ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​បក្ស​កាន់​អំណាច​ត្រៀម​គណៈ​រដ្ឋមន្រ្តី​ថ្មី ​អ្នក​តាម​ដាន​ជំរុញ​ឱ្យ​ជ្រើស​រើស​អ្នក​មាន​សមត្ថ​ភាព​ មិន​មែន​តាម​សែ​ស្រឡាយ​ឡើយ


រូបឯកសារ៖ អាជីវករម្នាក់ជិះកង់កាត់រូបបដាតំណាងគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨។
រូបឯកសារ៖ អាជីវករម្នាក់ជិះកង់កាត់រូបបដាតំណាងគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨។

ខណៈ​គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​រៀបចំ​អ្នក​បន្ត​វេន​ថ្មី​របស់​ខ្លួន​ឱ្យចូល​ទៅ​កាន់​តំណែង​តាម​ក្រសួង​ ​អ្នក​វិភាគ​ និង​អ្នក​តាម​ដាន​សង្គមជំរុញ​ឱ្យ​ដាក់​អ្នក​ជំនាន់​ថ្មី ​ដែល​ជា​មនុស្ស​មាន​សមត្ថភាព ​មិន​មែន​ជ្រើស​រើស​តែ​តាម​សែ​ស្រឡាយ​ឡើយ។​

កាល​ពី​ពេល​ថ្មីៗ​នេះ ​ មាន​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​អំពី​គណបក្ស​កាន់​អំណាច​កំពុង​រុះរើ​គណៈ​រដ្ឋ​មន្ត្រី​ថ្មី ​ដោយ​ដាក់​មនុស្ស​ជំនាន់​ថ្មី​របស់​ពួក​គេ​ ដែល​ជា​កូន​របស់​មន្រ្តី​ជាន់​ខ្ពស់។ ​នៅក្នុង​គម្រោង​បញ្ជី​គណៈ​រដ្ឋមន្ត្រី​ថ្មី​នោះ​ ​លោក ​ហ៊ុន ម៉ានី ​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្រ្តី ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ​លោក សាយ សំអាល់ ​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​ជា​រដ្ឋមន្ត្រី​ក្រសួង​ដែន​ដី នគរូបនីយ​កម្ម ​និង​សំណង់​ ​លោក​ ហេង សួរ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ លោក ​ទៀ សីហា ​កូន​ប្រុស​របស់​លោក ​ទៀ បាញ់ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ​លោក​ ស សុខា ​កូន​ប្រុស​របស់​លោក ​ស ខេង ​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ជាដើម។ ​ចំណែក​កាលពី​ពេល​ថ្មីៗ​នេះ​ កូន​ប្រុស​របស់​លោក ​ឌិត មុន្ទី គឺ​ លោក ​ឌិត ទីណា ​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ជ្រើស​រើស​មក​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ថ្មី។​

អ្នក​វិភាគ​នយោបាយ ​លោក ​មាស នី ​ប្រាប់​វីអូអេកាលពី​ថ្ងៃច័ន្ទ​ថា​ ការ​រុះ​រើ​គណៈ​រដ្ឋមន្ត្រី​លើក​នេះ​មាន​លក្ខណៈ​បក្ខ​ពួក ​និង​គ្រួសារ​និយម​ ខណៈ​លោក​ចោទ​សួរ​ថា​ តើ​ប្រព័ន្ធ​ដឹកនាំ​នឹង​កាន់​តែ​រឹង​មាំ ឬ​ក៏​កាន់​តែ​ទន់​ខ្សោយ។​

លោក​ថ្លែង​ថា៖ ​«ជា​បទ​ពិសោធន៍​ដែល​យើ​ង​ឃើញ​កន្លង​មក​ហើយ ​គឺ​កាល​ណា​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋ ​វា​ក្រាស់​ទៅ​ដោយ​គ្រួសារ ​បណ្តាញ​ក្នុង​គ្រួសារ​ច្រើន​ពេក​គឺ​វា​អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​រដ្ឋហ្នឹង ​គឺ​អត់​ដើរ​ទេ ​ហើយ​មនុស្ស​លែង​ស្តាប់​ច្បាប់​ហើយ ​ទៅ​ស្តាប់​បុគ្គល​វិញ»។​

លោក ​មាស នី ​អះអាង​ថា​ បើ​ដាក់​អ្នក​ដឹកនាំ​ថ្មី​តាម​រយៈ​សែ​ស្រឡាយ​ ហើ​យ​មិន​មាន​សមត្ថ​ភាព​ក៏​ជា​កត្តា​ធ្វើ​ឱ្យ​ប្រព័ន្ធ​រដ្ឋ​ចុះ​ខ្សោយ។ ​លោក​បន្ថែម​ថា​ បើ​ទោះ​ជា​ពួកគេ​មានសមត្ថ​ភាព ​ប៉ុន្តែ​វា​ចាក់​ស្មុគ​ទៅ​ដោយ​គ្រួសារ ​ក៏ដូច​ជា​បក្ខពួក​និយម​នៅ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ក៏​ជា​ឧបសគ្គ​ដែរ។​

