សហភាព​សាមគ្គីភាព​ និង​ការ​អភិវឌ្ឍ (Union Solidarity and Development Party) ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​យោធា បាន​ទទូច​ថា ប្រទេស​មីយ៉ាន់ម៉ា​មិន​មាន​ការ​សោកស្តាយ​អ្វី​ទាំងអស់។

លោក Than Htay បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP អំពី​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​ថា៖ «ខ្ញុំ​មិន​អាច​ទទួល​យក​មនុស្ស​គ្មាន​ប្រយោជន៍​នៅ​ក្នុង​ប្រទេស​របស់​យើង​បាន​ទេ»។

គណបក្ស​សហភាព​សាមគ្គីភាព​និង​ការ​អភិវឌ្ឍ គឺ​ជា​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​បំផុត​តទល់​នឹង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី Aung San Suu Kyi នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ទី ៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG