លោក ហ៊ូ ជីនតាវ (Hu Jintao) ប្រធានាធិបតីនៃប្រទេសចិន បានកោតសរសើរចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ជាមួយកោះតៃវ៉ាន់ ដោយហៅកិច្ចព្រមព្រៀងនេះថាជា «សមិទ្ធិផលដ៏មានសារៈសំខាន់»មួយ ក្នុងការធ្វើឲ្យទំនាក់ទំនងមានភាពល្អប្រសើរឡើងវិញរវាងគូប្រជែងគ្នា ដ៏យូរអង្វែងនេះ។ ក៏ប៉ុន្តែ ខណៈដែលវិស័យពាណិជ្ជកម្មរវាងភាគីទាំងពីរនេះរីកលូតលាស់ ក្រុមអ្នកវិភាគកត់សម្គាល់ឃើញថា ប្រទេសទាំងពីរនៅតែប្រឈមនឹងការខ្វែងគំនិតគ្នាផ្នែកនយោបាយ។ ហើយគេនៅមិនទាន់ដឹងច្បាស់ទេថា តើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនឹងអាចជួយរដ្ឋាភិបាលក្រុងប៉េកាំង (Peking) និងក្រុងតៃប៉ិ (Taipei) ឲ្យដោះស្រាយការខ្វែងគំនិតគ្នាផ្នែកនយោបាយនេះបានដែរឬទេនោះ។
ក្នុងអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទជាមួយប្រេសិតនៃកោះតៃវ៉ាន់ លោកប្រធានាធិបតីចិន ហ៊ូ ជីនតាវ បានសម្តែងនូវសេចក្តីសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលត្រូវបានចុះហត្ថលេខាកាលពីចុងខែមុន នឹងចូលជាធរមានបានឆាប់បំផុត ដែលអាចធ្វើទៅបាន ដើម្បីនាំយកនូវអ្វីដែលលោកហៅថាជា «ផលប្រយោជន៍យ៉ាងធំធេង» ទៅឲ្យភាគីទាំងពីរ។
ទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួរ Xinhua នៃប្រទេសចិន ដែលរដ្ឋកាន់កាប់ បានដកស្រង់សម្តីលោកហ៊ូ ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បានបង្ហាញថា គេអាចមានលទ្ធភាពនឹងរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាបន្ដិចម្ដងៗបាន។ បញ្ហាទាំងនោះ បានរារាំងដល់ការអភិវឌ្ឍន៍របស់ភាគីទាំងពីរ។
លោក ជូ ស៊ូឡុង (Chu Shulong) ជាអ្នកវិទ្យាសាស្រ្តនយោបាយ នៃសកលវិទ្យាល័យជីងវ៉ា (Tsinghua University) នៅទីក្រុងប៉េកាំង ។ លោកមានប្រសាសន៍ថា ក្នុងរយៈពេលយូរ កិច្ចព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្ដិការសេដ្ឋកិច្ច ឬ Economic Cooperation Framework Agreement ឬហៅកាត់ថា ECFA អាចត្រួសត្រាយផ្លូវសំរាប់ ធ្វើការចចារគ្នាអំពីបញ្ហារសើបផ្នែកនយោបាយ និងសន្តិសុខយោធា។ លោកជូនិយាយថា៖
«បើយើងអាចអនុវត្តកិច្ចព្រមព្រៀង ECFA បាន នោះយើងអាចមានទំនាក់ទំនងសេដ្ឋកិច្ចនិងសង្គមកិច្ច សំរាប់រយៈពេលយូរ និងប្រកបដោយស្ថេរភាពបាន ។ បន្ទាប់មកយើងអាចគិតអំពីការព្យាយាមបង្កើតក្របខ័ណ្ឌនយោបាយមួយ តាមរយៈការចចារនយោបាយ»។
លោកជូ ធ្វើអត្ថាធិប្បាយនេះ នៅវេទិកាមួយកាលពីពេលថ្មីៗនេះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ស្តីពីទំនាក់ទំនងរវាងកោះ តៃវ៉ាន់ និងប្រទេសចិន ដែលឧបត្ថម្ភដោយ អង្គការខាណេហ្គីដើម្បីសន្តិភាពអន្តរជាតិឬ Carnegie Endowment for International Peace។