បើ​តាម​លោក ​មាស នី ​កម្ពុជា​នៅ​ដើរ​ក្រោយ​ឆ្ងាយ​ បើ​ប្រៀប​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់។​ ដូច្នេះ​លោក​ថា ​អ្វី​ដែល​រដ្ឋមន្រ្តី​ថ្មី​ត្រូវ​ធ្វើ​គឺ​ខិតខំ​ពង្រឹង​សមត្ថ​ភាព​កម្ពុជា​ទាំង​ផ្នែក​សេដ្ឋកិច្ច ​សង្គម ​និង​នយោបាយ​ដើម្បី​បើក​ផ្លូវ​ឱ្យ​ដើរ​ទាន់​គេ។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​បើ​សិន​ជា​យើង​នៅ​ជុំជើង​តទៅ​ទៀត​នោះ​ គេ​ចេះ​តែ​ទៅមុខ​ឆ្ងាយ​ ហើយ​យើង​មិន​បាន​រត់​ឱ្យ​ទាន់​គេ។ ​នេះ​អ្នក​ជំនាន់​ថ្មី​ត្រូវ​តែ​យល់​ បង្ហាញ​ពី​សមត្ថភាព​ទៅ​ដើម្បី​នាំ​កម្ពុជា​ដើរ​ឱ្យ​ទាន់​គេ ​ទាន់​ឯង។​ នេះ​ជា​រឿង​សំខាន់​សម្រាប់​អ្នក​ដឹកនាំ​ជំនាន់​ថ្មី»។​

ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​ កាលពី​ថ្ងៃ​អង្គារ លោក​ ហ៊ុន សែន ​ថ្លែង​ថា ភាព​ជា​អ្នក​ដឹកនាំ​ អ្វី​ដែល​សំខាន់ ​គឺ​ចេះ​ដាក់​ចេញ​គោល​នយោបាយ ​និង​ដឹកនាំ​ឱ្យ​បាន​ត្រឹ​ម​ត្រូវ។​

លោក ​ហ៊ុន សែន ថ្លែង​ថា៖​ «ភាព​ជា​អ្នកដឹកនាំ​អ្វី​ដែល​សំខាន់​ គឺចេះ​ប្រើ​ប្រាស់​មន្ត្រី ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ឱ្យ​ធ្វើការ។​ បញ្ហា​វា​នៅ​កន្លែង​ហ្នឹង ​ដាក់​ចេញនូវ​គោល​នយោបាយ​ និងដឹកនាំ​ឱ្យ​វា​បាន​ត្រឹម​ត្រូវ ​តែ​ប៉ុណ្ណឹង​ទេ។ ​ខ្ញុំ​មិន​ប្រដៅ​ចំពោះ​អ្នក​វិភាគ​ ឬ​អ្នក​ដែល​លើក​ឡើង​នោះ​ទេ​ ក៏​ប៉ុន្តែ​ខ្ញុំ​គួរ​តែ​រំឭក​ថា ​កុំ​វាយ​តម្លៃ​រហ័ស​ពេក ហើយ​ក៏​កុំ​គិត​ថា ​វា​ទាល់​តែ​អញ​ជា​ជំនាញ​កសិកម្ម​ ទើប​សម​រម្យ»។​

ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បានត្រៀម​មនុស្ស​ជំនាន់​ថ្មី​របស់​ខ្លួន​ ដែលទទួល​បាន​ការ​សិក្សា​កម្រិត​ខ្ពស់​ ហើយ​ភាគ​ច្រើន​មាន​ថវិកា​ និង​សមត្ថភាព​បាន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក​ សុខ ឥសាន​ ប្រាប់​វីអូអេ​កាលពី​ថ្ងៃច័ន្ទ​ថា ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ពី​បញ្ជី​គណៈ​រដ្ឋមន្ត្រី​ថ្មី​មិន​មែន​ជា​ការណ៍​ពិត​ឡើយ។ ​លោក​បន្ថែម​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ជ្រើស​រើស​មន្រ្តី​មាន​សមត្ថភាព​មក​ដឹកនាំ​ក្រសួង​ស្ថាប័ន​ ហើយ​ការ​ដាក់​មន្រ្តី​ក្មេង​មិន​បង្ក​ជា​ជម្លោះ​នៅ​ក្នុង​គណបក្ស​ឡើយ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​ថា​ លោក​សាទរ​ចំពោះ​ការ​ដែល​គណ​បក្ស​កាន់​អំណាច​កំពុង​រៀបចំ​ក្រុម​រដ្ឋមន្រ្តី ​ដែល​លោក​ចង់​ឃើញ​គំនិត​ប្លែក​ថ្មី​ក្នុង​ការ​ដឹកនាំ​របស់​ពួកគេ។​

លោក​ថ្លែង​ថា៖ ​«ក៏​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ពាក់​ព័ន្ធ​ទស្សនៈ​ គំនិត​របស់​អ្នក​ដឹកនាំ​ថ្មី​វា​ប្លែក​ វាភ្លឺ​ថ្លា ​វា​ប្រសើរ​ជាង​អ្នក​ជំនាន់​មុន។ ​អាហ្នឹង​ជា​ការ​រង់ចាំ​របស់​ខ្ញុំ​ថា តើ​គាត់​គិត​ចេញ​នៅ​ពេល​ណា ​ឬក៏​បង្ហាញ​នៅ​ពេល​ណា។​ យើង​មិន​ទាន់​ហ៊ាន​ថា ​ទេ។​ ប៉ុន្តែអ្វី​ដែល​យើង​មើល​វា​អត់​ឃើញ ​មាន​តែ​រង់ចាំ​ហើយ»។​

បើ​តាម​លោក ​ឯម សុវណ្ណារ៉ា ​ការ​ដាក់​មន្រ្តី​ដឹកនាំថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ការ​ដក​អ្នក​ចាស់​ចេញ ​មិន​ជា​បញ្ហា​ឡើយ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ឱ្យ​តែ​អ្នក​ដឹកនាំ​ថ្មី​ជា​អ្នក​មាន​សម​ត្ថ​ភាព ​និង​អាច​បម្រើ​ផល​ប្រយោជន៍​ប្រជាជន​បាន​ ជា​ពិសេស​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ។ ​លោក​បន្ថែម​ថា​ រដ្ឋមន្ត្រី​ក្មេងៗ​ជា​ចរន្ត​មួយ​ថ្មី​ ដោយ​សារ​តែ​ បើ​ដូរ​នាយក​រដ្ឋមន្ត្រី ​ ប៉ុន្តែ​មិន​មាន​ការ​ដូរ​រដ្ឋមន្ត្រី​ចាស់​ នោះ​នឹង​ពិបាក​ក្នុង​ការ​គ្រប់គ្រង។​

អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិ​ការ​និង​សន្តិភាព​ លោក​ វណ្ណ ប៊ុនណា​ យល់​ថា ​អ្នក​ដឹកនាំ​ឈាមថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​មាន​គំនិត​ផ្លាស់​ប្តូរ​អ្វី​ថ្មី​ច្រើន​ឡើយ​ ខណៈ​ថា​ ប្រព័ន្ធ​ដឹកនាំ​របស់​អ្នក​ចាស់​បាន​ចង​ព័ទ្ធ​ពួកគេ​រួច​ទៅ​ហើយ។ ​ដូច្នេះ​ លោក​ថា​ វា​ពិបាក​សម្រាប់​អ្នក​ជំនាន់​ថ្មី​ផ្លាស់​ប្តូរ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ជា​រួម ​ខ្ញុំ​ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្តូរ​ឱ្យ​យុវជន​ ក្មេងៗ​ជា​ឈាម​ស្រករ​ថ្មី​របស់​គណបក្ស​ប្រជាជន​ក្នុង​ការ​បន្ត​ដឹកនាំ​អាណត្តិ​ក្រោយ​យ៉ាងណា​ក៏ដោយ​ ក៏​យើង​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​ថា​ មាន​ការ​ផ្លាស់​ប្តូរ​របៀប​របប​ក្នុង​ការ​ដឹកនាំ​ធំ​ដុំ​ណាស់ ​ដោយ​សារ​ប្រព័ន្ធ​ដែល​គាត់​ធ្វើការ​សព្វ​ថ្ងៃ​គឺកើត​ចេញ​ដោយ​សារ​មនុស្ស​ជំនាន់​ចាស់​របស់​គណបក្ស​ប្រជាជន ​ដែល​វា​មាន​ភាព​ស្មុគ​ស្មាញ​ និង​មនុស្ស​គិត​តែ​រឿង​ផល​ប្រយោជន៍​ច្រើន​ ទាក់ទង​ផល​ប្រយោជន៍​បក្ខពួក​ ផល​ប្រយោជន៍​នយោបាយ​ច្រើន។​ ដូច្នេះ​ក៏ពិបាក​ក្នុង​ការ​ចៀស​ផុត​ពី​ចំណុច​អស់​ទាំង​នេះ​ណាស់»។​

គួរ​បញ្ជាក់​ថា​ ព័ត៌មាន​អំពី​គណបក្ស​កាន់​អំណាច​ត្រៀម​រៀប​ចំ​ដាក់​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​ចូល​ទៅ​កាន់​តំណែង​តាម​ក្រសួង​ផ្សេងៗនោះ​ បានលេច​ឮ​ក្រោយពីមហា​សន្និបាត​វិសាមញ្ញ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ជ្រើស​រើស​លោក ​ហ៊ុន ម៉ាណែត ​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ជា​បេក្ខ​ជននាយក​រដ្ឋមន្ត្រី។ ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ធ្លាប់​បាន​បញ្ជាក់​ថា​ ថ្នាក់​ដឹកនាំ​ថ្មី​ត្រូវ​តែ​មនុស្ស​ជំនាន់​ថ្មី ដែល​មាន​វ័យ​មិន​លើស​ពី​លោក ​ហ៊ុន ម៉ាណែត​ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG