ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​សុំ​យោបល់​អង្គការ​សង្គម​ស៊ីវិល​សម្រាប់​កែទម្រង់​ការ​បោះឆ្នោត


វាគ្មិន​ដែល​បាន​ចូល​រួម​ក្នុង​​សិក្ខាសាលា​ បាន​លើកឡើង​អំពី​​បញ្ហា​អត្តសញ្ញាណ​បណ្ណ​សម្រាប់​ពលរដ្ឋ​ខ្មែរ។​
វាគ្មិន​ដែល​បាន​ចូល​រួម​ក្នុង​​សិក្ខាសាលា​ បាន​លើកឡើង​អំពី​​បញ្ហា​អត្តសញ្ញាណ​បណ្ណ​សម្រាប់​ពលរដ្ឋ​ខ្មែរ។​
បន្ទាប់ពី​គណបក្ស​គូជម្លោះ​ទាំង​ពី​រ ​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​បោះ​ឆ្នោត ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ចាប់​ផ្តើម​រៀបចំ​សិក្ខាសាលា​មួយ​ដើម្បី​ស្តាប់មតិ​យោបល់​តំណាង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត។​

មាន​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៧​ដែល​តាម​ឃ្លាំមើល​ដំណើរ​ការ​បោះ​ឆ្នោត​បាន​ចូល​រួម ​ក៏ប៉ុន្តែ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​និង​មន្ត្រី​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ចូល​រួម​ទេ។

វាគ្មិន​ដែល​បាន​ចូល​រួម​បាន​លើក​យក​បញ្ហា​អត្តសញ្ញាណ​បណ្ណ​សម្រាប់​ពលរដ្ឋ​ខ្មែរ​មក​ដល់​ពេល​នេះ​មាន​អត្តសញ្ញាណ​បណ្ណ​ប្រមាណ​ពី​៣​ទៅ​៤​លាន​នាក់​ផុត​សុពលភាពហើយ​ការ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ថ្មី​មាន​ការ​លំបាក​ព្រោះ​ប្រជាពលរដ្ឋ​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​មូល​ដ្ឋាន​តម្រូវ​ឱ្យ​បង់​ប្រាក់​ពី​១០​ទៅ​១៥​ម៉ឺន​រៀល​ជាថ្នូរ​នឹង​ការ​ទទួល​បាន​អត្តសញ្ញាណ​បណ្ណ​ថ្មី។​

ក្រុម​អ្នក​ចូល​រួម​ក៏បាន​ទាមទារ​ឱ្យ​ការ​បោះ​ឆ្នោត​លើក​ក្រោយ​គួរ​តែ​មាន​ច្បាប់​សម្រាប់​ហិរញ្ញ​វត្ថុ​សម្រាប់​គណបក្ស​នយោបាយ​ដែល​បាន​ចូល​រួម​បោះ​ឆ្នោតហើយ​រាល់​ការ​ចំណាយ​សម្រាប់​ការ​បោះ​ឆ្នោត​មួយ​លើកៗ​មិន​ត្រូវ​ឱ្យ​លើស​ពី​១០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទេ។​

លោក​ គល់ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​Comfrel​មាន​ប្រសាសន៍​ថា​អាជ្ញាធរ​គួរ​តែ​ពន្លឿន​ការ​ចេញ​អត្តសញ្ញាណ​បណ្ណ​ឱ្យ​បាន​ដល់​ដៃ​ប្រជាពលរដ្ឋ។​លោក​បាន​បញ្ជាក់​ថា​អត្តសញ្ញាណ​បណ្ណ​មិន​ត្រូវ​កំណត់​រយៈ​ពេល​១០​ឆ្នាំ​នោះ​ទេ​គឺ​អាជ្ញាធរ​គួរ​តែ​ផ្តល់​សុពល​ភាព​អត្តសញ្ញាណ​បណ្ណ​ដល់​ប្រជាពល​រដ្ឋ​គ្រប់​រូប​អាច​ប្រើ​ប្រាស់​បាន​មួយ​ជីវិត​និង​អាច​យក​ទៅ​បោះ​ឆ្នោត​បាន​មិន​ចាំបាច់​មាន​បណ្ណ​បោះ​ឆ្នោត​ទេ។​