លោកបន្ថែមទៀតថា ប្រទេសចិនយល់ថា កិច្ចការនេះ ជាបញ្ហារសើប និងលំបាក យ៉ាងខ្លាំងសំរាប់កោះតៃវ៉ាន់៖
«ខ្ញុំគិតថា ប្រទេសចិនដីគោក មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ថាតើ នៅពេលណាដែលគេអាចចាប់ផ្តើមធ្វើដំណើរការនោះ ដើម្បីឲ្យនយោបាយមានភាពប្រក្រតី ឬក៏ថា ពួកគេមិនទាំងដឹងផង ថាតើ ពួកគេអាចចាប់ផ្តើមធ្វើដំណើរការនោះ ដើម្បីឲ្យនយោបាយមានភាពប្រក្រតីបាន ឬមិនបាន»។
ប្រទេសចិន ចាត់ទុកកោះនេះ ថាជាផ្នែកមួយនៃដែនដីរបស់ខ្លួន។ កាលពីអតីតកាល ប្រទេសនេះ បានគម្រាមប្រើកម្លាំងដើម្បីសម្រេចគោលបំណងនោះឲ្យបានទទួលជោគជ័យ ។ ប្រទេសនេះ មានកាំជ្រួចផ្លោងចំនួនប្រមាណ ១ពាន់ ៣០០ ដើមដែលដាក់ប្រចាំការនៅទល់មុខកោះនេះ តាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។
ក៏ប៉ុន្តែ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិន បានផ្តោតការយកចិត្តទុកដាក់ ទៅលើវិធានការទន់ភ្លន់ជាងមុន ដូចជាការស្ថាបនា ទំនាក់ទំនងសេដ្ឋកិច្ចឲ្យកាន់តែជិតស្និទ្ធជាងមុនជាដើម។
ពាណិជ្ជកម្មទ្វេភាគី រវាងកោះតៃវ៉ាន់ និងប្រទេសចិន មានភាពរឹងមាំរួចស្រេចទៅហើយ ដែលមានចំនួន១១០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដោយមានទំនិញមានតម្លៃប្រមាណ៨០ពាន់លានដុល្លារ ហូរចូលទៅក្នុងប្រទេសចិន ហើយនឹងប្រមាណ៣០ពាន់លានដុល្លារ ទៅក្នុងកោះតៃវ៉ាន់។
បន្ទាប់ពីលោកប្រធានាធិបតី ម៉ា យ៉ីងជូ (Ma Ying-jeou) នៃកោះតៃវ៉ាន់ បានឡើងកាន់តំណែងនៅក្នុងឆ្នាំ២០០៨ កោះនេះ បានចាប់ផ្តើមជើងហោះហើរតាមផ្លូវអាកាសដោយផ្ទាល់ ព្រមទាំងទំនាក់ទំនងខាងការដឹកទំនិញទៅកាន់ប្រទេសចិនជាលើកដំបូងតាំងពីពេលជាង៦ទសវត្សរ៍កន្លងមកនេះ។
ក្រុមអ្នកវិភាគនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែមុន ជាកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏មានសារៈសំខាន់បំផុត ចាប់តាំងពីកោះ តៃវ៉ាន់ និងប្រទេសចិនបែងចែកគ្នា ។ នៅពេលនោះពួកកុម្មុយនីស្ត បានឡើងកាន់អំណាចនៅក្នុងទីក្រុងប៉េកាំង ក្នុងឆ្នាំ១៩៤៩។
កិច្ចព្រមព្រៀង ECFA នឹងបញ្ចប់ការយកពន្ធលើផលិតផលរាប់រយប្រភេទ ដែលជាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់(Taiwan Strait)។ កិច្ចព្រមព្រៀងនេះក៏នឹងអនុញ្ញាតផងដែរឲ្យក្រុមហ៊ុនតៃវ៉ាន់ ធ្វើវិនិយោគនៅក្នុងវិស័យសេវាកម្មរបស់ប្រទេសចិន ដោយរាប់បញ្ចូលទាំងកិច្ចការធនាគារ គណនេយ្យ ការធានារ៉ាប់រ៉ង និងមន្ទីរពេទ្យ ៕
ប្រែសម្រួលដោយលីសុខឃាង