ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផលប៉ះពាល់​នៃ​វីរុស​កូវីដ១៩ ទៅ​លើ​ឧស្សាហកម្ម​ភាពយន្ត​របស់​សហរដ្ឋ​អាមេរិក​និង​ចិន


ស្ត្រីម្នាក់ដើរ​ពាក់ម៉ាស់​ការពារ​វីរុស​កូរ៉ូណា​ក្នុង​ទីក្រុង​Los Angeles​។
ស្ត្រីម្នាក់ដើរ​ពាក់ម៉ាស់​ការពារ​វីរុស​កូរ៉ូណា​ក្នុង​ទីក្រុង​Los Angeles​។

វីរុស​កូវីដ១៩ កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​ទៅលើ​វិស័យ​ជាច្រើន ក្នុងនោះ​ក៏​មាន​​ឧស្សាហកម្ម​ភាពយន្ត​របស់​សហរដ្ឋ​អាមេរិក​និង​ចិន​ផងដែរ។ តើ​​វីរុស​កូវីដ១៩ អាច​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ទស្សនិកជន​នៅក្នុង​ការទទួល​បាន​ការកម្សាន្ត​របស់​ពួកគេ​យ៉ាងណា?

ការរាតត្បាត​នៃ​វីរុស​កូវីដ១៩ បាន​នាំឲ្យ​មាន​ការបិទ​រោងភាពយន្ត ហើយ​ពន្យារពេល​ការចាក់បញ្ចាំង​ខ្សែភាពយន្ត​នៅ​លើ​ទីផ្សារ​ភាពយន្ត​ធំ​បំផុត​ពីរ​ក្នុង​ពិភពលោក គឺ​សហរដ្ឋ​អាមេរិក និង​ចិន។

ឧស្សាហកម្ម​ភាពយន្ត​នៅក្នុង​ប្រទេស​ទាំងពីរ កាន់​តែមាន​ភាពជាប់ទាក់ទង​គ្នាយ៉ាងជិតស្និទ្ធ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ការ​ការរាតត្បាត​នៃ​វីរុស​កូវីដ១៩ នៅក្នុង​ប្រទេស​មួយ វា​ក៏​នឹង​ធ្វើ​ឲ្យប៉ះពាល់​ដល់​ប្រទេស​មួយ​ទៀត​ផងដែរ។

អ្នកស្រី Aynne Kokas គឺជា​សាស្រ្តាចារ្យ​នៃ​ការសិក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សាកល​វិទ្យាល័យ​រដ្ឋ Virginia និង​ជា​អ្នកនិពន្ធ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «ហូលីវូដ​ផលិត​នៅ​ប្រទេស​ចិន» ឬ «Hollywood Made in China»។ អ្នកស្រី​បាន​និយាយ​ថា៖

«ឧស្សាហកម្ម​ភាពយន្ត​របស់​ចិន និង​សហរដ្ឋ​អាមេរិក មាន​ភាពប្រទាក់ក្រឡា​នឹងគ្នា​»។

ចំនួន​អ្នក​ទៅមើល​ភាពយន្ត​នៅក្នុង​ប្រទេស​ចិន កើន​លឿន​ជាង​នៅក្នុង​ពិភពលោក ជាពិសេស​នៅពេលដែល​រោងភាពយន្ត​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ បាន​បើក​នៅក្នុង​ទីក្រុង​លំដាប់​ទីបី និង​ទីបួន​នៃ​ប្រទេស​ចិន។ ហូលីវូដ​ចង់​បានចំណែកមួយ​នៅ​ក្នុង​ទី​ផ្សារ​ភាពយន្ត​របស់​ចិន​នេះ។ អ្នកស្រី Aynne Kokas បាន​និយាយ​បន្ត​ថា៖

«ក្រុមហ៊ុន​ផលិត​ភាពយន្ត​នៅ​ហូលីវូដ កំពុង​បង្កើន​ផលិត​ភាពយន្ត​ដោយ​គិត​ទៅ​ដល់​ទីផ្សារ​នៅ​ប្រទេស​ចិន»។

ភាយន្តមួយ​ដែល​មាន​ចំណងជើង​ថា «Mulan» គឺជា​ភាពយន្ត​មួយ​ដែល​មាន​ការ​ចូលរួម​សម្តែង​ដោយ​តារា​សម្តែង​ជា​ជនជាតិ​ចិន ដែល​ក្រុមហ៊ុន Disney សង្ឃឹម​ថា នឹង​បាន​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​មួយ​នៅ​ប្រទេស​ចិន។ ក៏ប៉ុន្តែ ការរាតត្បាត​នៃ​វីរុស​កូវីដ១៩ បាន​បន្ទុចបង្អាក់​ការចាក់បញ្ចាំង​ភាពយន្ត​នេះ​ជាលើកដំបូង​នៅ​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក។

ក្រៅពី​កិច្ចសហប្រតិបត្តិការ​រវាង​ហូលីវូដ​ជាមួយនឹង​ចិន​នោះ ក៏មាន​ការសហការ​ផលិត​រួម​គ្នា ហើយ​នឹង​ក្រុមហ៊ុន​ចិន​វិនិយោគ​នៅក្នុង​ភាពយន្ត​ហូលីវូដ​ផងដែរ ដូចជា​ភាពយន្ត​ថ្មី​មួយ​មាន​ចំណង​ជើង​ថា «Top Gun: Maverick» ដែល​នឹង​កំណត់​ថា នឹង​ចាក់បញ្ចាំង​ក្នុង​ខែមិថុនា ខាងមុខ​នេះ។ អ្នកស្រី Aynne Kokas បាន​និយាយ​បន្ត​ថា៖

«អ្វី​ដែល​យើង​កំពុង​មើលឃើញ គឺ​ការកើនឡើង​នៃ​ការវិនិយោគ​របស់​ចិន​នៅក្នុង​ខ្សែភាពយន្ត​ហូលីវូដ។ ដូច្នេះ​ក្រុមហ៊ុន​ដែល​អ្នកប្រហែល​ជា​ធ្លាប់​ឮ​ហើយ​ ដូចជា​Ali Baba ឬ Tencent កំពុងតែ​វិនិយោគ​លើ​ខ្សែភាពយន្ត»។

ការបិទ​រោងភាពយន្ត និង​ផលិតកម្ម​នានា​ក្នុង​ប្រទេស​ទាំងពីរ នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើវិស័យ​សេដ្ឋកិច្ច។ អ្នកស្រី Aynne Kokas រំពឹង​ថា នឹង​ឃើញ​ការធ្លាក់ចុះ​នៃ​មូលធន​វិនិយោគ​ក្រៅ​ប្រទេសពី​រដ្ឋាភិបាល​ចិន ដែល​ទំនងជា​នឹង​រឹតត្បឹតការ​វិនិយោគ​របស់​ចិន​នៅ​ហូលីវូដ​។

ភាពតានតឹង​ផ្នែក​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ គឺ​ជា​កត្តា​មួយ​ផ្សេងទៀត។

ចិន​កំពុង​បណ្តេញ​អ្នកយកព័ត៌មាន​នៃ​កាសែតThe Washington Post New York Times និង Wall Street Journal ចេញ​ពី​ប្រទេស​ខ្លួន។ វិធានការ​នេះ​ធ្វើ​ឡើង បន្ទាប់ពី​កាលពី​ដើម​ខែមីនា សេតវិមាន​បាន​កំណត់​ចំនួន​ពលរដ្ឋ​ចិន ដែល​អាច​ធ្វើការ​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​ស្ថាប័ន​ព័ត៌មាន​ចិន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចំនួន ៥។

នៅ​ចំ​ពេល​នៃ​ការកើនឡើង​នូវ​ភាព​តានតឹង​ផ្នែក​នយោបាយ និង​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ការបិទ​រោងភាពយន្ត ស្ទូឌីយោ​ផលិកម្មមួយ​ចំនួន​នៅក្នុង​ប្រទេស​ទាំងពីរ​កំពុង​សំឡឹង​មើល​ការផ្សាយ​ផ្ទាល់​ជា​ជម្រើស​មួយ​ដើម្បី​ជួយ​សង្គ្រោះ​ការខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ។

ក្រុមហ៊ុន Huanxi Media របស់​ចិន បាន​ផលិត​ខ្សែភាពយន្ត​សំខាន់​មួយ​ដែល​មាន​ចំណងជើង​ថា «Lost in Russia» ជា​ការសាកល្បង ហើយ​ចាក់ផ្សាយ​តាម​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ។

ក្រុមហ៊ុនUniversal នឹង​ចាក់​បញ្ចាំង​រឿង «Trolls World Tour» តាមអនឡាញ​ដែល​ទស្សនិកជន​អាច​មើល​ពេល​ណា​ក៏​បាន។

ក្រុមហ៊ុនUniversal ក៏​កំពុង​ផលិត​ភាពយន្ត​ដែល​សម្រាប់​ចាក់បញ្ចាំង​តាម​រោង​ភាពយន្ត ដូចជារឿង«Invisible Man»នោះ សម្រាប់​ជួល និង​បញ្ចាំង​តាមអនឡាញ​ផងដែរ។

លោក Stanley Rosen ជា​សាស្រ្តាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​និង​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ Southern California និង​ជា​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម​ភាពយន្ត​ចិន។ លោក​ថ្លែង​ថា៖

«អ្នក​មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ។ ការ​ធ្វើ​ដូច​នេះ វា​មិនមាន​និរន្តរភាព​ក្នុង​រយៈពេល​យូរ​ទេ។ វា​មិន​ល្អ​សម្រាប់​រោងភាពយន្ត​ទេ​ ហើយ​វា​ក៏​មិន​ល្អ​សម្រាប់​ស្ទូឌីយោ​ដែរ ពីព្រោះ​ប្រាក់​ចំណូល​ភាគ​ច្រើនបាន​មកពី​មនុស្ស​ទៅមើល​ភាព​យន្ត​នៅ​ឯ​រោង»។

ក៏​ប៉ុន្តែ​ កត្តា​នៃការបិទ​រោងភាពយន្ត​អស់រយៈ​រយៈពេល​ដ៏​យូរ​ហើយនឹង​ការភ័យខ្លាច​នៃ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​និង​ធ្លាក់ខ្លួន​ឈឺ អាច​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ទស្សនិកជន។ ​អ្នកស្រី Aynne Kokas បាន​និយាយ​ពន្យល់​បន្ត​ថា៖

«តើ​មនុស្ស​នឹង​ត្រឡប់​ទៅ​មើល​ភាពយន្ត​នៅឯ​រោង​វិញ​ទេ? យើង​បាន​ឃើញ​ការថយចុះ​ជារួម​រួច​ទៅហើយ​នូវ​ចំនួន​អ្នក​ទៅ​មើល​ភាពយន្ត​នៅ​ឯ​រោង ពីព្រោះ​មានជម្រើស​នៃ​ការកម្សាន្ត​ក្នុង​ផ្ទះ​ជាច្រើន។ ខ្ញុំ​គិតថា យើង​អាច​នឹង​ឃើញ​មាន​ការផ្លាស់ប្តូរ​ច្រើន​នៅក្នុង​ឥរិយាបថ​ទស្សនិកជន​មួយ​ចំនួន»។

លោក Stanley Rosen ថ្លែង​បន្ត​ថា៖

«ខ្ញុំ​បាន​ពិនិត្យ​មើល​ការស្ទង់មតិ​ដែល​បាន​បង្ហោះ​នៅ​លើ​អ៊ីនធឺណិត​របស់​ចិន។ ការស្ទង់មតិ​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ចំនួន​ទៅ​លើ​មនុស្ស​រាប់​ពាន់​នាក់​មក​ពី ៧០ ទីក្រុង​ផ្សេង​គ្នា បង្ហាញ​ថា ជាង ៥០% និយាយ​ថា​ពួកគេ​ស្ទាក់ស្ទើរ​ក្នុងការ​ត្រឡប់​ទៅ​មើល​ភាពយន្ត​នៅឯ​រោងវិញ។ មនុស្សដែលត្រូវបាន ស្ទង់​មតិ​និយាយថា «ពួកគេ​រីករាយ​ក្នុងការ​មើលកុននៅឯ​ផ្ទះ។ នេះ គឺ​ជា​ការដាស់តឿន​មួយ ហើយ​ខ្ញុំគិតថា ការ​ចាក់​បញ្ចាំង​តាម​អនឡាញ នឹង​កាន់តែ​មាន​សារៈសំខាន់»។

ផលប៉ះពាល់​នៃ​និន្នាការ​ថ្មី​នេះ​ទៅ​លើ​ ឧស្សាហកម្ម​ភាពយន្ដ​នៅ​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក ​នឹង​អាស្រ័យ​ទៅ​លើ​រយៈពេល​នៃការ​បិទដំណើរ​ដោយសារតែ​ការរាត្បាត​នៃ​វីរុស​កូវីដ​១៩​នេះ។

ដោយសារតែ​ខ្សែភាពយន្ត​មួយ​ចំនួន​មិនទាន់​បាន​បញ្ចប់​សព្វគ្រប់​នៅឡើយ​នៅក្នុង​ប្រទេស​ចិន​នោះ ដូច្នេះ​សូម្បីតែ​នៅ​ពេល​ដែល​រោងភាពយន្ត​នៅ​ចិន​បើកទ្វារ​វិញ​នៅ​ទូទាំង​ក៏ដោយ ក៏​ហូលីវូដ​នឹង​មាន​ការលំបាក​ក្នុង​ការព្យាយាម​ចូល​ទី​ផ្សារ​នៅ​ចិន​ដែរ។

លោក Stanley Rosen ថ្លែង​បន្ត​ថា៖

«ហូលីវូដ នឹង​មាន​ការលំបាក​ក្នុង​ការប្រកួតប្រជែង​ជាពិសេស​នៅក្នុង​ស្ថានភាព​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ចិនដែល​ប្រទេស​ចិន​ចង់​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​របស់​ខ្លួន ហើយ​មិន​ចង់ផ្សព្វផ្សាយ​ខ្សែភាពយន្ត​ហូលីវូដ​ទេ។ នោះ គឺ​ជា​រឿង​មួយ​ទៀត​ដែល​ពិតជា​ប៉ះពាល់​ដល់​ហូលីវូដ»៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG