ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Aung San Suu Kyi ផ្អាក​យុទ្ធនាការ​ដំបូង​នៃ​ការ​រក​សំឡេង​ឆ្នោត​ដោយសារ​​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩


អ្នកស្រី Aung San Suu Kyi ចាកចេញ​ពី​តុលាការ​មូលដ្ឋាន​មួយ​នៅ​ភាគ​ខាង​ត្បូង​នៃ​ក្រុង​រ៉ង់ហ្គូន បន្ទាប់​ពី​បាន​ដាក់​ពាក្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​សកល​ឆ្នាំ២០២០​ កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។
អ្នកស្រី Aung San Suu Kyi ចាកចេញ​ពី​តុលាការ​មូលដ្ឋាន​មួយ​នៅ​ភាគ​ខាង​ត្បូង​នៃ​ក្រុង​រ៉ង់ហ្គូន បន្ទាប់​ពី​បាន​ដាក់​ពាក្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​សកល​ឆ្នាំ២០២០​ កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។

មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi បានផ្អាកកម្មវិធី​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតរបស់​អ្នកស្រីកាលពី​ថ្ងៃ​ចន្ទ ដោយ​លើក​ហេតុ​ផល​ពី​ការ​ផ្ទុះ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រទេស​មីយ៉ាន់ម៉ា​មាន​អ្នក​ឆ្លងជំងឺ​កូវីដ១៩ ថ្មី​ចំនួន ១០០ ករណី​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ជា​ចំនួន​នៃ​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​ដ៏​ច្រើន​បំផុតចាប់​តាំង​ពី​ប្រទេស​នេះ​រកឃើញ​ការឆ្លង​ដំបូង​ក្នុង​ខែ​មីនា​មក។ កាល​ពី​ថ្ងៃ​ចន្ទ ប្រទេស​នេះ​ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​ចំនួន ៤៥ នាក់​បន្ថែម​ទៀត​ផងដែរ។

អ្នកស្រី Suu Kyi ដែលមាន​តួនាទី​ជាទីប្រឹក្សា​រដ្ឋ បាន​គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​មណ្ឌល​បោះឆ្នោត​ដែល​អ្នកស្រី​ស្វែង​រក​ការ​គាំទ្រ​មួយ​អាណត្តិ​ទៀត​នៅក្នុង​ទីក្រុង​រ៉ង់ហ្គូន​នៅ​ថ្ងៃអង្គារ​នេះ ដែល​ជា​ថ្ងៃ​ទី​មួយ​នៃ​ការ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជា​ផ្លូវការ មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ខាង​មុខ។

ប៉ុន្តែ​អ្នកស្រី​បាននិយាយ​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​តាម Facebook ថា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ណែនាំអ្នកស្រី​ឱ្យ​លុបចោល​គម្រោង​ទស្សនកិច្ច​នេះ។

អ្នកស្រីបញ្ជាក់​ដូច្នេះ​ថា៖ «ក្រសួង​សុខាភិបាល​ជា​អ្នក​មាន​អំណាច​ខ្លាំង​នៅ​ពេល​នេះ។ យើង​ត្រូវតែ​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល»។

អ្នក​នាំពាក្យគណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ លោក Myo Nyunt និយាយ​ថា យុទ្ធនាការ​រក​សំឡេងឆ្នោតរបស់​គណបក្ស​នឹង​បន្ត​សកម្ម​ភាព​របស់​ខ្លួន ដោយ​មាន​ផែនការ​ដើរ​ចែក​ទង់​គណបក្ស​និង​ក្រដាស​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​មីយ៉ាន់ម៉ា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ១.៤៦៤ នាក់ និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ ចំនួន ៨ នាក់៕

XS
SM
MD
LG