ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សង្កេតការណ៍​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ព្រមាន​អំពី​ការ​ទិញ​សន្លឹក​ឆ្នោត​និង​ការ​គំរាម​កំហែង


ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣។
ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣។
ប្រទេស​កម្ពុជា​កំពុង​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុម​ប្រឹក្សា​ក្រុង​ ក្រុម​ប្រឹក្សា​ស្រុក​ ក្រុម​ប្រឹក្សា​ថ្នាក់​ខណ្ឌ​អាណត្តិ​ទី២​ ដែល​ត្រូវប្រពឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី១៨​ ខែ​ឧសភា​ឆ្នាំ​២០១៤។

ក្រុម​អ្នក​សង្កេត​មើល​ការ​បោះឆ្នោត​បាន​ថ្លែង​ថា​ ទោះ​ជា​គ្មាន​បញ្ហា​អ្វី​មួយ​ដែល​ត្រូវ​បារម្ភ​ហួស​ហេតុ ​ដូច​ការ​បោះឆ្នោត​ជាតិ​មែន​ តែ​ពួកគេ​បាន​លើក​ទឹក​ចិត្ត​ដល់​អង្គ​បោះឆ្នោត​ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំងអស់​ឲ្យ​បោះ​ឆ្នោត​តាម​ឆន្ទៈ​របស់​ខ្លួន ​និង​គ្មាន​ការ​ទិញ​ទឹក​ចិត្ត​ ឬ​ចាញ់​ការ​សម្លុត​ គំរាម​កំហែង​ជាដើម។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១១.៤៥៩​នាក់​មក​ពី​ឃុំ​សង្កាត់​ចំនួន​១.៦៣៣​ដែល​ភាគច្រើន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​នោះ​ ជា​អ្នក​បោះឆ្នោត​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​ ដែល​គេ​ថា​ ជា​ស្ថាប័ន​នីតិ​បញ្ញត្តិ​ថ្នាក់​មូលដ្ឋាន​នេះ​ដើម្បី​ផ្ទៀង​ផ្ទាត់​ការ​ដឹកនាំ​របស់​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន។​ យោង​ទៅ​លើ​ហេតុផល​សំខាន់​ទាំង​ឡាយ​នេះ ​ក្រុម​អ្នក​សង្កេត​ការណ៍​បាន​អំពាវនាវ​ថា​ ការ​បោះ​ឆ្នោត​នេះ​គួរ​ធ្វើ​ដោយ​យុត្តិធម៌​ និង​គ្មាន​ការ​ទិញ​ទឹក​ចិត្ត ​និង​ការ​បង្ខំ​ឲ្យ​សមាជិក​របស់​ខ្លួន​ស្បថ​ស្បែ​ដែល​គេ​គិត​ថា​ ​ជា​ទម្លាប់​អាក្រក់។​

លោក​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ខុមហ្រ្វែល ​បាន​អះអាង​ថា​ ការ​បោះឆ្នោត​នេះ​ទំនង​ជា​មិន​មាន​បញ្ហា​អ្វី​ធំ​ដុំ​ទេ។​

«ការ​បោះ​ឆ្នោត​នេះ​ទំនង​ជា​មិន​ជួប​បញ្ហា​អីទេ​ គ្រាន់​តែ​ថា ​គេ​គួរ​ជៀសវាង​ការ​ទិញ​សន្លឹក​ឆ្នោត ​ការ​ដែល​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ស្បថ​អី​អញ្ចឹង​ទៅ។​ នោះ​គ្រាន់​តែ​ជា​ទិដ្ឋភាព​ ដែល​វា​មិន​ល្អ​មើល​ក្នុង​ពេល​បោះ​ឆ្នោត។​ គេ​គួរ​ទុក​ឲ្យ​ដំណើរការ​នេះ​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​ច្បាប់​បោះ​ឆ្នោត»។​
លោក​បណ្ឌិត ​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​នីចហ៊្វិច​ បាន​អះអាង​ប្រាប់​វីអូអេ​ថា​ អង្គ​បោះឆ្នោត​ត្រូវ​បោះឆ្នោត​តាម​ឆន្ទៈ​របស់​ខ្លួន៖​

«ក្នុង​នាម​ជា​អ្នក​បោះឆ្នោត​ អង្គ​បោះ​ឆ្នោត ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​ប្រជា​ពលរដ្ឋ ​គួរតែ​បំពេញ​កាតព្វ​កិច្ច​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឲ្យ​បាន​ត្រឹមត្រូវ​ ហ្មត់ចត់គឺ​បង្ហាញ​នូវ​ទស្សនៈ​ ផ្ទាល់​ខ្លួន​ វាយ​តម្លៃ​ផ្ទាល់​ខ្លួន​ ដើម្បី​គាំទ្រ​ទៅ​ដល់​គណបក្ស​ ឬ​ក៏​បេក្ខជន​ណា​មួយ​ដែល​ខ្លួន​ពេញចិត្ត»។​

ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក​មាន​ការ​ចោទ​ប្រកាន់​នានា​អំពី​ការ​គំរាម​កំហែង​ ការ​បង្ខំ​ឲ្យ​សមាជិក​គណបក្ស​ស្បថ​ស្បែ​ ការ​ទិញ​ទឹកចិត្ត ​និង​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជាដើម។​ តែ​ក្រុម​អ្នក​សង្កេត​ការណ៍​បាន​អះអាង​ថា​ ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​នេះ​ទំនង​ជា​មាន​បញ្ហា​តិចតួច​ជាង​ ដោយសារ​ថា ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប.)​ អាច​គ្រប់គ្រង​បាន​ងាយ​ស្រួល​ជាង​ ក្រោយ​ពី​មាន​ការ​រិះគន់​ពី​សហគមន៍​ជាតិ​ និង​អន្តរជាតិ​អំពី​ឯករាជ្យ​ភាព​នោះ។​

តែ​លោក​ទេព នីថា ​អគ្គលេខា​ធិការ​នៃ​គ.ជ.ប.​បាន​អះអាង​ថា​ ស្ថាប័ន​គ.ជ.ប.​នៅ​តែ​កែ​ទម្រង់​ការ​បោះឆ្នោត​តាម​ច្បាប់​ និង​បទ​ពិសោធន៍​ពីការ​បោះឆ្នោត​កន្លង​មក។​

«ជា​ធម្មតា​ពី​ការ​បោះឆ្នោត​មួយ​ទៅ​ការ​បោះឆ្នោត​មួយ ​ទោះបី​ជា​ច្បាប់​ពុំ​បាន​ធ្វើ​វិសោធនកម្ម​ កែ​ទម្រង់​ កែលម្អ​ក៏​ដោយ ​យើង​មាន​បទ​ពិសោធន៍​ពីការ​បោះឆ្នោត​មុនៗ​ យើងកែ​លម្អ​ការ​បោះ​ឆ្នោត​លើក​ក្រោយ​នេះ​ ឲ្យ​បាន​ល្អ​ជាង​មុន​ ទាំង​ក្នុង​ការ​រៀប​ចំ​ នីតិវិធី​ និង​ការ​អនុវត្ត។​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ យើង​ត្រូវ​តែ​គោរព​គោល​ការណ៍​ និង​ច្បាប់​ដែល​នៅ​ជា​ធរមាន»។​

សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នេះ​ លោក​បាន​អះអាង​ថា​ គ.ជ.ប.​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ ទោះបី​នេះ​ជា​ការ​បោះឆ្នោត​អសកល​ក្តី។​

គ.ជ.ប.​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ មាន​គណបក្ស​នយោបាយ​ចំនួន​៥​ដែល​បាន​ស្នើ​សុំ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​ និង​បេក្ខជន​ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុម​ប្រឹក្សា​ក្រុង​ ក្រុមប្រឹក្សា​ស្រុក ​ក្រុម​ប្រឹក្សា​ថ្នាក់​ខណ្ឌ​អាណត្តិ​ទី២​ ចាប់ពី​ថ្ងៃទី​២៧​ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី៣​ខែ​មិនា​នោះ។​

ក្រុម​ប្រឹក្សា​ដែល​ត្រូវ​ជ្រើស​រើស​មាន​ជាង​បីពាន់​នាក់​នៅ​ទូទាំង​ប្រទេស​ដែល​ត្រូវ​គេ​រំពឹង​ថា​ នឹងចូលកាន់​កាប់​កិច្ចការ​ក្នុង​ស្ថាប័ន​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ រាជធានី​ ក្រុង​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ ខណ្ឌ​ ដែល​មាន​អំណាច ​តួនាទី​តាម​ច្បាប់​ដើម្បី​ត្រួត​ពិនិត្យ​ តាមដាន​អាជ្ញាធរ​មូលដ្ឋាន ​អភិបាល​ខេត្ត​ ក្រុង​ រាជធានី​ ស្រុក​ ខណ្ឌ ​ជាដើម។​

ក៏​ប៉ុន្តែ​ ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ ដូចជា​លោក​ពុទ្ធា ហង្ស​បាន​អះអាង​ថា​រដ្ឋាភិបាល​ហាក់ដូច​មិនសូវ​មាន​ការ​ផ្តល់​អំណាច​ដល់​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​នេះ​ទេ ​តាំងពី​ការ​បោះឆ្នោត​លើក​ទី១​នោះ។​

«យើង​ហាក់​ដូចជា​មើល​មិន​ឃើញ​ថា ​ក្រុមបឹ្រក្សា​ទាំងអស់​ហ្នឹង​លោក​មាន​តួនាទី​សំខាន់​យ៉ាងណា​ទេ​ ដោយសារ​អំណាច​ហាក់​ដូចជា​ប្រមូល​ផ្តុំ​ទៅ​លើ​អាជ្ញាធរ​ ដូចជា​ចៅហ្វាយ​ខេត្ត​ អភិបាល​ខេត្ត​ អភិបាល​ស្រុក​អី​ទៅ​វិញ​ទេ​បាទ»។​

លោក​បាន​លើក​យក​ឧទាហរណ៍​មក​បញ្ជាក់​ថា​ គម្រោង​អភិបាល​ក្នុង​ខេត្ត​ណា​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន​ ដែល​អភិបាល​ខេត្ត​មាន​សិទ្ធិ​សម្រេច​បាន​ដោយ​មិន​ត្រូវការ​ថ្នាក់ជាតិ​នោះ​ ក៏​ត្រូវ​មានការ​យល់ព្រម​ពី​ក្រុម​ប្រឹក្សា​ខេត្ត​ដែរ។​

រីឯ​លោក​គល់ បញ្ញាបាន​បន្ថែម​ថា​ ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​នេះ​គួរមាន​តួនាទី ​និង​អំណាច​អនុម័ត​គោល​នយោបាយ​ ថវិកា​ និង​បញ្ហា​ផ្សេងៗ​ទៀត​ដើម្បី​ស្របតាម​គោលការណ៍​របស់​រដ្ឋាភិបាល​នៃ​ការ​បែកចែក​អំណាច​ដល់​ថ្នាក់​មូលដ្នាន​ មិន​មែន​នៅតែ​ថ្នាក់ជាតិ​ដដែល​នោះ​ទេ។​

«ដល់​អញ្ចឹង​ទៅ វាអាច​មាន​បញ្ហា​ដែរ ​ដោយ​សារ​តែ​ការ​ធ្វើ​កម្ម​វិធី​សហ​វិមជ្ឈការ ​និង​មជ្ឈការ​នោះ​ វា​អត់ទាន់​ដំណើរការ​ទៅ​រលូន​ ហើយ​មិនទាន់​មាន​ប្រសិទ្ធិ​ភាព​នៅឡើយ ​ដោយសារ​ថា​ អំណាច​មួយ​ចំនួន​នោះ​ វា​នៅ​ក្រោម​រដ្ឋាភិបាល​ ហើយ​នឹង​នៅ​ក្រោម​គណបក្ស​ច្រើន​ពេក»។

គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​កាន់​អំណាច​បី​ទសវត្ស​មក​ហើយ​នោះ​ ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​រចនា​សម្ព័ន្ធ​ថ្នាក់​មូលដ្ឋាន​ភាព​រឹងមាំ៕
XS
SM
MD
LG