ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Aung San Suu Kyi បាន​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ខាង​មុខ


​អ្នកស្រី Aung San Suu Kyi ពាក់ម៉ាស់ និងរនាំងការពារមុខ ក្នុងយុទ្ធនាការឃោសនាការបោះឆ្នោត នៅរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។

មេដឹកនាំ​ស៊ីវិល​នៃ​ប្រទេស​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi បាន​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ មុន​ថ្ងៃ​បោះឆ្នោត​មួយ​សប្តាហ៍ ដោយ​អ្នក​បោះឆ្នោត​វ័យ​ចំណាស់​រាប់​សែន​នាក់​នៅ​ទូទាំង​ប្រទេស​ ត្រូវគេ​រំពឹង​ថា នឹង​ទៅ​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​ដែរ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នៅ​ពេល​បោះឆ្នោត​នោះ អ្នកស្រី Suu Kyi បាន​ពាក់​ម៉ាស់ និង​ស្រោមដៃ។ អ្នកស្រី​គឺជា​មនុស្ស​ដំបូង​ម្នាក់​នៅ​ក្នុង​ប្រទេស​ ដែល​បាន​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត៍​នេះ ​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ។

មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​អាយុ ៧៥ ឆ្នាំ​រូប​នេះ ត្រូវ​គេ​រំពឹង​យ៉ាង​ខ្លាំង​ថា ​នឹង​បាន​ឡើង​កាន់​អំណាច​វិញ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ខាង​មុខ ដែល​ជា​ការ​បោះឆ្នោត​លើក​ទី ២ ចាប់តាំង​ពី​ប្រទេស​មីយ៉ាន់ម៉ា ​បាន​ងើប​ចេញពី​ការ​គ្រប់គ្រង​ផ្ដាច់​មុខ​ដោយ​យោធា​មក។

ស្ថានីយ​បោះឆ្នោត​រាប់​ពាន់​កន្លែង​នៅ​ទូទាំង​ទីក្រុង​រ៉ង់ហ្គូន និង​តាម​តំបន់​ផ្សេងៗ​ទៀត ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ១៩ បាន​បើក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ឲ្យ​មាន​ការ​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​បោះឆ្នោត​វ័យ​ចំណាស់​អាយុ​លើស​ពី ៦០ ឆ្នាំ អាច​បោះឆ្នោត​មុន​បាន ដើម្បី​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

លោក Kyaw Goke អាយុ ៧៣ ឆ្នាំ​ បាន​ចេញ​មក​បោះឆ្នោត​លើក​ទី ២ នៅ​ក្នុង​ជីវិត​របស់​លោក ដោយ​លើក​នេះ​លោក​បាន​ពាក់​ម៉ាស់ និង​អនុវត្ត​ការ​រក្សា​គម្លាត។

លោក​បាន​និយាយ​ថា៖ «ទោះបីជា​ខ្ញុំ​ខ្លាច​ជំងឺ​កូវីដ១៩ ក៏ដោយ ក៏​ខ្ញុំ​ជឿ​ថា ការ​បោះឆ្នោត​គឺជា​ការ​ចាំបាច់»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​សង្ឃឹម​ថា អ្នកស្រី Suu Kyi នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ។ អ្នកស្រី​គឺ​ជា​អ្នក​ដែល​ការពារ​ពួក​យើង​ពី​ជំងឺ​កូវីដ១៩ នេះ»។

អ្នកស្រី Suu Kyi បាន​ដឹក​មុខ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដោយ​អ្នកស្រី​បាន​ថ្លែង​ស្ទើរតែ​រាល់​ថ្ងៃ​ ដើម្បី​អង្វរ​ប្រជាពលរដ្ឋ​ឲ្យ​អនុវត្ត​តាម​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG