ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្រ្តី​ចក្រភព​អង់គ្លេស​លោក​ Boris Johnson ​មាន​ផ្ទុក​មេរោគ​កូរ៉ូណា


លោក Boris Johnson នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ទូទាំង​ប្រទេស​អំពី​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា ពី​ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី 10 Downing Street កាល​ពី​ថ្ងៃ​ទី​២៣ មីនា ២០២០។

នាយក​រដ្ឋ​មន្រ្តី​ចក្រភព​អង់គ្លេស​លោក ​Boris Johnson​ បាន​ធ្វើ​តេស្ត​មាន​មេរោគ​កូវីដ១៩ ​វិជ្ជមាន។​ នេះ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ការិយាល័យ​នាយក​រដ្ឋ​មន្រ្តី។​

ក្នុង​ការ​ប្រកាស​តាម​វីដេអូ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​នៅ​លើ​ប្រព័ន្ធ​ Twitter​ លោក Johnson ​បាន​និយាយ​ថា​ «លោក​ បាន​ក្តៅ​ខ្លួន​ហើយ​ក្អក​មិន​ចេះ​អស់​ដែល​លោក​បាន​ពណ៌នា​ថា «ជា​រោគ​សញ្ញា»​ស្រាល​នៃ​មេរោគ​នោះ។​

លោក​នាយក​រដ្ឋ​មន្រ្តី ​បាន​និយាយ​ទៀត​ថា ​លោក​កំពុង​ធ្វើ​ការ​ពី​ផ្ទះ​ ហើយ​«បាន​ស្ថិតនៅ​ដាច់​ពី​គេ»​ដែល​លោក​បាន​និយាយ​ថា​ ជា​ការ​ត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើ។​

លោក​នាយក​រដ្ឋ​មន្រ្តី​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ «គ្មាន​ការ​ងឿង​ឆ្ងល់​ឡើយ​ថា ខ្ញុំ​អាច​បន្ត​ធ្វើ​ការ​បាន។ អរគុណ​អាគម​គា​ថា​នៃ​បច្ចេក​វិទ្យា​ទំនើប​ ដែល​នាំ​ឲ្យ​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូរ៉ូណា​នេះ»។

ក្រៅ​ពី​ការ​ថ្លែង​អំណរ​គុណ​ដល់​សេវា​កម្ម​សុខ​ភាព​ជាតិ​ លោក​នាយក​រដ្ឋ​មន្រ្តី Johnson ​ក៏​បាន​ថ្លែង​អំណរ​គុណ​ពលរដ្ឋ​៦​សែន​នាក់​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ ការ​ខំប្រឹង​ប្រែង​របស់​ចក្រភព​អង់គ្លេស​ការពារ​ពលរដ្ឋ​ផ្សេង​ទៀត​កុំ​ឲ្យ​មាន​ផល​វិបាក​ដោយសារ​មេរោគ​កូរ៉ូណា​នេះ។​

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​មាន​ការ​សន្ទនា​យ៉ាង​ល្អ​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង។លោក​ប្រធានាធិបតី ត្រាំ បាន​ចុះ​ផ្សាយ​តាម​ Twitter ​ថា «ខ្ញុំ​ទើប​តែ​បញ្ចប់​ការ​សន្ទនា​ដ៏​ល្អ​ជាមួយ​ប្រធានាធិបតី​ចិន​លោក ​ស៊ី ជីនពីង។ យើង​ បាន​ពិភាក្សា​យ៉ាង​លម្អិត​អំពី​មេរោគ​កូរ៉ូណា​ដែល​កំពុង​រាតត្បាត​ផ្នែក​ដ៏​ធំ​នានា​របស់​ផែន​ដី​យើង។ ចិន​ បាន​ឆ្លង​កាត់​បញ្ហា​នេះ​ជា​ច្រើន​ហើយ​បាន​យល់​យ៉ាង​ខ្លាំង​ពី​មេរោគ​នេះ។ យើង​នឹង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្នា។យើង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង»។

កាល​ពីពេល​មុន​ ចិន ​ជា​ទី​កន្លែង​ផ្ទុះ​យ៉ាង​ខ្លាំង​នូវ​មេរោគ​កូរ៉ូណា ក៏ប៉ុន្តែ ឥឡូវ​នេះ​សហរដ្ឋ​អាមេរិក មាន​ករណី​មេរោគ​នោះ​ច្រើន​ជាង​ចិន។

មាន​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ថា​ ឯក​អគ្គ​រដ្ឋ​ទូត​របស់​ប្រទេស​៩​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ ​រួម​មាន​ចិន គុយបា អ៊ីរ៉ង់ នីការ៉ាហ្គា កូរ៉េខាង​ជើង រុស្ស៊ី ស៊ីរី និង​វ៉េណេស៊ុយអេឡា កំពុង​ស្នើ​សុំ​ឲ្យ​លោក​អគ្គ​លេខា​អង្គការ​សហប្រជាជាតិ ​Antonio Gutteres​ គៀប​សង្កត់​សហរដ្ឋ​អាមេរិក​ឲ្យ​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​ដែល​ពួក​គេ​ អាច​ប្រយុទ្ធ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា។ ឯក​អគ្គរដ្ឋទូត​ទាំង​នោះ​ បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ពី​ការ​យក​ការ​រាលដាល​ជាសាកល​នៃ​មេរោគ​កូរ៉ូណា​ជា​រឿង​នយោបាយ៕

XS
SM
MD
LG