សម្រាប់​ថវិកា​គណបក្ស​នយោបាយ​វិញ ​លោក​ គល់ បញ្ញា ​បាន​រក​ឃើញ​ថា​គណបក្ស​ប្រជាជន​ដែល​សម្បូរ​ធនធាន​ជាង​គេ​បាន​ចំណាយ​ជាង​១៥​លាន​ដុល្លា​សម្រាប់​ការ​បោះ​ឆ្នោត​កន្លង​ទៅ​នេះ។

លោក​និយាយ​ថា៖​«ដូច​គណបក្ស​ប្រជាជន​យើង​រក​ឃើញ​ថា​គាត់​ចាយ​ប្រហែល​ជា​១៥​លាន​ដុល្លារ​ហើយ​ការ​បោះ​ឆ្នោត​នេះ​យើង​អត់​ទាន់​គណនា​គាត់​បាន​ចាយ​ទៅ​លើ​ទូរទស្សន៍​ វិទ្យុ​ទេ​ ​គ្រាន់​តែ​គាត់​ចាយ​ឆាក​ស្អីៗ​ប្រហែល​ជា​១៥​លាន​ដុល្លារ។​គណបក្ស​សង្គ្រោះជាតិ​ប្រហែល​៣​លាន​ដុល្លា​កន្លះ។​នេះ​ការ​បោះ​ឆ្នោត​កន្លង​ទៅ។

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ចំណាយ​ថវិកា​សម្រាប់ការបោះ​ឆ្នោត​មិន​មែន​ជារឿង​សំខាន់​លើស​លប់​ទេ​ក៏ប៉ុន្តែ​គេ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ការ​ផ្លាស់​ប្តូរ​ស្ថាប័ន​គ.ជ.ប​នោះ​ជា​បញ្ហា​សំខាន់។​

លោក​និយាយ​ថា៖​«ក្នុង​ការ​បោះ​ឆ្នោត​មនុស្ស​ដែល​សំខាន់​គឺ​គ.ជ.ប​ អ្នក​ធ្វើ​សេចក្តី​សម្រេច​អ្នក​អនុវត្តន៍​ច្បាប់​ ដាច់​ខាត​យើង​ត្រូវ​តែ​ប្តូរ​សមាសភាព​គ.ជ.ប​ ប្តូរ​ក្បាល​ម៉ាស៊ីន​គ.ជ.ប​ បាន​យើង​អាច​រក​ដំណោះ​ស្រាយ​ទាក់​ទិន​នឹង​ការ​បោះ​ឆ្នោត​បាន»។​

សិក្ខាសាលា​ដែល​រៀប​ចំឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ឡើង​មុន​ពេល​ដែល​ក្រុម​ការងារ​មក​ពី​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​នឹង​ជួប​ពិភាក្សា​គ្នា​បន្ត​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ។​

សិក្ខា​សាលា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​យក​មតិ​យោបល់​របស់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ដាក់​ជូន​ក្រុម​ការ​ងារ​មក​ពី​គណបក្ស​ប្រជាជន​មុន​និង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​កំណែ​ទម្រង់​គ.ជ.ប។​

លោក​ នី ចរិយា​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​តាម​បទពិសោធន៍​នៃ​ការ​អង្កេត​លើការ​ងារ​បោះ​ឆ្នោត​កន្លង​ទៅគួរ​តែ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​មួយ​ដោយ​ឯក​រាជ្យ​ហើយ​បើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មិន​សូវ​មាន​ឯក​រាជ្យ​នោះ​នឹង​ជះឥទ្ធិពល​ដល់​លទ្ធផល​នៃការ​បោះ​ឆ្នោត​ទាំង​មូល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG