ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​មិនចូល​ប្រជុំ​សភា​លុះ​ណា​មាន​ដំណោះ​ស្រាយ​រឿង​បោះឆ្នោត


លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បក់​ដៃ​ដាក់​អ្នក​គាំទ្រ​នៅ​ពេល​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៤។
លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បក់​ដៃ​ដាក់​អ្នក​គាំទ្រ​នៅ​ពេល​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៤។
លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ប្រកាស​ជំហរ​ថា​ សមាជិក​សភា​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះជាតិ​នឹង​មិន​ចូល​រួម​ប្រជុំ​សភា​ជាដាច់​ខាត​ ដរាបណា​ការ​ទាមទារ​ឲ្យរៀប​ចំការ​បោះ​ឆ្នោត​ឡើង​វិញ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ។​

មាន​ប្រសាសន៍​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​ប្រើ​ប្រាស់​គណនេយ្យ​ផ្ទាល់​ខ្លួន​ ​លោក​សម រង្ស៊ី​បាន​បញ្ជាក់​ជំហរ​ជាក់​លាក់​ថា ​បញ្ហា​ចូល​ប្រជុំ​សភា​ និង​បញ្ហា​រៀប​ចំ​បោះ​ឆ្នោត​ជា​បញ្ហា​ដាច់​ដោយ​ឡែក​ពី​គ្នា។ លោក​បាន​ឲ្យដឹង​ថា ​បើ​មិន​មាន​ការ​រៀប​ចំបោះ​ឆ្នោត​ឡើង​វិញ​ឲ្យត្រឹម​ត្រូវ​ទេ ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​រួម​ប្រជុំ​សភា​ជា​ដាច់​ខាត។

លោក​និយាយ​ថា៖​ «យើង​មិន​ចូល​ប្រជុំ​សភា​ដាច់​ខាត ​ដរាប​ណា​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​ឡើង​វិញ​ មិនទាន់​បាន​ដោះ​ស្រាយ​នោះ»។​

ការ​ប្រកាស​របស់​លោក​សម រង្ស៊ី​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍ក្រោយ​នេះ​គ្រោង​នឹង​បន្ត​ពិភាក្សា​គ្នា​បន្ថែមទៀត​ពាក់​ព័ន្ធ​នឹង​យន្តការ​កំណែ​ទម្រង់ស្ថាប័ន​រៀប​ចំបោះ​ឆ្នោត។​

គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​ចេញ​នូវ​សំណើ​ចំនួន​៧​ចំណុច ដើម្បី​ជាដើម​ទុន​ក្នុង​ការ​ចរចាជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ​ក្នុង​ចំណោម​ចំណុច​ទាំង​៧ គណបក្ស​គូជម្លោះទាំងពីរ​បាន​យល់ព្រមគ្នា​លើក​ចំណុច​មួយ​ចំនួនហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ។

លោក​សុន ឆ័យ​ ប្រធាន​ក្រុម​ការងារ​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ មាន​ប្រសាសន៍​ថា ​នៅ​សល់​ពីរ​ចំណុចទៀត ​ដែល​គណបក្ស​សង្គ្រោះជាតិ​នឹង​លើក​យក​ទៅ​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃទី​១០​ខាង​មុខ​នេះ។​

លោក​បាន​ឲ្យដឹង​ថា​ ចំណុចទាំង​ពីរ​នោះ​ រួម​មាន​ការ​ទាមទារ​ឲ្យមាន​អព្យាក្រិត្យភាព​នៃ​មន្ត្រី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ទាមទារ​ឲ្យបោះ​ឆ្នោត​ឡើង​វិញ។​

លោក​និយាយ​ថា៖​ «ហើយ​បើ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​គឺ​ថា ​ពលរដ្ឋ​លោក​សុខ​ចិត្ត។ ​នេះ​ជាចំណុច​សំខាន់​ដើម្បី​រក​ផ្លូវ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា»។​

គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ​នឹង​រៀបចំ​សិក្ខាសាលា​ដើម្បី​ពិភាក្សា​ និង​ពិគ្រោះ​យោបល់​ស្តីពី​«ក្រមខណ្ឌ​និង​កំណែ​ទម្រង់កិច្ចការ​បោះ​ឆ្នោត»។

មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​លោក​សម រង្ស៊ី​ និង​លោក​កឹម សុខា​គ្រោង​នឹង​ចូល​រួម។​

លោក​ ឈាង វ៉ុន​ សមាជិក​ក្រុម​ការងារ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ឆ្លើយ​តប​ថា​ ការ​ទាមទារ​ឲ្យបោះ​ឆ្នោត​ឡើង​វិញ​មិន​គួរ​ត្រូវ​បាន​លើក​យក​មក​និយាយក្នុង​ដំណាក់​កាល​ដែល​គណបក្ស​ទាំង​ពីរ​កំពុង​តែ​បើក​ការ​ចរចា​នោះទេ។​ លោក​ឈាង វ៉ុន​បាន​ហៅ​ការ​ទាមទារ​ឲ្យបោះ​ឆ្នោត​ឡើង​វិញ​នេះ​ថា​ ជា​រឿង​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

កាលពី​ថ្ងៃ​ច័ន្ទ​ គណៈ​កម្មការ​ចម្រុះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សមាសភាព​ម្ខាងៗ​ចំនួន​៦រូប​ ​បាន​ព្រម​ព្រៀង​គ្នា​ចំនួន​បី​ចំណុច​ធំៗ​ទាក់​ទិន​នឹង​ការ​សិក្សា ​និង​រៀប​ចំក្រប​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។​

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​រួមគ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចែក​ជូន​ក្រុម​អ្នក​កាសែត​ បន្ទាប់​ពី​បញ្ចប់​ កិច្ច​ប្រជុំនោះ​ ​គណបក្ស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ថា​ នឹង​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ និង​បញ្ជីឈ្មោះ​អ្នក​បោះ​ឆ្នោត​ ដើម្បី​ធានា​និង​ការពារ​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​គ្រប់​រូប។​

គណបក្ស​ទាំង​ពីរ​ក៏​បាន​ឯក​ភាព​គ្នា​ថា ​នឹង​បង្កើត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ​ និង​ក្រប​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ផ្សេងៗ ​ដែល​មាន​ដូច​ជា៖​ ការ​កែទម្រង់​ស្ថាប័ន​រៀបចំ​បោះ​ឆ្នោត​ យន្តការ​នៃ​ការ​ដោះ​ស្រាយ​វិវាទ​នៃ​ការ​បោះឆ្នោត​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​និង​មធ្យោបាយ​ផ្សព្វផ្សាយ​សម្រាប់​គណបក្ស​នយោបាយ​ជាដើម៕
XS
SM
MD
LG